រដ្ឋាភិបាល​ព្រមាន​ផ្អាក​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​ឯកជន​ជុំ​វិញ​បម្រាម​ជក់​បារី​នៅ​ទីសាធារណៈ

ក្រសួងទេសចរណ៍ បានព្រមានថា នឹងមិនបន្តអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទេសចរណ៍ណា ដែលមិនបានដាក់បម្រាម ឬណែនាំដល់អតិថិជនរបស់ខ្លួនក្នុងការជក់បារីនៅទីសាធារណៈ ខណៈដែលក្រសួងមួយនេះកំពុងអនុវត្តគោលនយោបាយគ្មានផ្សែងបារីនៅតំបន់ទេសចរណ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ហោ សារុន លើកឡើងក្នុងសិក្ខាសាលានាថ្ងៃទី២២ ខែកក្កដាថា ម្ចាស់ក្រុមហ៊ុនទេសចរណ៍ឯកជន ត្រូវរួមចំណែកទប់ស្កាត់មិនឲ្យមានការជក់បារីនៅទីសាធារណៈក្នុងតំបន់ទេសចរណ៍។

លោកបន្តថា  ក្រុមហ៊ុនអាចដាក់សញ្ញាហាមជក់បារីឲ្យបានធំ និងច្បាស់លាស់ មិនត្រូវបិទផ្សាយផលិតផលបារី និងត្រូវដាក់សារជារូបភាព ឬអក្សរទាក់ទងនឹងគ្រោះថ្នាក់ដែលបង្កដោយបារីជាដើម ដោយថា ដើម្បីជាការអប់រំភ្ញៀវរបស់ខ្លួនកុំឲ្យជក់បារីនៅទីសាធារណៈ។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដដែល លោក ហោ សារុន ព្រមានថា បើក្រុមហ៊ុនឯកជនណាមិនបានអនុវត្តដូចនេះទេ ក្រសួងនឹងមិនបន្តអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មទៀតនោះទេ។

លោក ហោ សារុន ក៏បានលើកឡើងដែរថា ក្រសួងទេសចរណ៍បាន សហការជាមួយក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការជាដៃគូផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយគ្មានផ្សែងបារីនៅតំបន់ទេសចរណ៍នេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំ ដោយសារជំងឺដែលបង្កដោយសារថ្នាំជក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ