វិភាគ៖ ហេតុអ្វីវៀតណាមជំរុញឲ្យបញ្ចប់ការបោះបង្គោលពំ្រដែន ពេលអ្នកនយោបាយខ្មែរខ្វែងគំនិតគ្នា?

ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

ការកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងគឺជាអាយុជីវិតជាតិហើយក៏ជាចំណុចប្រទាញប្រទង់រវាងអ្នកកាន់អំណាចនិងគណបក្សប្រឆាំង ព្រោះបញ្ហាព្រំដែនជារឿងមួយធ្វើពលរដ្ឋខ្លះមានទំនុកចិត្ត ប៉ុន្តែខ្លះទៀតនៅមានមន្ទិលនៅឡើយ។

ដូចនេះហើយតម្លាភាពនៃការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនិងការក្លាហានក្នុងការការពារបូរណភាពទឹកដីជាភាពខ្លាំងមួយទៀតសម្រាប់ការរក្សាអំណាចរបស់អ្នកនយោបាយ។

ប៉ុន្តែច្រើនឆ្នាំមកនេះកម្ពុជាមិនទាន់មានព្រំដែនរឹងមាំជាមួយប្រទេសជិតខាងដូចជាប្រទេសឡាវ ថៃ និងវៀតណាមនៅឡើយទេ បើទោះបីបង្គោលព្រំដែនខ្លះត្រូវបានអាណានិគមនិយមបារាំងបានបន្សល់ទុកឲ្យក៏ដោយ។

ភាពមិនទាន់ច្បាស់លាស់លើការកំណត់ព្រំដែននេះគួបផ្សំនឹងសង្គ្រាមហែកហួរច្រើនឆ្នាំរបស់កម្ពុជាផងនោះធ្វើឲ្យអ្នកនយោបាយខ្មែរបច្ចុប្បន្ននៅតែបន្តចោទគ្នាទៅវិញទៅមកលើបញ្ហាបូរណភាពទឹកដីនេះ។ ភាគីម្ខាងដែលគ្រប់គ្រងអំណាចបានចាប់អ្នករិះគន់ដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយចោទថាបានបំភ្លៃការពិត រីឯភាគីម្ខាងទៀតអះអាងថាខ្លួនជាអ្នករងគ្រោះ ដោយសារតែការពារទឹកដីជាពិសេ ព្រំដែនជាមួយវៀតណាម។

មកដល់ពេលនេះតំណាងរាស្ត្របក្សប្រឆាំងយ៉ាងតិចពីរនាក់មានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលសកម្មរិះគន់រឿងបោះបង្គោលព្រំដែនជាមួយវៀតណាម ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស បើទោះបីរដ្ឋាភិបាលអះអាងថាការបោះបង្គោលព្រំដែនភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបាន៨៣ភាគរយហើយក៏ដោយ។

នៅពេលនេះទៀតសោធន៍ គណបក្សប្រឆាំងមិនទាន់ទទួលស្គាល់ការបោះបង្គោលព្រំដែននេះនៅឡើយទេ បើទោះបីសកម្មជននិងតំណាងរាស្ត្ររបស់ខ្លួនជិត២០រូបកំពុងឃុំខ្លួនក៏ដោយ។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង មកកាន់កម្ពុជាកាលពីសប្តាហ៍មុននេះ លោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការបោះបង្គោលព្រំដែនឲ្យឆាប់ចប់តាមដែលអាចធ្វើទៅបាន។

តើហេតុអ្វីបានជាភាគីវៀតណាមបន្តជំរុញឲ្យកម្ពុជាបញ្ចប់ការបោះបង្គោលព្រំដែន ចំពេលអ្នកនយោបាយខ្មែរកំពុងខ្វែងគំនិតគ្នាបែបនេះ?

អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល លើកឡើងថាបើគិតពីអតីតកាលនៃប្រវត្តិបាត់បង់ទឹកដី លោកថាវត្តមានរបស់មេដឹកនាំវៀតណាមមកកម្ពុជានៅពេលនេះ លោកថាពលរដ្ឋខ្មែរភាគច្រើនមើលឃើញក្នុងផ្លូវមិនល្អទេ បើទោះបីរដ្ឋាភិបាលអះអាងថាវៀតណាមមានទំនាក់ទំនងល្អម៉ឺនឆ្នាំជាមួយកម្ពុជាក៏ដោយ។

លោក ចាន់ វិបុល វិភាគថាការជំរុញរបស់មេដឹកនាំវៀតណាមនៅពេលនេះគិតថាចង់មិនចង់អាចជាសម្ពាធថ្មីទៀតមកលើកម្ពុជា។

លោកថា៖ «យើងបានដឹងច្បាស់ណាស់ថាសាធារណរដ្ឋវៀតណាមនៅពេលដែលនិយាយ សាររបស់គាត់តែងតែបង្ហាញសារនយោបាយមួយផ្តល់ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដោយសារតែបច្ចុប្បន្ននេះគំនាបនយោបាយ ទោះយើងមើលឃើញក្តីឬយើងមើលដោយប្រយោលក្តី នៅតែមានឥទ្ធិពលធ្ងន់ធ្ងរទៅលើគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន»

លោកវិភាគទៀតថាការជំរុញនេះវាជាសញ្ញាគ្រោះថ្នាក់មួយសម្រាប់កម្ពុជាបើរដ្ឋាភិបាលធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម ហើយមិនខ្វល់ពីការព្រួយបារម្ភរបស់សហគន៍អន្តរជាតិ ពីការចង់ឃើញរបស់អ្នកនយោបាយខ្មែរ។

លោកថា៖ «ខ្ញុំឃើញថានៅពេលដែលអត្តចរិតថ្នាក់ដឹកនាំបែបនេះរួមជាមួយទាំងសញ្ញាកាន់តែត្រជាក់ឡើងជាមួយមេដឹកនាំសាធារណរដ្ឋវៀតណាម នេះជាធាតុមួយរុញកម្ពុជាឲ្យធ្លាក់ក្នុងរណ្តៅនយោបាយមួយកាន់តែជ្រៅហើយ»

ឯកសារខ្លះបញ្ជាក់ថាជម្លោះព្រំដែនកម្ពុជាវៀតណាមនេះបានស្ងាត់ទៅវិញម្តងហើយនៅពេលសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយកផែនទីខ្នាតបោន(Bonne)១/១០០០០០ទៅតម្កល់នៅអង្គការសហប្រជាជាតិ ក្រោយពីកម្ពុជាបានទទួលឯករាជ្យពីអាណានិគមនិយមបារំាង។

ឯកសានោះបញ្ជាក់ថាក្រោយពីកម្ពុជាបានឯករាជ្យភ្លាមសម្តេចព្រះនរោត្តម សីហនុ បានដឹកនាំចលនាដ៏ខ្លាំងក្លាមួយអំពាវនាវឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ព្រំដែនកម្ពុជាដោយឈរលើគោលការណ៍ «ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ»។

គោលការណ៍ «ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ» នេះបញ្ជាក់ថាពិតជាមានសារៈសំខាន់សម្រាប់បន្តដោះស្រាយបញ្ហាព្រំដែនដ៏ស្មុកស្មាញរវាងបណ្តាប្រទេសនៅក្នុងអតីតឥណ្ឌូចិន បញ្ជៀសបាននូវសង្គ្រាមដែលអាចកើតមានឡើងដោយទំនាស់ព្រំដែននេះ។

ឯកសារដដែលបញ្ជាក់ទៀតថាជាលទ្ធផល ជម្លោះលើការជ្រើសរើសយកគោលការណ៍ខ្សែព្រំដែនមិនកែប្រែរវាងកម្ពុជា និងវៀតណាម ត្រូវបានបញ្ចប់នៅឆ្នាំ១៩៦៤នៅពេលដែលសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៅពេលនោះបានយកផែនទីបោន(Bonne)ខ្នាត១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ។

តាមរយៈនេះសម្តេចព្រះនរោត្តម សីហនុ បានអំពាវនាវឲ្យមានការរ៉ាប់រងពីសំណាក់មហាអំណាចនានាក្នុងការគោរពបូរណភាពទឹកដីកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិនិងឲ្យទទួលស្គាល់ព្រមទាំងគោរពឯករាជ្យ អព្យាក្រិត្រភាព បូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ខ្សែរព្រំដែនបច្ចុប្បន្ន ដោយបានប្រកាសដាច់ខាតថាមិនអាចរុះរើឬកែប្រែបានឡើយ។

ប៉ុន្តែក្រោយពីសម្តេចព្រះនរោត្តម សីហនុ ចូលទីវង្កត អ្នកនយោបាយខ្មែរបានខ្វែងគំនិតគ្នាឡើងវិញលើការបោះបង្គោលព្រំដែនជាមួយវៀតណាមនេះ ដោយបក្សប្រឆាំងរិះគន់ថាការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្រោមឥទ្ធិពលនៃប្រទេសវៀតណាមនិងបានចោទប្រកាន់ថាសន្ធិសញ្ញព្រំដែនមួយចំនួនធ្វើឲ្យកម្ពុជាខាតបង់។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាង៥ម៉ោងនៅក្នុងមន្ទីររដ្ឋសភាកាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០១២ ការពារលើការបោះបង្គោលព្រំដែនជាមួយវៀតណាមថា កម្ពុជាមិនខាតបង់ទេបើពិនិត្យទៅលើផ្ទៃដីដែលពលរដ្ឋចងចាំគ្រប់គ្នាថាមានទំហំ១៨១ ០៣៥គីឡូមម៉ែត្រក្រឡានោះ។

លើសពីនេះលោកនាយករដ្ឋមន្ត្រីអះអាងថា បើផ្អែកតាមការវាស់វែងតាមបែបបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ននេះ លោកថាកម្ពុជាបច្ចុប្បន្នមានផ្ទៃដីធំជាងផ្ទៃដីដែលបន្សល់ទុកពីសម័យមុនទៅទៀត។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាការដែលប្រធានាធិបតីវៀតណាមជំរុញឲ្យពន្លឿនបញ្ចប់ការបោះបង្គោលព្រំដែននៅពេលនេះ លោកថាមានមូលហេតុផលពីរគឺកត្តានយោបាយរបស់កម្ពុជានិងនយោបាយអន្តរជាតិដែលវៀតណាមកំពុងជាប់ដៃមានជម្លោះដែនសមុទ្រជាមួយមហាអំណាចចិន។

លោក មាស នី វិភាគថាកត្តាទី១អាចមកពីមេដឹកនាំវៀតណាមមើលឃើញថាគណបក្សកំពុងគ្រប់គ្រងអំណាចអាចមិនបានបន្តកាន់អំណាច ហើយការបោះបង្គោលព្រំដែនអាចជាប់គាំង។

ទីពីរលោកវិភាគថា អាចដោយសារពេលនេះវៀតណាមមើលឃើញរដ្ឋាភិបាលកំពុងងាកទៅរកមហាអំណាចចិនជាគូសត្រូវរបស់វៀតណាមក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងស្របពេលដែលវៀតណាមខ្លួនឯងកំពុងងាកទៅរកមហាអំណាចសហរដ្ឋអាមេរិក។

ប៉ុន្តែលោក មាស នី វិភាគថាបើអ្នកនយោបាយខ្មែរនៅតែបន្តយកខ្មែរជាសត្រូវ លោកថាប្រទេសជិតខាងនៅតែមានប្រៀបលើកម្ពុជាទាំងព្រំដែនទាំងសេដ្ឋកិច្ច។

លោកថា៖ «អ្វីដែលគេធ្វើៗច្រើនតែនៅពេលដែលមេដឹកនាំខ្មែរបែកបាក់គ្នាឬក៏ខ្មែរហ្នឹងមានការច្បាំងគ្នារវាងខ្មែរគ្នាឯង ហើយរឿងនេះយើងឃើញកើតមានយូរមិនមែនតែពេលបច្ចុប្បន្នទេ អ្វីដែលជំរុញឲ្យយើងធ្លាក់ចុះពីអាណាចក្រអង្គរមកគឺដោយសារបញ្ហាដូចគ្នាដែរ គឺដោយសារមេដឹកនាំខ្មែរអត់មានពេលការពារខ្លួនទេគឺមានពេលតែឈ្លោះគ្នា ដើម្បីបណ្តើមអំណាចគ្នាឯង»

ទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវបានផ្តល់យោបល់ប្រហាក់ប្រហែលគ្នាថា បើសិនការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមពេលនេះកម្ពុជាជាអ្នកចំណេញដូចរដ្ឋាភិបាលធ្លាប់លើកឡើងមែននោះ ពួកគេថាប្រហែលជារដ្ឋាភិបាលកម្ពុជាទេជាអ្នកទៅជំរុញវៀតណាមឲ្យពន្លឿនបោះបង្គោលព្រំដែន មិនមែនប្រទេសវៀតណាមដែលប្រវត្តិសាស្ត្រចារថាមានមហិច្ឆតាចង់បានទឹកដីកម្ពុជានោះមកជំរុញកម្ពុជាឲ្យបញ្ចប់នូវអ្វីដែលគេកំពុងខាតបង់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ