បទយកការណ៍៖ ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ​នៅ​ខណ្ឌមាន​ជ័យ​បារម្ភថា​ម្ចាស់ដី​មិន​បន្តជួល​ដីឲ្យ

បុរសម្នាក់កំពុងដើរកាត់កន្លែងដែលអគ្គិភ័យបានឆាបឆេះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦

ស័ង្គសីដែលប្រឡាក់ដោយផ្សែងខ្មៅជាច្រើនសន្លឹកត្រូវបានប្រជាពលរដ្ឋក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ប្រមូលដាក់ដោយដុំៗនៅលើដីមួយកន្លែងដែលពីមុនមានសំណង់ផ្ទះធ្វើពីឈើប្រក់ស័ង្គសីជាង៣០ខ្នង។ ទោះយ៉ាងណាសំណង់ផ្ទះទាំងនេះត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

ផ្ទះចំនួន៣៣ខ្នងត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុងនិងធ្វើឲ្យប្រជាពលរដ្ឋ៦៥គ្រួសារក្នុងភូមិមួយនេះមិនមានជម្រក។ ទន្ទឹមនឹងបញ្ហាខ្វះជម្រកនិងអាហារបរិភោគ អ្នកទាំងនោះក៏នៅមានកង្វល់មួយទៀតដោយមិនដឹងថាម្ចាស់ដីព្រមបន្តជួលដីឲ្យពួកគាត់រស់នៅតទៅទៀតឬយ៉ាងណា។

វ័យ៤០ឆ្នាំ ស្រ្តីមេមាយ អ្នកស្រី ព្រឿង យឿន ដែលកំពុងចងតង់សម្រាប់បិទបាំងកម្តៅថ្ងៃនិងភ្លៀងមានប្រសាសន៍ថា គាត់មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែងនិងបានមកប្រកបរបររើសអេតចាយក្នុងរាជធានីភ្នំពេញ១៥ឆ្នាំមកហើយ។ អ្នកស្រីរៀបរាប់ទៀតថា អ្នកស្រីនិងអ្នកភូមិផ្សេងទៀតបានជួលដីនេះរស់នៅមិនតិចជាង១០ឆ្នាំនោះទេ ហើយអ្នកទាំងនោះសុទ្ធតែជាអ្នកប្រកបរបររើសអេតចាយ។

ស្រ្តីដដែលបន្តថា អ្នកស្រីគ្មានសេសសល់អ្វីទៀតទេដោយថាភ្លើងបានបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងអ្នកស្រីអស់គ្មានសល់។ អ្នកស្រីរៀបរាប់ថា៖ “រកតែប៉ោតមួយដងទឹកចូលបន្ទប់គ្មានផង គ្រាន់តែស្លាបព្រាមួយចានមួយគ្មានផង មិនដឹងរត់រកអ្វី តែម្នាក់ឯង…ឆេះអស់រលីងខ្ញុំគ្មានសល់អ្វីទេ សល់ស័ង្គសីមួយសន្លឹកគត់ខ្ញុំឲ្យគេហ្មងទៅ ឆេះអស់រលីងព្រោះផ្ទះយើងពុកផង

អ្នកស្រី ព្រឿង យឿន និងអ្នកជិតខាងកំពុងចងតង់សម្រាប់ស្នាក់នៅ
អ្នកស្រី ព្រឿង យឿន និងអ្នកជិតខាងកំពុងចងតង់សម្រាប់ស្នាក់នៅ

ទន្ទឹមនឹងបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិនេះ អ្នកស្រី ព្រឿង យឿន ថាពួកគាត់កំពុងបារម្ភថាម្ចាស់ដីអាចមិនបន្តជួលដីឲ្យពួកគាត់ស្នាក់នៅតទៅទៀត។ អ្នកស្រីថា អ្នកស្រីរកចំណូលពីការរើសអេតចាយបានពី១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលអ្នកស្រីថាអ្នកស្រីគ្មានលទ្ធភាពទៅជួលបន្ទប់ស្នាក់នៅនោះទេ។ អ្នកស្រីថាសព្វថ្ងៃអ្នកស្រីបង់ថ្លៃជួលដីចំនួន៦ម៉ឺនរៀលក្នុងមួយខែនិងថាមានកន្លែងទុកដាក់សម្ភារអេតចាយរបស់អ្នកស្រីបានស្រួលផងដែរ។

អ្នកស្រីបន្ថែមថា៖ “ជួលផ្ទះគេនៅវាពិបាក យើងរកអេតចាយមិនដឹកយកទៅដាក់នៅត្រង់ណាអីត្រង់ណី។ បាននៅទីនេះទៅមានកន្លែងដាក់អេតចាយណា…បើនៅផ្ទះជួលបន្ទប់ជួលបានតែមួយតួខ្លួនហ្នឹង គ្រែមួយហ្នឹងថ្លៃដប់-ម្ភៃ-សាមសិបរៀល(ដុល្លារ)រកអីហូបបាន…ចេះតែធ្វើតង់នៅហ្នឹងមិនដឹងគេថាឲ្យនៅឬយ៉ាងម៉េចមិនដឹងម្ចាស់ដីគេឆ្លើយយ៉ាងម៉េច…គេអត់ទាន់និយាយថាម៉េច មិនទាន់ដឹងថាគេដេញយើងឬយ៉ាងម៉េចបានគាត់ឲ្យនៅខ្ញុំអរណាស់

ស្ត្រីម្នាក់ទៀតកំពុងអង្គុយក្រោមដំបូលប្រក់តង់បីចៅនៅក្នុងដៃផងនោះ អ្នកស្រី ហម ចិន្តា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានវិអូឌីថា អ្នកស្រីសម្រាកក្នុងតង់មួយនេះជាមួយសមាជិកគ្រួសារ៦នាក់។ អ្នកស្រីថាក្រុមគ្រួសារអ្នកស្រីប្រកបរបររើសអេតចាយទាំងអស់គ្នានិងថាចំណូលមិនទៀតទាត់នោះទេគឺថាអាចបាន២ម៉ឺនរៀលឬក៏៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកស្រីថា អ្នកស្រីនិងក្រុមគ្រួសារបានចេញពីស្រុកកំណើតក្នុងខេត្តព្រៃវែងមកប្រកបរបររើសអេតចាយនេះ១០ឆ្នាំមកហើយ។

អ្នកស្រីបន្តថាអគ្គិភ័យបានបំផ្លាញទាំងស្រុងនូវផ្ទះទំហំ៣ម៉ែត្រកន្លះគុណ៤ម៉ែត្ររបស់ក្រុមគ្រួសារអ្នកស្រី។ អ្នកស្រីបន្តថាទន្ទឹមនឹងកង្វល់ពីការខ្វះជម្រកនិងស្បៀងអាហារ អ្នកស្រីក៏បានបារម្ភពីភាពមិនច្បាស់លាស់ថា តើម្ចាស់ដីព្រមបន្តជួលដីឲ្យពួកអ្នកស្រីរស់នៅទៀតឬយ៉ាងណា។

អ្នកស្រីបន្ថែមថា៖ មិនដឹងយ៉ាងម៉េចទេលោកគ្រូអើយ ចាំមើលគេទៅ បើគេឲ្យនៅទៀតក៏នៅទៅ យើងដាក់គេចង(ចងការប្រាក់)គេធ្វើផ្ទះនៅទៅ…ដូចជាជីវិតថ្មីអ៊ីចឹងមានស្អីទៀតភ្លើងឆេះផ្ទះអស់ហើយ…មិនដឹងយ៉ាងម៉េចទេ ចេះតែទ្រាំនៅទៅ…ខ្ញុំគ្មានទេអស់រលីងពីខ្លួន ចាំមើលបើគេឲ្យនៅចង់បានតែឈើស័ង្គសីអីធ្វើផ្ទះ

អ្នករងគ្រោះដោយសារភ្លើងឆេះបានសំណូមពរឲ្យអាជ្ញាធរនិងអង្គការនានាជួយពួកគាត់ឲ្យបានរស់នៅលើដីនេះវិញនិងស្នើសុំឲ្យមានការជួយជាឈើនិងស័ង្គសីសម្រាប់ឲ្យពួកគាត់អាចសង់ផ្ទះសម្រាប់ជ្រកកោនវិញបាន។

ទាក់ទងនឹងក្តីបារម្ភពីភាពមិនច្បាស់លាស់ចំពោះការជួលដីនេះ លោក គុយ ច័ន្ទកុមារ ដែលជាម្ចាស់ដីប្រាប់អ្នកសារព័ត៌មានវីអូឌីថាលោកកំពុងពិចារណាថា តើលោកនឹងបន្តជួលដីឲ្យអ្នកទាំងនោះទៀតឬយ៉ាងណា។ លោកមានប្រសាសន៍ទៀតថាមានប្រជាពលរដ្ឋនៅជុំវិញកន្លែងនេះបានរអ៊ូទាំងពីបញ្ហាផ្សែងដែលកើតចេញពីការដុតស្ពាន់របស់អ្នករើសអេតចាតទាំងនេះដែលលោកថាអ្នកទាំងនោះទំនងជាមិនចង់ឲ្យលោកជួលដីឲ្យប្រជាពលរដ្ឋនេះតទៅទៀតទេ។

លោកបន្ថែមថា៖ “អ្នកជិតខាងបានប្រាប់ខ្ញុំថាអ្នករស់នៅម្ដុំហ្នឹងដុតស្ពាន់ហុយផ្សែង ប៉ះពាល់ដល់គេ អ្នកខ្លះហិតកាវ ខ្លះទៀតមានករណីលួច ប្លន់…ចំពោះការជួលផ្ទះ(ដី)ឲ្យវិញ បើគិតជាភាគរយគឺចំនួន៤០ភាគរយគឺចង់ជួលឲ្យវិញ ហើយមិនចង់ជួលឲ្យមាន៦០ភាគរយ។ ខ្ញុំនៅមិនច្បាស់ទេចាំគិតមើលទៀតសិន

ទាក់ទងនឹងការឆេះផ្ទះប្រជាពលរដ្ឋនេះវិញ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី មានប្រសាសន៍ក្នុងពិធីចែកអំណោយរបស់កាកបាតក្រហមដល់អ្នករងគ្រោះនោះថា អាជ្ញាធរមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការឆេះនេះនៅឡើយទេនិងលោកថាអាជ្ញាធរកំពុងស្រាវជ្រាវពីបញ្ហានេះ។

លោកបន្ថែមថា៖ គឺមានការសោកស្តាយយ៉ាងពន់ពេកចំពោះប្រជាពលរដ្ឋយើងដែលរងគ្រោះដោយអគ្គិភ័យនេះទាំងរូបខ្ញុំក្តី ទាំងបងប្អូនផ្សេងទៀតក្តី ខ្ញុំជឿជាក់ថាមិនចង់ឲ្យមានគ្រោះនេះកើតឡើងទេ…មូលហេតុដែលកើតអគ្គិភ័យនេះ ឥឡូវនេះតាមព័ត៌មានដែលយើងបានទទួលថាកើតចេញពីផ្ទះមួយ យើងកំពុងឲ្យចៅសង្កាត់និងមេប៉ុស្តិ៍ធ្វើការ(រក)មូលហេតុថាបង្កឡើងដោយសារអ្វី

ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត្រ វណ្ណថា ឲ្យដឹងថាគិតត្រឹមខែមិថុនាឆ្នាំ២០១៦នេះ គ្រោះអគ្គិភ័យកើតឡើងនៅទូទាំងប្រទេសមានចំនួន៤៦៤ករណី។ លោកបន្តថាក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្តាលឲ្យមនុស្សចំនួន១៣នាក់ស្លាប់និង២៨នាក់រងរបួស ខូចខាតផ្ទះសម្បែងចំនួន៦៨៦ខ្នង រោងចក្រចំនួន២ តូបលក់ដូរចំនួន១០២៦តូប និងរថយន្ត៣១គ្រឿង។ លោកឲ្យដឹងទៀតថាមូលហេតុចំបងនៃគ្រោះអគ្គិភ័យនេះមាន៤២ភាគរយកើតចេញពីការឆ្លងចរន្តអគ្គិសនី ៣៧ភាគរយកើតចេញពីការធ្វេសប្រហែស និង២១ភាគរយមិនដឹងពីមូលហេតុច្បាស់លាស់៕ ដោយ លោក ទូច សុខា និងកញ្ញា ណយ ធានី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ