ករណីតារាចម្រៀង វ៉ាន់ នីឡា ឈានដល់ការធ្វើញត្តិថ្កោលទោស

កញ្ញា វ៉ាន់ នីឡា (រូបភាពពីហ្វេសប៊ុក កញ្ញា វ៉ាន់ នីឡា)

ព័ត៌មានផ្លូវការពីក្រុមតារាសិល្បៈជាពិសេសពីខាងសមាគមសិល្បករខ្មែរបានអះអាងថាស្នាមមេដៃជាង៣០០មេដៃគិតត្រឹមល្ងាចថ្ងៃសៅរ៍ទី២៤ ខែមិថុនា ត្រូវបានតារាសិល្បៈរួមមានទាំងក្រុមផលិតករនិងអ្នកគាំទ្រផ្ដិតលើញត្តិមួយដើម្បីថ្កោលទោសដល់ជនអនាមិកដែលបានបង្ហោះរូបស្រាតជាច្រើនសន្លឹកដែលត្រូវបានគេទម្លាយថាជារបស់តារាចម្រៀង វ៉ាន់ នីឡា។

ញត្តិនេះនឹងត្រូវប្រគល់ជូនក្រសួងវប្បធម៌និងក្រសួងព័ត៌មាននៅដើមសប្ដាហ៍ខាងមុខ គឺបន្ទាប់ពីការប្រមូលស្នាមមេដៃរបស់តារាសិល្បៈត្រូវបានបញ្ចប់។ លោក រដ្ឋ តារា ស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» និងជាអ្នកផ្ដើមអោយមានញត្តិនេះបានថ្លែងប្រាប់ថា តារាសិល្បៈទាំងអស់ក្នុងក្រុម «គ្រួសារតារាកម្ពុជា» និងលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានពិភាក្សាគ្នានិងសម្រេចធ្វើញត្តិថ្កោលទោសករណីនេះ។

លោកថាញត្តិនេះគឺមានខ្លឹមសារទទូចអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងស្ថាប័នពាក់ព័ន្ធជំរុញអោយមានចំណាត់ការផ្លូវច្បាប់លើអ្នកបង្ហោះរូប ដើម្បីទប់ស្កាត់កុំអោយមានការបង្ហោះរូបប្រភេទអនាចារបែបនេះកើតឡើងទៅលើតារាសិល្បៈជាថ្មី។

លោកបន្ថែមថាស្នាមមេដៃដែលផ្ដិតរួចរាល់គឺបានកើនដល់ដល់ចំនួន៣៤៨មេដៃហើយគិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ដែលគម្រោងនឹងមានអ្នកចូលរួមផ្ដិតមេដៃច្រើនទៀត ទម្រាំដល់ថ្ងៃត្រូវយកទៅប្រគល់អោយក្រសួងទាំងពីរ។

ញត្តិនិងស្នាមមេដៃសម្រាប់ប្រគល់ជូនក្រសួងវប្បធម៌ (ដោយ វង្ស សុម៉ាលីន)
ញត្តិនិងស្នាមមេដៃសម្រាប់ប្រគល់ជូនក្រសួងវប្បធម៌ (ដោយ វង្ស សុម៉ាលីន)

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថាជារឿងភ្ញាក់ផ្អើលដែលតារាសិល្បៈនិងអ្នកគាំទ្រក្នុងចំនួនរហូតដល់រាប់រយនាក់បានឈឺឆ្អាលគ្នាលើករណីរបស់តារាសិល្បៈដែលបានរងគ្រោះពីការបំផ្លាញកិត្តិយសដោយជនអនាមិក។ លោកបញ្ជាក់ថាអ្នកបង្ហោះគឺមានចេតនាបន្ទាបបន្ថោកតម្លៃវប្បធម៌និងសីលធម៌សង្គមរបស់ខ្មែរ ដែលក្នុងនាមតារាសិល្បៈត្រូវតែធ្វើការថ្កោលទោស។

លោកថាញត្តិដែលបានធ្វើឡើងនឹងយកប្រគល់ជូនក្រសួងវប្បធម៌នៅអំឡុងថ្ងៃចន្ទឬថ្ងៃអង្គារដើមសប្ដាហ៍ក្រោយ។ ប៉ុន្តែមិនទាន់ច្បាស់ពេលវេលានៅឡើយទេ បន្ទាប់ពីក្រសួងវប្បធម៌និងតារាសិល្បៈនៅមិនទាន់ឯកភាពលើចំណុចខ្លះ។ ដោយឡែកសម្រាប់ក្រសួងព័ត៌មានវិញ តារាសិល្បៈទាំងអស់មិនទាន់កំណត់ថ្ងៃយកទៅទេ។ លោកនិយាយថា៖ “រឿងហ្នឹងវាអត់ពាក់ព័ន្ធនឹងនយោបាយទេ ចឹងខ្ញុំសោកស្ដាយដែលក្រសួងគាត់អោយយើងយក(ញត្តិ)ទៅនៅ៤-៥នាក់ ហើយយើងចង់ទៅច្រើននាក់ដោយសារតែយើងគ្រាន់តែចង់ជួបជុំគ្នាប្រគល់ញត្តិជូនដល់ក្រសួងប៉ុណ្ណោះ!”។

គោលបំណងក្នុងការប្រគល់ញត្តិ លោកថាចង់អោយក្រសួងជួយជំរុញផ្លូវច្បាប់ក្នុងការស្វែងរកអោយឃើញនូវជនអនាមិក ព្រោះបើករណីលើកនេះនៅតែមានលទ្ធផលគឺមានន័យថានឹងមានជនអនាមិកច្រើនទៀតធ្វើអោយអាប់អោនដល់តម្លៃសង្គមនៅពេលក្រោយ។ លោកទទូចសុំអោយក្រសួងបើកចិត្តទូលាយក្នុងថ្ងៃប្រគល់ញត្តិដោយសារតែភាពជាក់ស្ដែងគឺតារាសិល្បៈគ្រាន់តែចង់ជុំគ្នាបង្ហាញទឹកចិត្តជួយគ្នាក្នុងពេលតារាសិល្បៈគ្នាឯងមានរឿងអយុត្តិធម៌។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាតារាសិល្បៈមិនគួរនាំគ្នាគិតគូរនូវរឿងដ៏តូចនេះទេ ដោយសារតែបញ្ហានេះវាកើតមានច្រើនមិនមែនតែរឿងរបស់ វ៉ាន់ នីឡា ម្នាក់។ លោកថាក្រសួងនឹងទទួលយកញត្តិនោះ ប៉ុន្តែលោកនៅតែបន្តកំណត់មិនអោយតារាសិល្បៈយកញត្តិទៅប្រគល់អោយក្រសួងច្រើនគ្នានោះទេ ដើម្បីកុំអោយគេមើលមកដូចជាទៅបង្កចលាចល។

លោកថាតារាសិល្បៈគួរតែចាត់តំណាងរបស់ខ្លួនត្រឹមតែ៣-៤នាក់ ហើយមកសំណេះសំណាលក្នុងពេលប្រគល់ញត្តិទើបជារឿងសមស្រប។ ជាមួយគ្នានោះ លោកក៏បានប្រកាសថាថ្វីដ្បិតតែទទួលយកញត្តិ តែក្រសួងមិនទាន់ច្បាស់ថានឹងមានចំណាត់ការជួយអ្វីដល់កញ្ញា វ៉ាន់ នីឡា នៅឡើយទេ ដោយលោកទទូចអោយនាងស្វះស្វែងតាមផ្លូវច្បាប់វិញ។

លោកមេធាវី សុក សំអឿន បានអះអាងថាក្រសួងវប្បធម៌មិនខុសនោះទេ ប្រសិនបើក្រសួងដោះស្រាយឬមិនដោះស្រាយលើបញ្ហាញត្តិដែលតារាសិល្បៈប្រគល់ជូន។ ប៉ុន្តែលោកថាក្នុងនាមជាឪពុកជាម្ដាយរបស់តារាសិល្បៈ នៅពេលតារាសិល្បៈរងភាពអយុត្តិធម៌គឺក្រសួងចាំបាច់ត្រូវតែសម្ដែងប្រតិកម្មតាំងពីមុនមានការធ្វើញត្តិទៅទៀត ដើម្បីបង្ហាញថារាល់បុគ្គលដែលធ្វើប៉ះពាល់ដល់តម្លៃវប្បធម៌និងសិល្បៈត្រូវតែថ្កោលទោស។ លោកថាក្រសួងមានសិទ្ធិគ្រប់គ្រាន់ ប្រសិនបើចង់ជំរុញផ្លូវច្បាប់លើករណីនេះ។

កញ្ញា វ៉ាន់ នីឡា បានអះអាងថាមកទល់ពេលនេះពាក្យបណ្ដឹងរបស់នាងស្ថិតក្នុងដៃសមត្ថកិច្ច ប៉ុន្តែចំពោះលទ្ធផលគឺនាងក៏មិនទាន់បានដឹងដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ