បទយកការណ៍៖ “ស្ទើរនឹងអស់ជីវិត បើមិនបានពាក់មួកសុវត្ថិភាព”

ជីវិតដែលបម្រុងនឹងពោរពេញទៅដោយភាពឧត្តុងឧត្តមក្នុងនាមជាអនាគតមេធាវីម្នាក់ត្រូវបានរលាយបាត់សូន្យឈឹងតែក្នុងមួយប្រិចភ្នែក បន្ទាប់ពីយុវជន អេង ចំណាប់ បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍យ៉ាងដំណំក្នុងឆ្នាំ­­­២០១០។

អេង ចំណាប់ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម។ កាលពីឆ្នាំ២០១០ លោក អេង ចំណាប់ បានជិះម៉ូតូទៅសាកលវិទ្យាល័យបៀលប្រាយខេត្តកំពង់ចាម ដើម្បីប្រឡងបញ្ចប់ការសិក្សាឆ្នាំទី៣។ ប៉ុន្តែជាគ្រោះអកុសល ចំណាប់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារឡានក្រុងបានបុកម៉ូតូរបស់លោកពីខាងក្រោយ ខណៈពេលដែលលោកកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា។

ការប៉ះទង្គិចក្បាលដោយសារគ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យលោក អេង ចំណាប់ បានសន្លប់បាត់បង់សា្មរតីអស់រយៈពេល២៥ថ្ងៃ បាត់បង់ការចងចាំស្ទើរទាំងស្រុង និងបាត់បង់សមត្ថភាពក្នុងការធ្វើចលនារយៈក្នុងពេលខ្លី។

ក្នុងវ័យ៣០ឆ្នាំ លោក អេង ចំណាប់ សព្វថ្ងៃមានមុខរបរជាបុគ្គលិករមណីយដ្ឋានមួយនៅខេត្តបាត់ដំបង។ លោក ចំណាប់ បានរំលឹករឿងរ៉ាវបន្តិចបន្តួចដែលលោកបានចាំកាលពី៦ឆ្នាំមុនថានៅពេលកើតហេតុមួកសុវត្ថិភាពរបស់លោកបានប៉ើងចេញពីក្បាល ដោយលោកថាមិនបានដាក់គន្លឹះវាឲ្យជាប់ល្អ។

លោកមានប្រសាសន៍ថា៖ … ខ្ញុំថែមទាំងភ្លេចនូវអ្វីដែលខ្ញុំបានរៀននៅសកលវិទ្យាល័យអស់រយៈពេល៣ឆ្នាំកន្លងមក។ ខ្ញុំមិនអាចចងចាំភាសាអង់គ្លេសនិងមិនអាចសរសេរនិងអានភាសាខ្មែរបានទៀតផង

នៅពេលសួរព័ត៌មានលម្អិតបន្ថែមអំពីព្រឹត្តិការណ៍និងហេតុការណ៍ដែលកើតឡើចំពោះលោក អេង ចំណាប់ ប្អូនស្រីបង្កើតកញ្ញា អេង សុភ័ក្រ្តា បានឲ្យមានប្រសាសន៍ទាំងអួលដើមកថា ពេលបងប្រុសនាងជួបគ្រោះថា្នក់ មួកសុវត្ថិភាពរបស់គាត់បានជួយការពារក្បាលរបស់គាត់ដែរ មុនពេលដែលវារបូតចេញទៅ។ កញ្ញាថា បើមិនដូច្នោះទេ បងប្រុសរបស់នាងអាចនឹងបាត់បង់ជីវិតបាត់ទៅហើយ។

កញ្ញាមានប្រសាសន៍ថា៖ គាត់ត្រូវធ្វើមេធាវី រៀនចប់ត្រូវជួយគ្រួសារជួយប្អូនបានច្រើន តែដល់ពេលអញ្ចឹងអត់ជួយប្អូនបានហើយ ខ្លួនឯងក៏បាត់បង់អ្វីៗអស់ ម៉ាក់ក៏ត្រូវចំណាយលុយច្រើនឲ្យគាត់រៀនឡើងវិញឲ្យចប់

កញ្ញា អេង សុភ័ក្រ្តា មានប្រសាសន៍បន្តថាម្តាយឪពុករបស់កញ្ញាបានចំណាយថវិការាប់ម៉ឺនដុល្លានិងពេលវេលាជាច្រើនក្នុងការព្យាបាលនិងមើលថែបងប្រុស អេង ចំណាប់ ដើម្បីឲ្យបានជាសះស្បើយនិងវិលមករកសភាពដើមវិញ។

នាយករងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញលោក ចេវ ហាក់ ឲ្យដឹងថារដ្ឋាភិបាលបាននិងកំពុងធ្វើការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រោះថា្នក់ចរាចរណ៍និងការពាក់មួកសុវត្ថិភាពនេះជាប់ជាប្រចាំ ដោយលោកថាការអប់រំនេះការងារសំខាន់ណាស់ដែលត្រូវធ្វើ។

លោកមានប្រសាសន៍ទៀតថា៖ “គណៈកម្មការជាតិចរាចរណ៍ផ្លូវគោកបានចេញនូវលិខិតបទដ្ឋានជាច្រើនទៀតដើម្បីពង្រឹងលើការងារអប់រំឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ជ្រួសជ្រាបពីការពាក់មួកសុវត្ថិភាព ផលប្រយោជន៍នៃការពាក់មួកសុវត្ថិភាព និងរបៀបនៃការពាក់មួកទាំងអ្នកបើកបរនិងអ្នករួមដំណើរ”។

លោក ចេវ ហាក់ បន្ថែមថា៖ “គ្រោះថ្នាក់ចរាចរណ៍ជាមហន្តរាយមួយដែលមិនត្រឹមតែប៉ះពាល់ដល់ជីវភាពគ្រួសារទេ សេដ្ឋកិច្ចជាតិទាំងមូលក៏អាចប៉ះពាល់ដែរ”។

ក្រោយពីច្បាប់ចរាចរណ៍ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរទាំងអស់ពាក់មួកសុវត្ថិភាពត្រូវបានអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ចំនួនអ្នកពាក់មួកសុវត្ថិភាពក្នុងពេលបើកបរមានការកើនឡើងគួរឲ្យកត់សម្គាល់។

នាយកប្រចាំប្រទេសរបស់អង្គការបង្ការរបួសអាស៊ីហៅកាត់ថា AIP លោក គឹម បញ្ញា បញ្ជាក់ថាអង្គការរបស់លោកមានយុទ្ធនាការបណ្តុះបណ្តាលនៅតាមសាលារៀនដោយបង្រៀនពីច្បាប់ចរាចរណ៍និងរបៀបពាក់មួកសុវត្ថិភាពទៅកាន់លោកគ្រូអ្នកគ្រូ ហើយលោកថាលោកគ្រូអ្នកគ្រូមានតួនាទីផ្សព្វផ្សាយនិងអប់រំបន្តទៅកាន់សិស្សានុសិស្ស។

លោកមានប្រសាសន៍ថា៖ AIP ក៏បានធ្វើការជាមួយសហគមន៍ដោយបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍នៅតាមក្រុមបឹក្សាឃុំសង្កាត់ ដើម្បីបណ្តុះបណ្តាលពួកគាត់និងចែកជូននូវឯកសារដែលទាក់ទងទៅនឹងរបៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវល្អ

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទីមួយនៃឆ្នាំ២០១៦របស់អគ្គស្នងការនគរបាលជាតិបង្ហាញថា អ្នកស្លាប់ក្នុងគ្រោះថា្នក់ចរាចរណ៍ភាគច្រើនជាអ្នកបើកបរម៉ូតូ ហើយ៨០%នៃចំនួនអ្នកស្លាប់ទាំងនោះជាអ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាព។

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៣ គ្រោះថ្នាក់ចរចារណ៍បានធ្វើឲ្យកម្ពុជាបាត់បង់ថវិកាជាតិប្រមាណ៣៣០លានដុល្លារ។

លោក ចេវ ហាក់ បានអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធត្រូវចូលរូមទាំងអស់គ្នា ដើម្បីបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះដោយលោកថាគ្រោះថ្នាក់ចរាចរណ៍នេះវាមិនមែនជា “ជំងឺមួយដែលមិនអាចព្យាបាលបាន” នោះទេ។

លោក អេង ចំណាប់ ដែលជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១០នោះ បានផ្តាំផ្ញើឲ្យអ្នកបើកបរទាំងអស់យកចិត្តទុកដាក់ឲ្យបានយ៉ាងមុតមាំបំផុត ចំពោះការធ្វើដំណើររបស់ខ្លួនពោលគឺគោរពច្បាប់ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍និងវិប្បដិសារីនានាក្នុងជីវិតដូចរូបលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ