​បាង​ កាយ៉ាក បាក់​ដៃ​ជាលើកទី​​២

កីឡាករ ​​បាង​​ កាយ៉ាក (ដោយ សុខ ឆាយ)

ក្រោយសម្ងំព្យាបាលដៃបាក់អស់ចំនួន៨ខែ កីឡាករ បាង កាយ៉ាក ទើបតែបានឡើងប្រកួតជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យទី១៧កក្កដាមុននេះប៉ុណ្ណោះ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។ ប៉ុន្តែនៅក្រោយជំនួបដ៏ខ្លាំងក្លាជាមួយកីឡាករថៃឈ្មោះ Yorth Phith Ek កីឡាករដែលត្រូវគេស្គាល់ថាខ្លាំងនៅលើសង្វៀនអន្តរជាតិកន្លងមករូបនេះ បែរជាស៊យជួបរឿងបាក់ដៃជាលើកទី២។

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយភ្នាក់ងារសារព័ត៌មាន VOD ក្រោយបញ្ចប់ពីការប្រកួតកីឡាករ បាង កាយ៉ាក បានអះអាងថាដៃរបស់លោកមានសភាពចុកខ្លាំងនិងកំរើកមិនចង់រួច មិនខុសពីពេលដែលលោកបានធ្វើការប្រកួតជាមួយកីឡាករថៃឈ្មោះ Roy Et កាលពីខែវិច្ឆិកាក្នុងឆ្នាំ២០១៥ ហើយបណ្ដាលអោយបាក់ដៃនោះទេ។

លោកត្រូវគ្រូពេទ្យរុំដៃនៅក្រោយការប្រកួតជាមួយ Yorth Phith Ek ត្រូវបញ្ចប់និងថាគ្រូពេទ្យបានចេញលិខិតអោយលោកទៅថតឆ្អឹងនិងព្យាបាលរបួសម្ដងទៀត។

លោកថាឆ្អឹងដៃដែលបាក់កាលពីអំឡុង៨ខែមុនបានជាសះស្បើយដូចដើមវិញហើយ ប៉ុន្តែមកការប្រកួតកាលពីថ្ងៃអាទិត្យដែលទើបបញ្ចប់នោះ គឺលោកលើកដៃទៅរងកណ្ដាប់ដៃនិងជើងរបស់កីឡាករថៃផ្ទួនៗទើបបណ្ដាលអោយចុកមិនខុសពីបាក់ដៃលើកមុន។

លោកថាមិនទាន់ដឹងថារបួសដែលកើតឡើងនេះជាការបាក់ឆ្អឹងនៅចំកន្លែងចាស់ឬនៅកន្លែងថ្មីនោះទេ ប៉ុន្តែសម្រាប់លទ្ធផលបឋមគឺពេទ្យថាលោកបាក់ឆ្អឹង ដោយសម្រេចអោយលោកទៅថតនិងព្យាបាលដូចមុន។

លោកមិនទាន់ដឹងថានឹងត្រូវព្យាបាលប៉ុន្មានខែទៀតទេក្នុងពេលដែលកាលបាក់ដៃលើកមុនគឺត្រូវបោះបង់ការប្រដាល់រហូតដល់៨ខែរួចទៅហើយ។ លោកហាក់សម្ដែងក្ដីបារម្ភចំពោះរបួសជាលើកទី២ជាពិសេសក្នុងពេលដែលការសម្រាកព្យាបាលគឺមិនជួយអោយលោកបានប្រដាល់ទទួលបានប្រាក់។

យោងតាមការប្រកួតរវាងកីឡាករ បាង កាយ៉ាក ជាមួយកីឡាករ Yorth Phith Ek កាលពីថ្ងៃអាទិត្យគឺអ្នកទាំងពីរវាយគ្នាខ្លាំងៗតាំងពីទឹកបើកឆាក។ នៅពាក់កណ្ដាលទឹកទី១ កីឡាករកម្ពុជាមកពីក្លឹបអប្សរាគុណខ្មែររូបនេះត្រូវទទួលការស្វាគមន៍ពីសំណាក់គូប្រកួតរបស់ខ្លួនដោយជើងនិងកណ្ដាប់ដៃដូចគេសំពងតែម្ដងទើបបណ្ដាលអោយកីឡាករ បាង កាយ៉ាក ត្រូវតែប្ដូរត្រលប់មកវិញ។

ក្នុងទឹកទី២ គេឃើញគូនេះកាន់តែឡើងកំដៅដាក់គ្នា ដោយក្នុងពេលនោះកីឡាករកម្ពុជាបានវាយត្រូវច្រើនធ្វើអោយកីឡាករ Yorth Phith Ek ក្ដៅស្លឹកត្រចៀក។ តែក្នុងទឹកនេះហើយដែល Yorth Phith Ek ទាត់បង្គោលក្រហមកម្ពុជារហូតខូចដៃ បើទោះជាគេប្រឹងប្រែងហើយមិនព្រមបញ្ចប់ការប្រកួត។

ក្នុងទឹកទី៣ កីឡាករថៃក៏បន្តទាត់នៅចំកន្លែងដៃដែលរបួសម្ដងហើយម្ដងទៀតរហូតធ្វើអោយកីឡាករ បាង កាយ៉ាក តស៊ូលែងបានហើយសម្រេចចិត្តបោះបង់ការប្រកួត។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថាសភាពរងរបួសរបស់កីឡាករ បាង កាយ៉ាក ត្រូវគេប៉ាន់ស្មានថាបាក់ឆ្អឹង ប៉ុន្តែត្រង់ថាបាក់ឆ្អឹងនៅកន្លែងចាស់ឬគ្រាន់តែប្រះឆ្អឹងចាស់លុះត្រាតែត្រូវថតសិន។

យ៉ាងណាក៏ដោយលោកថាមន្ត្រីសហព័ន្ធនិងទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងទទួលខុសក្នុងការព្យាបាលលើបញ្ហានេះអោយជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ