ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ បានដង្ហែក្បួនជួបជុំគ្នារបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេស នៅថ្ងៃនេះ ដោយបានអំពាវនាវដល់គណបក្សដែលនឹងឈ្នះការបោះឆ្នោតនៅថ្ងៃទី២ ខែកក្កដាខាងមុខនេះ ប្រញាប់បង្កើតច្បាប់សម្រាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍របស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានគាំទ្រចំពោះអាពាហ៍ពិពាហ៍ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងសន្យាទៅមហាជនថានឹងបង្កើតច្បាប់សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា នៅមុនបំណាច់ឆ្នាំ២០១៦នេះ។
ប៉ុន្តែ គណបក្សការងារ ដែលជាបក្សប្រឆាំងនៅអូស្ត្រាលី បានសន្យាថានឹងដាក់ច្បាប់មួយទៅសភានៅក្នុងរយៈពេល ១០០ថ្ងៃ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។
ក្រុមបាតុករនៅទីក្រុងស៊ីដនី មែលប៊ន ប្រ៊ីបេន និងភើត បានដើរជាក្បួនកាន់ទង់ពណ៌ឥន្ធនូ និងស្លាកសរសេរថា«សមភាពនាពេលបច្ចុប្បន្ន»៕