កម្មករ​ទាមទារ​ឲ្យ​តុលាការរឹប​អូស​ទ្រព្យសម្បត្តិ​រោងចក្រមួយដែលបិទទ្វារ​

កម្មកររោងចក្រជុងហ្វៃ នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ តវ៉ានិងជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រដែលបិទទ្វារនោះ។

ក្រុមកម្មករឲ្យដឹងថាម្ចាស់រោងចក្របានបិទរោងចក្រដោយមិនបានប្រាប់ពីមូលហេតុដល់កម្មករនោះទេ។ ហើយថៅកែមិនបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦មកម្លេះ។

កម្មករផ្នែកដេរអ្នកស្រី សាន ចាន់ធឿន មានប្រសាសន៍ថាក្រុមកម្មករព្រួយបារម្ភខ្លាចម្ចាស់រោងចក្រដឹកអីវ៉ាន់ចេញអស់មុនពេលផ្តល់សំណងដល់កម្មករ។

អ្នកស្រីថាកម្មករចង់ឲ្យតុលាការពន្លឿនការចេញដីការឹបអូសបរិក្ខាររោងចក្រទុកជាបណ្តោះអាសន្នសិន ដោយរង់ចាំឲ្យម្ចាស់រោងចក្រផ្តល់សំណងនិងប្រាក់អត្ថប្រយោជន៍ផ្សេងដល់កម្មករសិន។

មេធាវីរបស់កម្មករលោក ហុង សម្បត្តិ ដែលចូលជួបជាមួយមន្រ្តីតុលាការនៅព្រឹកថ្ងៃសុក្រនេះមានប្រសាសន៍ថាតុលាការកំពុងតែរៀបចំនីតិវិធីនិងមានចំណាត់ការ។

ចំណែកគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ ឲ្យដឹងថាក្រសួងកំពុងតែរៀបចំឯកសារពាក់ព័ន្ធផ្សេងៗដើម្បីជួយដល់កម្មករពេលឡើងតុលាការ។ លោក វង្ស សុវណ្ណ ប្រាប់វីអូឌីថាលោកមិនបានដឹងពីមូលហេតុដែលរោងចក្របិទទ្វារនោះទេ។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្រជុងហ្វៃបាននៅឡើយទេ។

ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថាកន្លងមកមានរោងចក្រច្រើនណាស់បានបិទទ្វាររត់ចោលកម្មករ ដោយមិនបានដោះស្រាយប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

លោក ប៉ាវ ស៊ីណា អះអាងថា បើតាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគនិងសម្រាប់បើកជូនកម្មករពេលក្រុមហ៊ុនបិទទ្វារ។ ប៉ុន្តែលោកថាកន្លងមកដោយសារតែការអនុវត្តច្បាប់មិនបានល្អធ្វើឲ្យកម្មកររងទុកលំបាក។

លោកបន្ថែមថា៖ “អញ្ចឹងកន្លែងហ្នឹងខ្ញុំមើលឃើញថាជារឿងមួយដែលខ្សោយបំផុត ដែលយើងនៅតែបណ្តែតបណ្តោយឲ្យដែលជាពលរដ្ឋរបស់យើងរងគ្រោះដោយសារតែអ្នកវិនិយោគមករកស៊ីមិនត្រឹមត្រូវហ្នឹង”។

ក្រុមកម្មករឲ្យដឹងថា រោងចក្រជុងហ្វៃមានកម្មករសរុបប្រមាណ២០០នាក់។ ហើយការតវ៉ានៅថ្ងៃសុក្រនេះពួកគេបានបែងចែកគ្នាជាបីក្រុមមាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រសួងការងារ និងយាមនៅមុខរោងចក្រខ្លាចមានការដឹកអីវ៉ាន់ចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ