ធនាគារជាតិ៖ ចិនជាប្រទេសវិនិយោគផ្ទាល់ធំជាងគេនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជាបានបញ្ចេញរបាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាប្រទេសចិនជាប្រទេសដែលមានការវិនិយោគធំជាងគេនៅកម្ពុជាដែលមានសមាមាត្រប្រមាណ៤៤%នៃការវិនិយោគផ្ទាល់ពីបរទេសគិតត្រឹមចុងឆ្នាំ២០១៤។

យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជាដែលផ្សព្វផ្សាយនៅថ្ងៃនេះឲ្យដឹងថាកម្រិតវិនិយោគផ្ទាល់បរទេសត្រូវបានប៉ាន់ស្មានមានប្រមាណ១៩,២ប៊ីលានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៤។ របាយការណ៍បញ្ជាក់ថាវិនិយោគផ្ទាល់តំបន់អាស៊ីមានទំហំជិត៩០% ដែលក្នុងនោះប្រទេសចិនមានទំហំវិនិយោគធំជាងគេគឺប្រមាណ៤៤% រីឯប្រទេសវិនិយោគធំទី២គឺប្រទេសសមាជិកអាស៊ានដែលមានសមាមាត្រប្រមាណ២២%។

ការអង្កេតនេះមានសំណាកគំរូ១២៤ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្របដណ្តប់លើវិស័យវិនិយោគផ្ទាល់បរទេសនៅកម្ពុជាគិតត្រឹមចុងឆ្នាំ២០១៤។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាលោក ចាន់ សុផល ប្រាប់អ្នកសារព័ត៌មានថាតួលេខនេះបង្ហាញឲ្យឃើញពីភាពវិជ្ជមាននៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ លោកថាវាជារឿងធម្មតាទេដែលប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា ទទួលបានការវិនិយោគពីបរទេសច្រើនបែបនេះ។

លោកនិយាយថា៖ ជាតួលេខមួយដែលបង្ហាញថាប្រទេសកម្ពុជាយើងទទួលបានវិនិយោគបរទេសខ្ពស់ វាជាប្រភពទុនមួយសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅប្រទេសយើង ដោយសារតែប្រទេសយើងនៅក្រ ហើយប្រទេសផ្សេងៗទៀតគេមានជាងយើង មានប្រទេសច្រើនគេមានជាងយើង អញ្ចឹងហើយយើងត្រូវការទុន ពេលខ្លះជាការរកស៊ីចូលគ្នា ចូលគ្នាក្នុងស្រុក ចូលក្នុងជាមួយជនបរទេសដើម្បីបង្កើតជាអាជីវកម្មឬក៏ក្រុមហ៊ុនធំៗណាមួយ ដូច្នេះវាជារឿងទូទៅទេ ប្រទេសណាក៏ដោយដែលកំពុងអភិវឌ្ឍ យើងត្រូវការទុនក្រៅស្រុកច្រើន

ថ្មីៗនេះនាយករដ្ឋមន្រ្តីចិនបានប្រកាសផ្តល់លុយ៦០០លានដុល្លារដល់កម្ពុជា ខណៈដែលគេមើលឃើញថា កម្ពុជាទំនោរទៅរកប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ