អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃជិត ១៣០នាក់មកកម្ពុជាវិញ ក្រោយពីអាជ្ញាធរថៃរកឃើញថា អ្នកនោះជាពលករខុសច្បាប់។
បើយោងតាមវែបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ពលករខ្មែរដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃចំនួន ១២៩នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមវែបសាយដដែល ពលរដ្ឋខ្មែរទាំងនោះ ត្រូវតម្រួតថៃរកឃើញថា បានស្នាក់នៅ និងធ្វើក្នុងប្រទេសថៃដោយគ្មានលិខិតស្នាមត្រឹមត្រូវ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ពលករខ្មែរចំនួន ១៥៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ តាមច្រកដូងនេះដូចគ្នាដែរ បន្ទាប់ពីអាជ្ញាធរថៃរកឃើញថា អ្នកទាំងនោះរស់នៅ និងធ្វើការដោយគ្មានលិខិតស្នាមត្រឹមត្រូវ។
អង្គការ Mekong Migration Network កាលពីឆ្នាំ២០១៤ ប៉ាន់ប្រមាណថា ពលករកម្ពុជាដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងបម្រើការនៅប្រទេសថៃមានចំនួន ៦សែន និង ៨ម៉ឺននាក់៕