ផលិតករថៃថតរឿង «នាងនាថបាត់ដំបង»

លោក ណារ៉ុត ប៊ុនថាំ ប្រធានផលិតភាព​យន្តមកពីប្រទេសថៃនិងកញ្ញា នី មុន្នីនាថ (ដោយ វង្ស សុម៉ាលីន)

កាលពីថ្ងៃទី២២ ខែមិថុនា ផលិតករថៃដែលត្រូវគេដឹងថាជាផលិតករមកពីទីក្រុងបាងកកនិងជាអ្នកផលិតរឿងអោយប៉ុស្ដិ៍លេខ៥ បានអះអាងថាខ្លួននឹងថតរឿង «នាងនាថបាត់ដំបង» ដោយធ្វើអោយផ្អើលដូចគ្នានឹងរឿង «ភីម៉ាត» ដែលត្រូវមហាជនខ្មែរទទួលស្គាល់ថាកក្រើកក្នុងពេលដាក់បញ្ចាំងរោងនោះ។

ខ្សែរឿងថ្មីនេះនឹងត្រូវចេញថតមិនហួសពីអំឡុងខែកក្កដានោះឡើយ។ លោក ណារ៉ុត ប៊ុនថាំ ប្រធានផលិតភាពយន្តមកពីប្រទេសថៃបានអះអាងថា ដោយសារតែប្រវត្តិសាស្រ្តថៃនិងកម្ពុជាសុទ្ធតែមានរឿងព្រេងពាក់ព័ន្ធនឹងនាងនាថដូចគ្នា ទើបខាងផលិតករថៃនិងប៉ុស្ដិ៍លេខ៥សម្រេចផលិតរឿង «នាងនាថបាត់ដំបង» ជាប្រភេទរឿងភាគដើម្បីតម្រូវទីផ្សារ។

លោកថានៅទីក្រុងបាងកករូបសំណាកនាងនាថត្រូវបានប្រជាជនថៃគោរពមិនខុសពីរូបសំណាកលោកយាយម៉ៅនៅកម្ពុជានោះទេ ហើយដោយយល់ឃើញថានៅខេត្តបាត់ដំបងក៏មានប្រវត្តិនាថស្រដៀងគ្នានឹងរឿងព្រេងរបស់នាងណាតថៃផង ទើបលោកសម្រេចចិត្តដឹកនាំផលិតរឿងនេះអោយមានការដឹងឮតែម្ដង។

លោកឲ្យដឹងទៀតថាខ្លួនជ្រើសយក នី មុន្នីនាថ ធ្វើជាតួឯក ដោយកាលពីថ្ងៃទី១៧ ខែមិថុនាក៏បានយក នី មុន្នីនាថ ទៅសុំពរជ័យពីម៉ែណាតរបស់ប្រទេសថៃ ដើម្បីអោយការថតរឿង «នាងនាថបាត់ដំបង» ទទួលបានជោគជ័យនោះផង។ លោកថានាងនាថបាត់ដំបងនិងនាងណាតរបស់ថៃគឺមានសាច់រឿងមិនឆ្ងាយខុសគ្នានោះទេ ហើយរឿងមួយនេះក៏ត្រូវបានប្រជាជនទាំងពីរចូលចិត្តទស្សនាតាំងពីណាពីណីមកផងដែរ។

លោកគ្រោងបោះទុនចេញថតរឿងនេះក្នុងទំហំទឹកប្រាក់ច្រើនដោយសារតែរឿង «នាងនាថបាត់ដំបង» ជាប្រភេទរឿងបុរាណដែលត្រូវការចំណាយលើដេគ័រថ្មីច្រើន។ ក្នុងនោះលោកក៏នឹងធ្វើអោយរឿងមួយនេះក្លាយជាប្រភេទរឿងខ្មោចដែលមានឈុតឆាកកំប្លុកកំប្លែងមិនខុសគ្នាពីរឿង «ភីម៉ាត» ដែលជារឿងល្បីល្បាញរបស់ថៃនោះផង។

លោកនិយាយថា៖ “រឿងនាងនាថបាត់ដំបង យើងនឹងធ្វើជាប្រភេទរឿងខ្មោចបែបសំណើចអោយខ្លាំងដូចរឿងភីម៉ាតចឹង ដោយរឿងទាំងពីរខុសគ្នាតែត្រង់ «នាងនាថបាត់ដំបង» តារាខ្មែរសម្ដែងទាំងអស់និងជាប្រភេទរឿងភាគសម្រាប់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ“។

កញ្ញា នី មុន្នីនាថ ដែលបានទទួលកុងត្រាសម្ដែងរឿងនេះបានអះអាងថាខ្សែរឿង «នាងនាថបាត់ដំបង» នឹងចេញថតចំនួន៣ខែនៅក្នងទឹកដីខេត្តបាត់ដំបងនិងទីតាំងសំខាន់ៗបែបបុរាណនៅក្នុងប្រទេសកម្ពុជាជាច្រើនកន្លែងទៀត ដោយតាមគម្រោងគឺរឿងចេញថតនេះគឺផ្ដោតទៅលើប្រវត្តិរបស់នាងនាថនៅខេត្តបាត់ដំបងរបស់ខ្មែរទាំងស្រុង ដោយមិនមែនជារឿងប្រភេទនាងណាតនៅក្នុងប្រទេសថៃនោះឡើយ។

កញ្ញា នី មុន្នីនាថ ជាមួយក្រុមផលិត (ដោយ វង្ស សុម៉ាលីន)
កញ្ញា នី មុន្នីនាថ ជាមួយក្រុមផលិត (ដោយ វង្ស សុម៉ាលីន)

កញ្ញាថាមួយរឿងដែលនឹងត្រៀមចេញថតនៅអំឡុងខែកក្កដានោះ ត្រូវបានផលិតករនិងប៉ុស្ដិ៍លេខ៥រៀបចំអោយតួហ្វឹកហាត់សម្រាប់ឈុតឆាកជាបណ្ដើរៗមួយចំនួនខ្លះហើយ បន្ទាប់ពីបានសុំពរម៉ែណាតនៅក្នុងប្រទេសថៃ ដើម្បីអោយបានជោគជ័យ។ កញ្ញាថា ក្រៅពីសុំពរជ័យពីម៉ែណាតរបស់ថៃ កញ្ញាក៏បានបួងសួងសុំពរជ័យពីវិញ្ញាណនាងនាថនៅខេត្តបាត់ដំបងក្នុងពេលតែមួយផងដែរ។

កញ្ញាបានបង្ហាញអារម្មណ៍ប្លែកចិត្តដែលកញ្ញាគឺជាតារាសម្ដែងឈ្មោះនាថស្រាប់ហើយ ប៉ុន្តែត្រូវបានផលិតករថៃផ្ដល់តំណែងអោយសម្ដែងក្នុងរឿងនាងនាថ ដែលជារឿងព្រេងនិទានដ៏ល្បីរបស់ពលរដ្ឋនៅខេត្តបាត់ដំបងនោះទៅទៀត។

កញ្ញាថារឿងនេះក្រោយពេលថតចប់នឹងរំពឹងថាជោគជ័យខ្លាំង ដោយសារតែខ្សែរឿងនេះមានការចាប់អារម្មណ៍រួចហើយក្នុងស្រទាប់មហាជន។ កញ្ញានិយាយថា៖ “តាមបងៗ(ផលិតករថៃ)គាត់ប្រាប់ថារឿងហ្នឹងចេញថតនៅឆាប់ៗហ្នឹង តែមិនទាន់ដឹងថ្ងៃណាទេ ដោយសារតែគាត់ត្រូវរៀបចំប្លង់អីខ្លះថែមទៀត ដើម្បីសម្រុកចេញថតអោយបានរួចរាល់ត្រឹមរយៈពេល៣ខែ”។

ការប្រកាសចេញថតរឿង «នាងនាថបាត់ដំបង» ដោយផលិតករថៃត្រូវបានមហាជនចាប់អារម្មណ៍ បន្ទាប់ពីខ្សែរឿងជាច្រើនដែលក្រុមផលិតករថៃដំណើរការផលិតត្រូវគេឃើញទទួលបានការចាប់អារម្មណ៍ក្នុងពេលដាក់បញ្ចាំងបណ្ដើរៗនៅលើប៉ុស្ដិ៍លេខ៥។ លោក ណារ៉ុត ប៉ុនថាំ បានអះអាងថាខ្សែរឿងនាងនាថបាត់ដំបងនឹងដាក់ថ្ងៃថតបន្ទាប់ពីរឿង «ក្រមុំកូនលោកមេឃុំ» និងរឿង «ហង្សបាក់ស្លាប» ដែលទើបប្រកាសឡើងចេញថតបានយ៉ាងហោច២០ទៅ៣០ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ