សង្គម​ស៊ីវិល​ខកចិត្ត​នឹង​រដ្ឋាភិបាល​មិន​ឲ្យ​លក់​ប្រេង​ឥន្ទនៈក្នុង​ថ្ងៃ​ដង្ហែ​សព​លោក កែម ឡី​

ស្ថានីយ៍ប្រេងឥទ្ធនៈដែល​បាន​បិទ​អំឡុងពេល​ដង្ហែសព​លោក​បណ្ឌិត​កែម ឡី

សង្គមស៊ីវិលមួយចំនួនបានបង្ហាញការខកចិត្តទៅនឹងរដ្ឋាភិបាលដែលបានប្រកាសឲ្យស្ថានីយប្រេងឥន្ទនៈមួយចំនួនដែលក្បូនដង្ហែសពលោក កែម ឡី ឆ្លងកាត់ ត្រូវផ្អាកធ្វើអាជីវកម្មរយៈពេលមួយថ្ងៃ ដោយសំអាងពីហេតុផលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

នៅថ្ងៃទី២៤ខែកក្កដានេះ មនុស្សរាប់សែននាក់បានចូលរួមដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញទៅតម្កល់នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលក្បូនដង្ហែនោះបានឆ្លងកាត់ស្ពានជ្រោយចង្វារ កាត់តាមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធឫស្ស៊ី រង្វង់មូលចោមចៅ បត់ទៅផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តតាកែវ ប៉ុន្តែស្ថានីយ៍ប្រេងឥន្ទនៈមួយភាគធំបានដាក់របាំងបិទទីតាំងលក់ដូររបស់ខ្លួន។

លិខិតជូនដំណឹងចុះថ្ងៃទី២២ ខែកក្កដា ដែលវីអូឌី(VOD)ទទួលបាននៅថ្ងៃអាទិត្យនេះ សាលារាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ស្នើអាជីវករផ្អាកធ្វើអាជីវកម្មហ្គាសនិងស្ថានីយ៍ប្រេឥន្ទនៈ រយៈពេលមួយថ្ងៃ ពាក់ព័ន្ធនឹងតម្រាយផ្លូវណាដែលក្បូនដង្ហែសពលោក កែម ឡី ឆ្លងកាត់ ដោយអះអាងថាដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថាបើរដ្ឋាភិបាលមានបំណងសម្រួលដល់ការដង្ហែសពលោក កែម ឡី លោកថារដ្ឋាភិបាលគួរដាក់កម្លាំងការពារប្រសើជាងប្រកាសឲ្យបិទធ្វើអាជីវកម្ម ដើម្បីបញ្ចៀសការរិះគន់ថារដ្ឋាភិបាលមានចេតនាបង្កការលំបាកដល់អ្នកចូលរួមក្បូនដង្ហែសពនេះ។

លោកថា ៖«ខ្ញុំថាវាបង្កការលំបាកដល់បងប្អូនដែលមានទឹកចិត្តចង់ចូលរួមដង្ហែសព ដោយសារតែគាត់ត្រូវការចាក់ប្រេងឥន្ទនៈចាក់សាំង ហើយមិនបានចាក់នៅតាមដងផ្លូវ ការចេញដំណើមកដោយសាការ៉ាសាំងបិទ បាទ ហើយហេតុផលសន្តិសុខនិងសុវត្ថិភាពនេះជាហេតុផលមួយដែលអាជ្ញាធរមិនទុកចិត្ត ក៏ប៉ុន្តែការដាក់កម្លាំងការពារនៅតាមស្ថានីយ៍ឥន្ទនៈ ខ្ញុំថាជាមធ្យោបាយដែរ ជាជាងបិទស្ថានីយ៍តែម្តងបាទ»។

សាលារាជធានីភ្នំពេញធ្លាប់ជំរុញឲ្យគ្រួសារសពលោក កែម ឡី ពន្លឿនការដង្ហែសពចេញពីវត្តពោធិ៍យារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ខណៈ គណៈកម្មការបុណ្យសពប្រកាសពន្យាពេលដង្ហែសពកាលពីថ្ងៃទី១៧ ខែកក្កដាតាមសំណើពលរដ្ឋ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថាការសំអាងហេតុផលរបស់សាលារាជធានីភ្នំពេញមិនសមហេតុផលទេ។

លោកយល់ថាការស្នើឲ្យបិទស្ថានីយ៍ មិនឲ្យលក់ប្រេងឥន្ទនៈពេលមានមនុស្សច្រើនម៉ឺននាក់ចូលរួមដង្ហែសពថ្ងៃអាទិត្យនេះ លោកថាបានបង្កការលំបាកដល់អ្នកចូលរួមដង្ហែសពនិងបានកាត់បន្ថយការកចំណូលរបស់អាជីវករអ្នកលក់ប្រេងឥន្ទនៈនេះ។

លោកថា៖«ការដែលបិទមិនឲ្យគ្នាលក់ដូរខាតធំណាស់ ពីព្រោះអ្នកដែលធ្វើដំណើរហ្នឹងគ្នាត្រូវការចាក់សាំង ហើយអ្នករកស៊ីគ្នាត្រូវការអតិថិជន ហើយបើអ្នករកស៊ីគ្នាមានអតិថិជនហើយ អាហ្នឹងបើយើងនិយាយពេលហ្នឹង វាត្រូវប៉ាន់ម៉ង បាទ គ្នាអាចលក់ដាច់ខ្លាំងណាស់បាទ បានទ្វេរមួយជាពីរជាបីដង ប៉ុន្តែដល់អញ្ចឹងធ្វើឲ្យមានបញ្ហា បាទ»។

ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មិនចាប់អារម្មណ៍នឹងការរិះគន់នេះទេ ដោយលោកអះអាងថាអ្នកទាំងនោះមិនដែលមើលឃើញអំពើល្អរបស់រដ្ឋាភិបាល។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦។ ពលរដ្ឋរាប់លានអ្នកបង្ហាញការសោកស្តាយការបាត់បង់ជីវិត អ្នកស្រាវជ្រាវដ៏ល្បីល្បាញរូបនេះនឹងអំពាវនាវឲ្យរដ្ឋាភិបាល ស្វែងរកឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មនេះមកផ្តន្ទាទោស។

យ៉ាងណាក៏ដោយ ប្រធានគណៈកម្មការបុណ្យ អះអាងថាវិធានការឲ្យបិទធ្វើអាជីកម្មប្រេងរយៈពេលខ្លីនេះ មិនបង្កឲ្យរថយន្តនិងម៉ូតូរាប់ពាន់គ្រឿងដែលចូលរួមដង្ហែសពលោក កែម ឡី ទៅខេត្តតាកែវនៅថ្ងៃនេះ ផ្អាកដំណើរទេ ដោយសារមានសម្បុរសជនមួយចំនួនបានយករថយន្តដឹកសាំងទៅចែកចាយដល់អ្នកចូលរួមដង្ហែសពដោយឥតគិតថ្លៃ ដើម្បីសម្រួលក្បូនឲ្យដល់គោលដៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ