ភិន សុដាលីស ចោទ​​ ប៉ែន ចំរ៉ុង លេង​ល្បិចមុន​លែងលះ ​​​

តារាសម្ដែង​​​​អ្នក​នាង ​​​ភិន សុដាលីស

កាលពីថ្ងៃទី២៥កក្កដា តារាសម្ដែងអ្នកនាង ភិន សុដាលីស បានសម្រេចចេញមុខធ្វើសន្និសីទកាសែតធំមួយនៅក្នុងក្រុមហ៊ុនរបស់ឪពុកនាងពាក់ព័ន្ធនឹងរ៉ាវទាំងឡាយដែលបានកើតឡើងជាមួយនឹងលោក ប៉ែន ចំរ៉ុង ដែលជាអតីតស្វាមី។

យោងតាមការចោទសួរ នាងបានទទួលស្គាល់លោក ប៉ែន ចំរ៉ុង ពិតជាមិនបានស្រឡាញ់រូបនាងដូចអ្វីដែលលោកបានសម្ដែងអោយឃើញជាសាធារណៈនោះទេ។ ផ្ទុយទៅវិញ នាងថាលោកថែមទាំងបានរៀបសេណារីយោ និងលេងល្បិចគ្រប់យើងធ្វើអោយនាងឈ្លោះជាមួយឪពុកនិងបានជំរុញអោយនាងចុះអេតាស៊ីវិលជាមួយលោក ដើម្បីកុំអោយឪពុកនាងប្ដឹងរឿងចាប់ពង្រត់នោះផង។

ភិន សុដាលីស និយាយថាក្នុងពេលដែលនាងនិង ប៉ែន ចំរ៉ុង ចាប់ផ្ដើមស្រឡាញ់គ្នា លោក អ៊ិន សុភិន ជាឪពុកបានឃាត់ឃាំងយ៉ាងខ្លាំង ហើយនាងក៏មិនដឹងថាក្នុងពេលនោះលោក ប៉ែន ចំរ៉ុង ស្រឡាញ់នាងពិតឬក៏អត់នោះដែរ ដោយគ្រាន់តែដឹងថាលោកលួងលោមដាក់នាងគ្រប់យ៉ាងទើបនាងជ្រើសយកស្នេហា ហើយចេញមុខប្រឆាំងឪពុកម្ដាយ ដោយមិននឹងស្មានថានឹងកើតរឿងដូចពេលនេះ។ នាងថាក្រោយពេលលោក ប៉ែន ចំរ៉ុង ផ្ទុះជម្លោះជាមួយឪពុក ភាគីលោក ប៉ែន ចំរ៉ុង និងបងប្រុសរមែងទាមទារអោយនាងបង្ហោះនេះបង្ហោះនោះ ដើម្បីអោយមហាជនទម្លាក់បញ្ហាទៅខាងឪពុកនិងរៀបសេណារីយោអោយនាងបំបាក់គ្រួសាររហូតដល់នាងសម្រេចចិត្តចុះចេញពីផ្ទះ។

នៅក្នុងពេលនោះលោក ប៉ែន ចំរ៉ុង ក៏បានទាមទារអោយនាងធ្វើនេះធ្វើនោះ ដើម្បីលាងជម្រះកុំអោយមហាជនមានការរិះគន់ដល់ខ្លួននោះផង ដោយនាងបញ្ជាក់ថាដោយសារតែក្នុងពេលនោះគឺនាងមិនខុសពីនារីដែលស្លុងនឹងស្នេហាក៏ចេះតែធ្វើតាមដោយមិនគិតពីលទ្ធផល។ នាងថារឿងដែលខ្លួនហួសចិត្តចុងក្រោយគឺលោក ប៉ែន ចំរ៉ុង និងបងប្រុសបានតេមកបញ្ជាដោយផ្ទាល់អោយនាងចេញវីដេអូចុងក្រោយ ដោយអះអាងថាបណ្ដាលមកពីនាងធ្វើមិនល្អចំពោះលោក ប៉ែន ចំរ៉ុង ទើបបណ្ដាលអោយលោកសម្រេចចិត្តដាក់ពាក្យប្ដឹងលែង។

នាងនិយាយថា៖ «….ពេលគាត់ប្ដឹងលែងខ្ញុំ គាត់ខ្លាចគេរិះគន់ គាត់អោយខ្ញុំធ្វើវីដេអូលាងខ្លួនអោយគាត់! គាត់ថាបើខ្ញុំអត់ធ្វើនឹងល្អមើល ហើយក្រោយមកគាត់អត់សម្រុះសម្រួលមែន ទើបខ្ញុំហួសចិត្ត ព្រោះខ្ញុំអត់មានបានធ្វើអីផងស្រាប់តែគាត់មកប្ដឹងខ្ញុំ(សុំលែង)ហើយមកអោយខ្ញុំនិយាយថាខ្ញុំពិតជាដូចគាត់ចោទចឹង(ផលិតវីដអូ) …!»។

នាងថាមុនពេលលែងគ្នារូបនាងនិងស្វាមីអត់មានឈ្លោះប្រកែកគ្នាធំដុំដែលគួរតែឡើងប្ដឹងគ្នានោះទេ ប៉ុន្តែគឺលោក ប៉ែន ចំរ៉ុង ចាប់ផ្ដើមបង្ហាញអោយដឹងថាលោកបានអស់ចិត្តនឹងខ្លួនតែម្ដង បន្ទាប់ពីចុះអេតាស៊ីវិលហើយ និងរហូតដល់មានកូនទៀតក៏នៅតែគ្រួសារនាងមិនទទួលស្គាល់។

នាងថាក្រោយពេលលោក អ៊ិន សុភិន នៅតែប្រកាសមិនទទួលស្គាល់បើទោះជានាងពរពោះ លោក ប៉ែន ចំរ៉ុង ក៏ចាប់ផ្ដើមប្រែប្រួល១០០អង្សារតែម្ដង រហូតចុងក្រោយក៏សុំលែងនាងដូចអ្វីដែលមហាជនបានឃើញ។ នាងថាខ្លួនពិតជាឆ្នាស់ ប៉ុន្តែសភាពបែបនោះគឺ ប៉ែន ចំរ៉ុង បានដឹងយូរហើយ ហើយនាងក៏បានប្រមាថមាក់ងាយលោកប៉ែន ចំរ៉ុង ក្នុងពេលឈ្លោះគ្នាម្ដងៗនោះដែរ ប៉ុន្តែមកពីលោក ប៉ែន ចំរ៉ុង ក្ដៅក្រហាយរឿងឪពុកនាងមិនអោយឡាននាងយកមកជិះនិងមិនព្រមទទួលស្គាល់ក្នុងពេលដែលនាងនិងលោក ប៉ែន ចំរ៉ុង បានចុះអេតាស៊ីវិលជាមួយគ្នា ទើបរឿងរ៉ាវប្រេះស្រាំគឺចេះតែបានកើតឡើង។ ក្នុងនោះរឿង ប៉ែន ចំរ៉ុង មានអ្នកទី៣ក៏នាងបញ្ជាក់ថាមិនមាននោះដែរ។

នាងនិយាយថា៖ «គាត់ចេះតែរអ៊ូរឿងប៉ាគាត់ទុកឡានចោលអត់យកមកជិះនិងចេះតែនិយាយថាតែពួកខ្ញុំចុះអេតាស៊ីវិលឬមានកូននឹងគ្នាទៅគឺអាចចូលមកនៅគ្រួសារវិញបានហើយ តែដល់ពេលប៉ាគាត់រឹងក៏ចេះតែចឹង!»។

ភិន សុដាលីស បានយល់ឃើញថាលោក ប៉ែន ចំរ៉ុង អាចលួងអោយនាងបានចុះអេតាស៊ីវិលដោយសារតែបានដឹងថាលោក អ៊ិន សុភិន ដាក់បណ្ដឹងរឿងចាប់ពង្រត់កូនក្រមុំ តែក្នុងពេលនោះនាងមិនបានគិតថាគឺជាហេតុផលនោះឡើយ ដោយនឹកស្មានថាគឺក្ដីស្រឡាញ់ពិតប្រាកដ។

នាងនិយាយថា៖ «ក្នុងពេលដំបូងៗខ្ញុំគិតចឹងទេ តែលូវខ្ញុំគិតចឹងដែរ ព្រោះតាំងពីចុះអេតាស៊ីវិលហើយ តាំងពីប៉ានៅតែអត់ព្រមទទួលស្គាល់មកគឺគាត់ប្លែកៗរហូត!»។

ក្នុងនោះសូម្បីតែក្នុងបណ្ដឹងក៏នាងថាមានរឿងហួសចិត្តនោះដែរ បន្ទាប់ពីលោក ប៉ែន ចំរ៉ុង បានរាយរ៉ាប់នូវកំហុសដែលនាងមិនបានធ្វើជាច្រើន ដើម្បីទម្លាក់កំហុសអោយនាងនោះដែរ ដែលនាងឃើញហើយគឺសូមស្មារលានិងប្រកាសមិនចង់ឮសូម្បីតែឈ្មោះតែម្ដង។ នាងបានប្រកាសសុំទោសលោក អ៊ិន សុភិន ជាឪពុក និងសុំទោសមហាជន ដោយសុំកុំអោយប្រកាន់ចំពោះនាងនិងថាអ្វីដែលនាងបានធ្វើគឺជាគំរូអាក្រក់មួយ ដែលនាងនៅតែមានវិប្បដិសារី បើទោះជាក្រុមគ្រួសារអភ័យទោសអោយ។

នាងថារីករាយចង់អោយលោក ប៉ែន ចំរ៉ុង បកអាក្រាតខ្លួនវិញដូចគ្នា ដោយនាងចោទបើអោយលោក ចំរ៉ុង និយាយវិញគឺមិនខ្វះរឿងនោះទេដោយសារតែនាងថាលោកពូកែសម្ដែងនិងពូកែប្រឌិតរឿងដើម្បីយកល្អទាំងខ្លួនមានចំណុចអាក្រក់រាប់មិនអស់។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ ភិន សុដាលីស នេះទូរសព័្ទ២ខ្សែរបស់លោក ប៉ែន ចំរ៉ុង សុទ្ធតែទាក់ទងមិនបានកាលពីល្ងាចក្នុងថ្ងៃដដែល។ យ៉ាងណាមិញ VOD នឹងរង់ចាំចម្លើយតបរបស់លោកនៅពេលក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ