លិខិតមិត្តអ្នកអាន៖ ឈាមត្រជាក់

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

យប់ថ្ងៃ ថ្ងៃយប់ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស! ពេលវេលាបានរំលងទៅប្រាំពីររាត្រីហើយដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកឈាមត្រជាក់បាញ់សម្លាប់នៅចំកណ្តាលទីក្រុងភ្នំពេញ។ តាមជំនឿសាសនាមួយចំនួន ប្រាំពីរទិវាគឺជាកាលកំណត់នៃការដឹងខ្លួនថាបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយក៏ជាពេលវេលាវិលវិញរបស់ព្រលឹងវិញ្ញាណអ្នកដែលបានចែកស្ថានទៅ។

ប្រសិនបើយើងអាចមើលឃើញព្រលឹងវិញ្ញាណរបស់លោកបណ្ឌិត កែម ឡី វិញនោះ យើងប្រហែលជាឃើញគាត់កំពុងតែយំខ្សឹបខ្សួលស្រណោះខ្លួន ស្រណោះប្រពន្ធកូន ញាតិផៅទាំងឡាយ និងស្រណោះប្រទេសជាតិ ព្រមទាំងរត់ឆ្លេឆ្លាម្តងទៅឆ្វេងម្តងទៅស្តាំ ម្តងឈរនៅក្បែរមឈូសរបស់គាត់សំឡឹងមើលសាកសពរបស់ខ្លួនដែលកំពុងដេកស្តូកស្តឹង ហើយសំណករូបជាទីស្រឡាញ់មួយនេះកំពុងតែមានសភាពប្រែប្រួលខ្លាំងណាស់ទៅហើយ ម្តងមើលទៅកូនៗទាំងបួនប្រាណដែលអង្គុយរហង់ជុំជាមួយនិងម្តាយ(ប្រពន្ធគាត់)សំឡឹងមើលរូបថតរបស់ឳពុកនិងប្តីដែលញញឹមកៀនមាត់យ៉ាងពព្រាយមករកពួកគេ។

ឱស្នាមញញឹមដ៏ស្រស់នេះ អូននិងកូននឹងពុំអាចមើលឃើញជាក់ស្តែងបានទៀតទេ។ ចាប់ពីអំណឹះនេះតទៅអ្វីៗនឹងក្លាយទៅជាអតីតកាលហើយ ហើយវានឹងក្លាយជាការចងចាំនូវអនុស្សាវរីយ៍ដ៏ច្រើនលើសលុបឥតគណនាបាន។ ម្តងគាត់ក្រឡេកមើលជុំវិញបរិវេណប្រារព្ធពិធីបុណ្យសពរបស់គាត់ គាត់ឃើញបងប្អូនជនរួមជាតិជាច្រើននាក់បានមកលាដំណើរគាត់ដោយទឹកមុខសោកស្តាយ ក្រៀមក្រំ និងឈឺចាប់ជាទីបំផុត។

គាត់បានលើកដៃប្រណមសំពះសួរទៅញាតិមិត្តទាំងឡាយទាំងទឹកភ្នែកហូររហាម តែពុំមាននរណាម្នាក់អាចស្តាប់ឮសំដីគាត់និងមើលឃើញរូបគាត់ឡើយ។

យល់ស្ថានភាពទាំងអស់នេះ គាត់ក៏ដកដង្ហើមធំក្រវីក្បាលតិចៗ ហើយវិញ្ញាណរបស់គាត់រសាត់គ្រប់ទិសទីទាំងទឹកមុខស្រងូតស្រងាត់ហើយឈ្ងោកទៅដីហាក់អស់សង្ឃឹមនិងកំពុងតែសញ្ជឹងគិតនូវអ្វីម្យ៉ាង។ គាត់ក្រឡេកមើលបរិយាកាសសង្គមទូទៅជុំវិញឃាតកម្មមកលើរូបគាត់វិញ គាត់កាន់តែឈឺចាប់ជាងសេចក្តីមរណារបស់គាត់ទៅទៀត។ គាត់ក៏នឹកភ្នកទៅដល់បទចម្រៀងដែនដីខ្មែរប្រែថាសុវណ្ណភូមិភ្លាម! ឱបងប្អូនជនរួមជាតិអើយ! ពាក្យនៅក្នុងចម្រៀងនេះដែលបានបង្ហាញពីការរួបរួមសាមគ្គីរវាងប្រជាជាតិខ្មែរដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិប្រែជាប្រេះឆាអស់ហើយនៅពេលនេះ។

កំហឹងឆេះឆួលនិងការជេរប្រមាថកាតទានគ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ បានបង្ហាញយ៉ាងច្បាស់ពីការបែកបាក់មិនចុះសម្រុងគ្នានិងភាពគ្មានសន្តិភាពនៅក្នុងផ្លូវចិត្តរបស់បងប្អូនជនរួមជាតិទាល់តែសោះ។ ពិតជាឈឺចិត្តខ្លាំងណាស់! ឈឺផ្សាមិនអាចនឹងថ្លែងបានឡើយ!

ឱឃាតកអប្រីយ៍អើយ! ចិត្តអ្នកអបលក្ខណ៍ណាស់! តើបេះដូង ថ្លើម ប្រមាត់របស់អ្នកសាងអំពីអ្វី? តើនេះឬជាអ្វីដែលអ្នកចង់ឃើញ? តើនេះគឺជាអ្វីដែលអ្នកចង់ឲ្យទឹកដីសុវណ្ណភូមិដ៏កំសត់មួយនេះហែលឆ្លងឬ? តើអ្នកសប្បាយចិត្តណាស់ឬដែលឃើញប្រទេសជាតិដែលមានវប្បធម៌និងអរិយធម៌រុងរឿងនិងសម្បូរបែបមួយនេះធ្លាក់ក្នុងសភាពបែបនេះ? អ្នកមានសេចក្តីសុខណាស់ឬដែលឃើញប្រជាពលរដ្ឋខ្មែររស់នៅក្នុងភ្នំកំហឹង សមុទ្រទុក្ខ និងអសន្តិសុខ?

រូបកាយឥតវិញ្ញាណរបស់ខ្ញុំត្រជាក់ខ្លាំងណាស់តែមិនត្រជាក់ដល់ឈាមរបស់អ្នកឡើយ។ ឈាមរបស់អ្នកពិតជាត្រជាក់ខ្លាំងណាស់។ ខ្ញុំចង់ដឹងថា តើអ្នកស្គាល់ពាក្យថាស្រឡាញ់ដែរឬទេ? តើអ្នកធ្លាប់ស្រឡាញ់ឬទទួលបានការស្រឡាញ់ដែរឬទេ? តើអ្នកមានសាច់ញាតិគ្រួសារប្រពន្ធកូនដែរឬទេ? ប្រសិនបើមាន ហេតុអ្វីក៏អ្នកដាច់ចិត្តផ្តាច់សង្ខារខ្ញុំឲ្យចាកឆ្ងាយពីមនុស្សជាទីស្រឡាញ់យ៉ាងនេះ? តើអ្នកស្រឡាញ់ប្រទេសជាតិមួយនេះទេ ប្រសិនបើស្រឡាញ់ ហេតុអ្វីក៏អ្នកដាច់ចិត្តឃើញប្រជាជាតិនិងប្រទេសជាតិធ្លាក់ក្នុងសភាពបែបនេះ?

ខ្ញុំចង់ជម្រាបអ្នកថាសំណាញ់មេឃ សំណាញ់ច្បាប់ សំណាញ់យុត្តិធម៌ញឹកណាស់ អ្នកគេចមិនផុតទេ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកបានសាង។ ហើយអ្នកកំពុងតែត្រូវបានសាធារណជនថ្កោលទោសយ៉ាងពេញទំហឹងចំពោះអំពើសាហាវឃោរឃៅយង់ឃ្នងរបស់អ្នក។

ព្រលឹងលោកបណ្ឌិតចាប់ផ្តើមទន្ទេញដដែលៗនូវពាក្យមួយឃ្លារបស់លោក៖ «ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត» មានន័យថាទោះជាមានព្យុះព្យោមាដ៏ច្រើនមហិមានៅលើមាគ៌ាឆ្ពោះទៅរកគោលដៅនៃត្រើយសេរីភាព ប្រកបដោយយុត្តិធម៌សង្គម និងសុខសន្តិភាពជានិរន្តរ៍ក្តី យើងមិនត្រូវបោះបង់ចោលនូវក្តីសង្ឃឹមរបស់យើងឡើយ។

ទោះបីជាយើងដួលច្រើនដង ច្រើនគ្រា ច្រើនសាក្តី យើងត្រូវតែក្រោកឈរឡើង រួមសាមគ្គីគ្នានិងពង្រឹងស្មារតីរបស់យើង ហើយបន្តបោះជំហានទៅមុខជានិច្ចដោយគ្មានរួញរាឡើយ ដើម្បីទាមទារឲ្យបាននូវយុត្តិធម៌សង្គម និងដើម្បីការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុចរិតភាព។ ទោះបីជាជីវិតត្រូវក្សិនក្ស័យក្តីក៏ស្មារតីស្នេហាជាតិ ស្នេហាប្រជានេះមិនសាបសូន្យឡើយ។ យើងមិនត្រូវបោះបង់ចោលនូវក្តីសង្ឈឹម និងការតស៊ូដើម្បីសេរីភាពប្រកប ដោយយុត្តិធម៌សង្គម និងសុខសន្តិភាពឡើយ។

យុវជន យុវនារីដែលជាទំពាំងស្នងឫស្សីត្រូវខិតខំសិក្សារៀនសូត្រ បន្តការជជែកដេញដោល ពិភាក្សា វិភាគវែកញែកប្រកបដោយសុជីវធម៌និងសេចក្តីថ្លៃថ្នូរ និងបន្តនូវឆន្ទៈ និងវីរភាពស្នេហាជាតិនេះបន្ថែមទៀតដើម្បីអនាគតរុងរឿងរបស់យើងទាំងអស់គ្នាក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវបង្ហាញនិងបញ្ញាក់ថាហិង្សាមិនមែនជាដំណោះស្រាយទេ៕

ដោយ៖ សួង សុខសោភា    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ