អគ្គលេខាធិការUNអំពាវនាវ​ឲ្យបក្ស​ទាំងពីរ​ចរចា ខណៈព្រួយបារម្ភស្ថានការណ៍នយោបាយនៅកម្ពុជា

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (រូបភាពពី Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ។ ការិយាល័យអ្នកនាំពាក្យបានដកស្រង់ខឹ្លមសារនៃកិច្ចសន្ទនានោះផ្សព្វផ្សាយនៅលើវេបសាយរបស់ខ្លួនថាអគ្គលេខាធិការ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។ លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី អះអាងថាលោកមិនទាន់បានដឹងពីការសន្ទនារវាងលោករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នេះនៅឡើយ។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការបង្ហាញពីក្តីបារម្ភរបស់លោក បាន គីមូន គឺជាសិទ្ធិរបស់លោកក្នុងនាមជាអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ តែលោកថាស្ថានភាពនយោបាយនៅកម្ពុជាមិនដូចការបារម្ភរបស់លោក បាន គីមូន នោះទេ។

លោកបន្ថែមថា៖ “បាទ! ចំពោះសភាពការណ៍របស់កម្ពុជាជារឿងមួយ ការសម្តែងការព្រួយបារម្ភរបស់គាត់ហ្នឹងវាជាការមើលពីចម្ងាយវាមិនបានផ្សារភ្ជាប់ពីទិដ្ឋភាពសង្គមពិតប្រាកដនោះទេ…ទីពីរគាត់ចង់ឲ្យមានការពិភាក្សាគ្នា មិនដឹងជាពិភាក្សាដោះស្រាយបញ្ហាយ៉ាងម៉េចសុទ្ធតែជាអ្នកប្រព្រឹត្តិល្មើសច្បាប់ ហើយបើដោះស្រាយមិនឲ្យជាប់ពន្ធនាគារឬការចោទប្រកាន់ គឺមានន័យថាយកវប្បធម៌និទណ្ឌភាពមកដាក់ជំនួសនីតិរដ្ឋហើយបាទ

លោក សុខ ឥសាន ឲ្យដឹងដែរថាក្រុមការងាររបស់គណបក្សទាំងពីរអាចនឹងមានការជួបចរចារគ្នា តែលោកថាមិនទាន់ដឹងពីកាលបរិច្ឆេទនិងប្រធានបទដែលត្រូវចរចានោះនៅឡើយទេ។

ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សាទរចំពោះអ្វីដែលលោក បាន គីមូន លើកឡើងនេះ ដោយថាគណបក្សប្រឆាំងជាគណបក្សរងគ្រោះចំពោះស្ថានការណ៍នយោបាយសព្វថ្ងៃនេះ។ លោកបន្ថែមថា៖ “ចំពោះពួកយើងដែលជាគណបក្សប្រឆាំងដែលកំពុងតែរងគ្រោះហ្នឹងយើងបារម្ភមែនទែន ហើយយើងចង់ដោះស្រាយធ្វើយ៉ាងណាឲ្យស្ថានការណ៍វិលទៅរកភាពដើមវិញ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ហ្នឹងវាប្រព្រឹត្តិទៅដោយសេរីនឹងយុត្តិធម៌

លោក អេង ឆៃអ៊ាង ឲ្យដឹងដែរថា រហូតមកដល់ពេលនេះគណបក្សប្រឆាំងមិនទាន់បានទទួលការឆ្លើយតបណាមួយពីគណបក្សកាន់អំណាចចំពោះសំណើសុំចរចានៅឡើយទេ។

ទន្ទឹមនឹងការបង្ហាញកង្វល់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នេះ សភាសហគមន៍អឺរ៉ុប កាលពីម្សិលមិញក៏បានចេញសេចក្តីសម្រេចរបស់ខ្លួនមួយដោយបានបង្ហាញកង្វល់របស់ខ្លួនផងដែរដោយថា ស្ថានការណ៍កាន់តែអាក្រក់ចំពោះគណបក្សប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស។ ស្ថាប័នមួយនេះក៏បានថ្កោលទោសចំពោះអំពើហិង្សា ការឃុំខ្លួន ការចោទប្រកាន់ និងការកាត់ទោសចំពោះអ្នកទាំងនេះ។

សភាសហគមន៍អឺរ៉ុបក៏អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សនេះ។ ជាមួយគ្នានេះដែរ សភាសហគមន៍អឺរ៉ុបក៏អំពាវនាវឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សសមាគមការពារសិទ្ធិមនុស្សអាដហុកបួនរូបនិងអគ្គលេខាធិការរង គ.ជ.ប មួយរូបផងដែរ។ មិនត្រឹមតែប៉ុណ្ណេះសភាសហគមអឺរ៉ុបក៏បានអំពាវនាវឲ្យអាជ្ញាធរទម្លាក់បទចោទប្រឆាំងសមាជិក គ.ជ.ប លោក រ៉ុង ឈុន ផងដែរ។
កាលពីថ្ងៃទី១៩ ខែឧសភា គណបក្សប្រឆាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីធានានូវសុវត្ថិភាពតំណាងរាស្រ្តបក្សប្រឆាំងនិងជួយឲ្យមានស្ថិរភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨។ គណបក្សប្រឆាំងក៏បានលើកឡើងថារដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យសមាជិកបក្សប្រឆាំងផងដែរ។

រហូតមកដល់ពេលនេះ សញ្ញានៃការចរចារវាងបក្សទាំងពីរមិនទាន់មាននៅឡើយទេ ខណៈបក្សប្រឆាំងបានអំពាវនាវឲ្យមានការចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន។

ទោះជាយ៉ាងណា កាលពីថ្ងៃទី៧ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្ថានភាពនយោបាយនៅកម្ពុជាមិនមានវិបត្តិដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ លោកក៏ធ្លាប់អំពាវនាវកុំឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនប្រធានស្តីទីបក្សប្រឆាំង លោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា។

សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើលោក កឹម សុខា។ ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថាអង្គទូតទាំងនោះមិនយល់ពីការអនុវត្តច្បាប់នៅកម្ពុជា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕ ដោយលោក ស៊ុន ណារិន និងលោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ