បណ្ដឹង​​ ​ប៉ែន ចំរ៉ុង និង ​​ភិន សុដាលីស ប្រកាស​សាល​ក្រមថ្ងៃ​​​២០ខែកក្កដា​នេះ

លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស​ កាលពីពេលកន្លងទៅ

នៅទីបំផុតបណ្ដឹងលែងលះរវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី២០ ខែកក្កដានេះ បន្ទាប់ពីភាគីដើមបណ្ដឹងនិងនាង ភិន សុដាលីស សុទ្ធតែមិនព្រមទទួលយកកិច្ចសម្រុះសម្រួលដោយតុលាការ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមគ្រួសារខាងស្រីកាលពីថ្ងៃទី១៥ ខែកក្កដា ជាមួយនឹងភ្នាក់ងារសារព័ត៌មានវីអូឌី។

ពាក់ព័ន្ធនឹងករណីនេះ ឪពុកនាង ភិន សុដាលី លោក អ៊ិន សុភិន ប្រាប់វីអូឌីថា ក្រោយពីការសម្រុះសម្រូលចំនួន២លើកមិនទទួលបានជោគជ័យ តុលាការនឹងកោះហៅឲ្យភាគីខាងលោក ប៉ែន ចំរ៉ុង និងកូនស្រីរបស់លោក ដើម្បីទៅស្ដាប់សាលក្រមលែងលះជាផ្លូវការនៅថ្ងៃទី២០ខែកក្កដាខាងមុខ ដោយលោកថាលោកនៅមិនទាន់ដឹងថាភាគីម្ខាងៗហ្នឹងមានអ្នកណាខ្លះនឹងទៅចូលរួមស្ដាប់សាលក្រមនោះទេ។ ទោះជាយ៉ាងណា លោកថាកូនស្រីរបស់លោកនឹងអាចបង្ហាញខ្លួន បើទោះជានាងកំពុងមានផ្ទៃពោះជិត៧ខែដែលពិបាកដើរឆ្ងាយ។

លោក អ៊ិន សុភិន មានប្រសាសន៍ថាមន្ត្រីតុលាការបានចេញលិខិតឲ្យលោកទៅទទួលយកសាលក្រមលែងលះនោះ ដោយលោកក៏មិនទាន់ដឹងថាក្រៅពីកំណត់ឲ្យភាគីទាំងពីរលែងលះគឺមិនបានដឹងថានឹងមាននីតិវិធីបែបណាទៀតឡើយ។

លោក អ៊ិន សុភិន
លោក អ៊ិន សុភិន

លោកថានាង ភីន សុដាលីស នឹងទទួលបានសិទ្ធិគ្រប់គ្រងកូនម្នាក់ឯងផ្ដាច់មុខ នេះបើយោងតាមអ្វីដែលលោកបានស្ដាប់មេធាវីពន្យល់ ប៉ុន្តែក៏មិនទាន់ដឹងថាមន្ត្រីតុលាការនឹងកំណត់ឲ្យលោក ប៉ែន ចំរ៉ុង នឹងត្រូវផ្ដល់រឿងអាហារកិច្ចបែបណាចំពោះកូនក្នុងផ្ទៃនិងក្រោយពេលកើត។

លោកមានប្រសាសន៍ថា« … សម្រាប់ខ្ញុំ អត់ទាន់ដឹងថាសាលក្រមហ្នឹងគេនិយាយស្អីខ្លះពាក់ព័ន្ធនឹងកូនក្នុងផ្ទៃ ដាលីស ទេ បើទោះជាខាងតុលាការចង់ឲ្យខាងណោះ … (ប៉ែន ចំរ៉ុង) មានកាតព្វកិច្ចអីជាមួយកូន ដាលីស ក៏មិនចាំបាច់ដែរ ព្រោះខ្ញុំមើលទៅថា កូនខ្ញុំអត់ចង់ឲ្យខាងហ្នឹងមកពាក់ព័ន្ធអីទៀតទេ! អីញ្ចឹងឲ្យខាងហ្នឹង រកលុយតែខ្លួនគេទៅ ខាងកូន ដាលីស! ដាលីស ចេះមើលហើយ!»

លោក អ៊ិន សុភិន បញ្ជាក់ថា ភិន សុដាលីស បានត្រឡប់មករស់នៅក្នុងវីឡាជួបជុំជាមួយលោកនិងគ្រួសារវិញហើយ ដោយនាងបានទាំងទទួលការងារនៅក្នុងក្រុមហ៊ុនរបស់លោក ដើម្បីទទួលបានប្រាក់ខែដោយមិនបាច់លាដៃសុំលុយពីលោកចាយដូចមុននោះផង។

លោកថារវាងលោកនិងកូនស្រីថ្វីដ្បិតថាមិនសូវមានរឿងនិយាយគ្នាល្អូកល្អិនដូចកាលមិនទាន់មានរឿង ប៉ុន្តែអារម្មណ៍ឪពុកនិងកូនគឺបានកើតឡើងវិញហើយ បន្ទាប់ពីឃើញកូនស្រីបរាជ័យក្នុងរឿងស្នេហា ហើយធ្លាក់ខ្លួនមេម៉ាយទាំងក្មេងខ្ចី។

លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស កាលពីពេលកន្លងទៅ
លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស កាលពីពេលកន្លងទៅ

លោកមានប្រសាសន៍ថា៖ «ដាលីស រាល់ថ្ងៃធ្វើការឲ្យខ្ញុំ ស៊ីប្រាក់ខែខ្ញុំ គឺអត់ចាយលុយខ្ញុំ ហើយអ្វីៗក៏គាត់យល់ដឹងជាងមុនដែរ។ អីញ្ចឹងហើយ ទើបខ្ញុំអាណិតគាត់ ហើយរកទាំងពេទ្យឲ្យគាត់ ដើម្បីសម្រាលកូនទៀត! គឺថាខ្ញុំសុខចិត្តរកពេទ្យល្អឲ្យគាត់! ខ្ញុំមិនឲ្យគាត់ទៅសម្រាលកូនផ្ដេសផ្ដាសនៅកន្លែងណាទេ!»

លោក អ៊ិន សុភិន បានប្រគល់រថយន្តមួយគ្រឿងឲ្យនាង ភិន សុដាលីស ដើម្បីប្រើការនិងយកចិត្តកូន ដោយលោកថានាងបានទទួលកំហុស ហើយមានផ្ទៃពោះដែលត្រូវការ ការលើកទឹកចិត្ត។

ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន ក៏បានប្រកាសទទួលស្គាល់កូនស្រីរបស់នាង ភិន សុដាលី ថាជាចៅរបស់ខ្លួនផងដែរ បើទោះជាចៅម្នាក់នោះជាឈាមរបស់លោក ប៉ែន ចំរ៉ុង ដែលលោកប្រកាសថាមិនអាចអត់ឱនឲ្យបាននៅក្នុងជីវិត។

យ៉ាងណាមិញពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ិន សុភិន វីអូឌីនៅមិនទាន់ទទួលបានការបញ្ជាក់បន្ថែមពីមន្ត្រីតុលាការបាននោះទេ ខណៈដែលលោកប៉ែន ចំរ៉ុង ក៏មិនអាចសុំការឆ្លើយបំភ្លឺ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ