លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កែម​ ឡី​ ស៊ូ​ស្លាប់ក៏​​មិន​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ស្នូក​? (ភាគបញ្ចប់)

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ង. បេក្ខភាពវត្តព្រះពុទ្ធឬបេក្ខភាពចូលមឈូស

លោក កែម ឡី ដឹងខ្លួនថាជាបេក្ខភាពជនរងគ្រោះយូរមកហើយ សំណួរសួរថា ម្តេចគេពុំត្រឹមតែចោទប្តឹងឡើងតុលាការ ដូច អ៊ូ វីរៈ  ឬត្រឹមញាត់គុកដូច អ៊ំ សំអាន និងសង្គមស៊ីវិលដទៃទៀតទៅ សូម្បី កឹម សុខា និង សម រង្ស៊ី ក៏គេគំរាមត្រឹមញាត់គុកប៉ុណ្ណោះ។ ចម្លើយលេងៗ គឺគេព្យាយាមទិញលោកច្រើនដងហើយ តែអត់បានការ ចាប់លោកដាក់គុក គុកច្រើនល្មមពេកហើយដោយអ្នកទោសនយោបាយ ប្តឹងឡើងតុលាការ ប្រើដាក់ អ៊ូ វីរៈ រួចហើយ កុំឱ្យគេថាប្រើតាក់ទិចដដែលៗ នៅសល់តែជម្រើសចុងក្រោយប៉ុណ្ណោះគឺជួបសម្លាប់ (ទិញមិនលក់ បណ្តេញមិនទៅ គំរាមមិនខ្លាច សម្លាប់តែម្តងទៅ)។ បានសេចក្តីថា នៅក្នុងកែវភ្នែករបស់អ្នកបញ្ជាឃាតក លោកគឺជាមនុស្សគ្រោះថ្នាក់ជាងអ្នកទាំងអស់នោះទៅទៀត, ជា វិជ្ជា ផ្តល់គំរូនិងការពារប្រយោជន៍តែកម្មករប៉ុណ្ណោះ, ឈុត វុទ្ធី ត្រឹមការពារព្រៃឈើឬផ្តល់គំរូដល់សកម្មជនព្រៃឈើប៉ុណ្ណោះ ដែលមានតែអ្នកធ្វើការជាមួយពួកគេទាំងពីរនាក់ប៉ុណ្ណោះទើបទទួលកេរមត៌កបាន, ឯ កែម ឡី វិញ ជាគំរូសាកល ផ្តល់ជាគំនិត ជាដំណោះស្រាយ បង្រៀនអ្នកជំនាន់ក្រោយ មានការគាំទ្រពីយុវជននិងអ្នកនៅជនបទ កសិករ សង្គមស៊ីវិល គណបក្សនយោបាយមួយចំនួនសូម្បីអ្នកនៅក្នុងគណបក្សកាន់អំណាចខ្លួនឯង ពិសេសគឺលោកផ្តល់ព័ត៌មានដល់ស្ថាប័នសារព័ត៌មានច្រើនខ្លាំងនិងច្រើនវិស័យ ដែលបន្សល់ជាកេរមត៌កមិនត្រឹមតែពិបាកពិឃាតឱ្យក្ស័យទៅតាមបុគ្គលនោះទេ គឺកេរមត៌កនោះបែរជាត្រូវបានពង្រស់ឱ្យកាន់តែរស់រវើកទៅវិញ បន្ទាប់ពីលោកចែកឋានទៅ។

បើគោលដៅដែលគេចង់សម្លាប់លោកគឺដើម្បីឱ្យបញ្ឈប់ការងាររបស់លោក នោះច្បាស់ណាស់ទទួលបានលទ្ធផលផ្ទុយទាំងស្រុង គឺបែរជាជំរុញឱ្យមានអ្នកគាំទ្រជាច្រើនដើរតាមលោកទៅវិញ។ លោក កែម ឡី ធ្លាប់លើកឡើងថា បើម៉ាយ ថាយសាន់ មកខាំលោកដែលត្រឹមតែជាអ្នករូតវាំងនន គឺល្ងង់ខ្លៅជាទីបំផុត ឥឡូវយើងឃើញថាពិតជា ល្ងង់ខ្លៅមែន សុខៗទៅ ធ្វើឲ្យអ្នកវិភាគសាមញ្ញម្នាក់ក្លាយជាវីរបុរសជាតិទទេៗឥតអំពើ បើទុកឱ្យគាត់ស្លាប់តាមធម្មជាតិ គេចងចាំលោកអស់ត្រឹមជាអ្នកចេះដឹងម្នាក់ប៉ុណ្ណោះ ស្របពេលដែលលោកកាលនៅរស់មិនដែលនឹកស្មានដល់សោះថា ខ្មែរអាចឱ្យតម្លៃរូបលោកដល់ម្លឹង។

ពលរដ្ឋជាច្រើនទើបតែចាប់អារម្មណ៍ និងស្វែងរកស្តាប់គំនិតលោកខ្លាំង ពេលបាត់បង់រូបលោកប៉ុណ្ណោះ (ធម្មតាទេ បាត់បង់ទើបដឹងថាមានតម្លៃប៉ុណ្ណា) ពេលនៅរស់មិនដល់ថ្នាក់ហ្នឹងឡើយ ម្នៅៗទៅរុញប្រជាជន រាប់លាននាក់ឱ្យទៅស្តាប់អ្នកស្រាវជ្រាវច្រើនវិស័យម្នាក់ ឲ្យចាប់អារម្មណ៍ពីបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសរបស់ពួកគេ ដែលអាចធ្វើឲ្យពួកគេក្លាយជាបញ្ញវន្តជំនួសលោក កែម ឡី បាន សូម្បីតែ ប៉ុល ពត ក៏យល់ដែរថា បើត្រូវតែសម្លាប់បញ្ញវន្ត ឬមិនអាចសម្លាប់បញ្ញវន្តឲ្យអស់ ក៏មិនត្រូវបង្កើនចំនួនបញ្ញវន្តថ្មីដែរ (រដ្ឋអំណាចបានបន្ថយចំនួនអ្នកចេះដឹងហើយ តាមរយៈការអភិវឌ្ឍវិស័យអប់រំជំហានអណ្តើក)។

វប្បធម៌ក្តិចត្រួយ ឬបញ្ញវន្តជាសត្រូវមានតាំងពីមុនសម័យខ្មែរក្រហមម្ល៉េះ ទោះមានតែខ្មែរក្រហមប៉ុណ្ណោះ ដែលហ៊ានយកមកដាក់ជាគោលនយោបាយក៏ដោយ ក៏អ្នកមានអំណាចជំនាន់ក្រោយនៅតែយកមកសាបព្រោះមកដល់បច្ចប្បន្នដែរ បើស្រង់ទស្សនៈរបស់មេបញ្ជាការយោធាអាមេរិកាំងម្នាក់ដែលមកទេសចរណ៍នៅវាលពិឃាតនាឆ្នាំ១៩៧៩ លោក James Mattis និយាយន័យសំដៅមេដឹកនាំខ្មែរក្រហមថា «ចំពោះមេដឹកនាំនៅក្នុងរបបផ្តាច់ការ គំនិតបើកចំហ និងចេះសួរស្រាវជ្រាវរុករកច្រើនគ្រោះថ្នាក់ជាងជាងកងទ័ពនាវាជើងទឹកដែលផ្ទុកដោយកាំភ្លើងទៅទៀត»

 ច. ដំណើរការស៊ើបអង្កេតឃាតកម្ម

 ការមិនព្រមបញ្ចេញវីឌីអូក្នុងកាំមេរ៉ាសុវត្ថិភាពជាសាធារណៈ និងមិនបង្ហាញភស្តុតាងរឹងមាំ ជាជាងគ្រាន់តែអះអាងថា ជនសង្ស័យជាឃាតក ដូចលោក Phil Robertson លើកឡើង គឺគួរឲ្យសង្ស័យ ហើយអាចជាការជួយបិទបាំងអ្វីម្យ៉ាង ធ្វើឱ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរដែលលោកអះអាងថា «តាមទម្លាប់ឲ្យតែមានរឿងអ្វីមួយពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ូលិសមិនដែលបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវម្តងណានោះទេ»។

សម្មតិកម្មគឺថា ១. ជនសង្ស័យអាចមិនមែនឃាតក ឬជាឃាតកសិប្បនិមិត្ត, ២. ជនសង្ស័យជាឃាតកពិតប្រាកដ តែខ្លាចដោយជនសង្ស័យដទៃទៀត ដែលអាចជាដៃជើងចូលរួមតាមដានជនរងគ្រោះ ឬរៀបចំផែនការធ្វើឃាត (ត្បិតតាមលោក មាស នី ការតាមដានលោក កែម ឡី មានយូរហើយ គឺយ៉ាងហោចណាស់តាំងពីព្រឹត្តិការណ៍អំពើហិង្សាទៅលើព្រឹទ្ធសភានិងការដកលោក កឹម សុខា មកម្ល៉េះ) រកឃើញតួអង្គសម្តែងច្រើន ពាក់ព័ន្ធកាន់តែច្រើន អាចនាំទៅដល់អ្នកដឹកនាំរឿង តួយ៉ាងករណីឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ផ្សាយវីដេអូភ្លាមៗ ក្រោយឃាតកម្ម សាធារណជនចេះអង្កេតដឹងថា ជនសង្ស័យនៅកន្លែងកើតហេតុនៅឡើយ បំបាក់សមត្ថភាពស៊ើបអង្កេតរបស់សមត្ថកិច្ច បើផ្សាយដូចគ្នាក្នុងករណី កែម ឡី អាចស្ពឹកមុខម្តងទៀតនិងពិបាកលាក់បាំងមហាជន, ៣. សម្មតិកម្មមួយទៀតដែលអាចទៅរួចតែមិនទំនង ដោយសារហេតុផលស្ថាប័នស៊ើបអង្កេតមិនឯករាជ្យពីនយោបាយ គឺថា សមត្ថកិច្ចមើលវីដេអូហើយ ឃើញថាជនសង្ស័យមិនមែនឃាតក តែមិនទាន់អាចកំណត់អត្តសញ្ញាណឃាតកបានក្នុងវិដេអូដោយសារមិនស្គាល់អត្តសញ្ញាណឬមុខមិនច្បាស់ ឬក៏មិនចង់តាមរកឲ្យឃើញ សន្មតជនសង្ស័យជាឃាតកងាយនិងឆាប់បានបិទបញ្ចប់សំណុំរឿង។

ករណីលើកលែងនេះ បើបញ្ចេញវីដេអូជាសាធារណៈហើយ បើឃាតកពិតប្រាកដបានមើលឃើញប្រាកដជាគេចខ្លួនបានមុន ភស្តុតាងក្នុងកាំមេរ៉ានោះនឹងអសារបង់ ហេតុនេះហើយទើបក្នុងនីតិវិធីស៊ើបអង្កេត គេមិនចេះតែបញ្ចេញភស្តុតាងជាសាធារណៈផ្តេសផ្តាសទេ បើមិនចាំបាច់, ហេតុនេះហើយទើបព័ត៌មានលំអិតទាក់ទងនឹងឃាតកម្មឬករណីឃាតកម្មដែលមិនទាន់ចាប់ជនល្មើសបាន ប៉ូលីសតែងមិនបញ្ចេញជាសាធារណៈឬប្រាប់អ្នកសារព័ត៌មាន។ ប្រការដែលឃាតកអាចបាញ់សម្លាប់លោកបានភ្លាមៗ ក្រោយលោកដាក់គូទអង្គុយក្នុងម៉ាត និងបានមុនលោកបានផឹកកាហ្វេទៀត បង្ហាញថា ឃាតកទំនងជាតាមលោកតាំងពីលោកចេញពីផ្ទះមកម្ល៉េះ បើពុំដូច្នោះទេក៏មានអ្នកតាមដានឲ្យដែរនៅក្នុងកំឡុងពេលនោះ ហើយប្រហែលរកឱកាសបាញ់ពុំទាន់បាន ដោយសារឃាតកចង់បាញ់នៅកម្រិតចម្ងាយជិត និងធានាថាស្លាប់ (បាញ់ពីចម្ងាយក៏អាចធានាថាស្លាប់ដែរឲ្យតែមានពូកែបាញ់តម្រង់ឲ្យចំក្បាលទៅ) ឬម្យ៉ាងទៀត ពួកគេចង់បាញ់នៅទីសាធារណៈ ឬក៏ដឹងថា លោកបម្រុងនឹងទៅកន្លែងណាហើយ ឃាតកចង់បាញ់នៅទីនោះតែម្តង។ បើករណីមានណាត់ ការបាញ់នៅទីណាត់ជួបដូចជាប្រថុយពេកហើយ ព្រោះបើមានអ្នកណាត់មកដល់មុននៅចាំលោក កែម ឡី នឹងបង្កការលំបាកដល់ឃាតក ហេតុនេះហើយទើបឃាតកម្មគេនិយមបាញ់បុគ្គលពេលនៅម្នាក់ឯង ទោះពេលនៅម្នាក់ឯងនោះ មានមនុស្សមិនស្គាល់គ្នានៅជុំវិញក៏ដោយ។ មានន័យថា បើលោកមានណាត់ ហើយលោកទៅយឺតបន្តិចឲ្យអ្នកណាត់មកដល់មុន ឃាតកថាមិនត្រូវអាចកែប្រែផែនការបាន ក៏មានន័យថា បើលោកទៅណាមកណាមានគ្នាច្រើនកាលណា ហានិភ័យទាបកាលនោះ មិនមែនមកពីកៃកាំភ្លើងគេកេះពុំបានពេលមានមនុស្សច្រើននោះទេ មកពីឃាតកមិនចង់ថ្លោះធ្លោយព្រោះតែមនុស្សច្រើនដែលស្គាល់លោកនៅក្បែរនោះ កុំភ្លេចថា កឹម សុខា មិនត្រូវបានគេចាប់ខ្លួនទេ ដរាបណាពលរដ្ឋនៅព័ទ្ធជុំវិញ។

 ឆ. ទ្រឹស្តីទិដ្ឋាការបី និងទ្រឹស្តីលទ្ធផលបី នៃការធ្វើនយោបាយ

 លោក កែម ឡី បានលើកឡើងថា «ជាទូទៅខ្ញុំដាក់ខ្លួនថានៅពេលដែលយើងចាប់ផ្តើមវិភាគ យើងត្រូវមានលិខិតឆ្លងដែនមួយហើយមានវីហ្សាបី។ ទីមួយ បើសិនជាគេមិនសប្បាយចិត្ត គេឲ្យយើងទៅមន្ទីរពេទ្យ យើងទៅៗ, មិនសប្បាយចិត្ត គេឲ្យយើងទៅព្រៃស យើងទៅៗ, ហើយបើសិនជាគេមិនសប្បាយចិត្ត ហើយគេឲ្យយើងទៅវត្តព្រះពុទុ្ធ យើងទៅៗ។ អាហ្នឹងបានយើងវិភាគទៅ យើងបញ្ចេញយោបល់ទៅ វាត្រូវជ្រុងណា ក៏ប៉ុន្តែបើសិនជាយើងខ្លាចនូវវីហ្សាបីហ្នឹងទេ ខ្ញុំគិតថាវាពិបាកនឹងផ្តល់ផលដល់សង្គម»។

ទ្រឹស្តីទិដ្ឋាការឬវីហ្សាបីស្រដៀងគ្នានឹងទ្រឹស្តីធ្វើនយោបាយត្រូវស្លាប់ ជាប់គុក រត់ចោលស្រុក នៅសម័យសង្គមរាស្ត្រនិយម។

លោកមេធាវី ង៉ែត ហៀន ក្នុងសៀវភៅ «ឧត្តមគតិ លោក អៀវ កើស» បោះពុម្ពឆ្នាំ១៩៧១ ដែលជាមនុស្សជំនិតនិងជំនួយការរបស់លោក អៀវ កើស ប្រធានរដ្ឋសភានិងមេដឹកនាំគណបក្សប្រជាធិបតេយ្យសម័យសង្គមរាស្ត្រនិយម បានរំឭកថា «មនុស្សអ្នកនយោបាយកសាងជាតិពិតប្រាកដត្រូវតែទទួលលទ្ធផល ៣យ៉ាង៖ ទី១ ត្រូវស្លាប់ខ្លួន ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ។ ទី២ ត្រូវជាប់គុក ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ។ ទី៣ ត្រូវរត់ចោលស្រុក ចោលប្រទេស ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ។» ទ្រឹស្តីនេះបង្ហាញពីលទ្ធផលធ្វើនយោបាយដែលអ្នកស្នេហាសង្គមជាតិត្រូវប្រឈមនៅក្នុងប្រទេសដែលអសន្តិសុខ អយុត្តិធម៌ ប្រព័ន្ធនយោបាយពោរពេញដោយអំពើហិង្សា ហើយជាទ្រឹស្តីកើតចេញពីព្រឹត្តការណ៍គប់គ្រាប់បែកចោលទៅក្នុងរដ្ឋសភា ធ្វើឃាតលោក អៀវ កើស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ វេលាម៉ោង៦ល្ងាច និងគ្រោះថ្នាក់នានាកើតចេញពីការតស៊ូរំដោះពីនឹមអាណានិគមបារាំង ក៏រាប់ទាំងជម្លោះនយោបាយរវាងខ្មែរគ្នាឯងផងដែរ។ ស្លាប់ គុក រត់ចោលស្រុក ជាទ្រឹស្តីកើតចេញពីអ្នកពលី មិនមែនចេញពីអ្នកក្លាហានក្លែងក្លាយទេ ប៉ុន្តែវាត្រូវបានបំប្លែងដោយអ្នកនយោបាយក្រោយមក ជាទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុក។ ទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុកនេះត្រូវបានលោក សម រង្ស៊ី អនុវត្តបានខ្ជាប់ខ្ជួនល្អ ប៉ុន្តែសូម្បីតែមនុស្សដែលលោក សម រង្ស៊ី ខ្លួនឯងចាត់ទុកជាដៃគូស្លាប់រស់នោះ គឺលោក កឹម សុខា ក៏មិនដើរតាមទ្រឹស្តីរបស់លោកដែរ។ ផ្ទុយទាំងស្រុងទៅនឹងទ្រឹស្តីធ្វើអ្នកវិភាគត្រូវមានទិដ្ឋាការបី ឬអ្នកវិភាគជាបេក្ខភាពបីរបស់លោក កែម ឡី (បេក្ខភាពចូលពេទ្យ, ព្រៃស, វត្តព្រះពុទ្ធ) ទោះបីទិដ្ឋាការ ពេលឮ គេគិតដល់ការចាកចេញទៅបរទេស ទិដ្ឋាការរបស់លោក កែម ឡី គ្មានជម្រើសមួយនេះទេ ព្រោះបើមានទិដ្ឋាការរត់ចោលស្រុក ហើយលោក កែម ឡី ប្រើទិដ្ឋាការនេះ លោកនឹងត្រូវគេចាត់ទុកជាអ្នកក្លាហានក្នុងស្នូកដូចលោក សម រង្ស៊ី ដែរឬក៏ជាអ្នកវិភាគក្នុងស្នូក ក្បត់នឹងទ្រឹស្តីខ្លួនឯង ហេតុនេះហើយទើបទោះគេរងការគំរាមកំហែងឱ្យរត់ទៅបរទេស ក៏លោកស៊ូស្លាប់មិនចាកចេញដែរ មិនសូម្បីតែប្រកាសថាខ្លាច ឬឲ្យយើងដឹងជាមុនអំពីការគំរាមសម្លាប់ទៅទៀត។

នេះសបញ្ជាក់ថា ធ្វើជាអ្នកវិភាគចែងទ្រឹស្តីហើយត្រូវតែហ៊ានតេស្តទ្រឹស្តីនោះដោយខ្លួនឯង ទោះត្រូវយកជីវិតទៅតេស្តក៏ដោយ។  ឃាតកម្មលើលោក កែម ឡី ជាសារព្រមានរបស់រដ្ឋាភិបាល តែមរណភាពរបស់លោកគឺជាសារចេញពីដួងចិត្តរបស់លោក យកការលះបង់ជីវិតមកប្រាប់ថា មានតែអ្នកវិភាគឯករាជ្យគំរូទេ ទើបមិនរត់ចោលពលរដ្ឋនៅក្នុងស្ថានភាពគ្រោះថ្នាក់ វិភាគដោយមិនចង់បានសន្លឹកឆ្នោតឬប្រយោជន៍អ្វីឡើយពីជនរួមជាតិ។ ទស្សនវិទូក្រិច សូក្រាតបានផឹកទឹកថ្នាំពុលនិងមានសិស្សនៅជុំវិញមុនធ្វើអត្តឃាតក្នុងគុក ទោះមានឱកាសគេចខ្លួនក៏ដោយក៏លោកបដិសេធ ដើម្បីបង្ហាញថា លោកជាទស្សនវិទូពិតប្រាកដ គ្មានការភ័យខ្លាចនិងស៊ូស្លាប់ប្រឆាំងនឹងភាពអយុត្តិធម៌នៅក្នុងសង្គមក្រិចសម័យនោះ ចំណែកលោក កែម ឡី វិញគ្មានសិស្សនៅក្បែរពេលស្លាប់ ហើយមិនបានសូម្បីតែផឹកកាហ្វេចុងក្រោយទៅទៀត បែរបានផឹកគ្រាប់កាំភ្លើងជំនួសវិញ។ បើកាលណោះ សូក្រាតគេចខ្លួន ខ្លួនប្រាណលោកអាចនៅរស់ តែកិត្តិនាមលោកនឹងស្លាប់ ស្អុយឈ្មោះនៅក្នុងទំព័រប្រវត្តិទស្សនវិជ្ជាក្រិចពុំខានឡើយ លោក កែម ឡី មានជំហរដូចសូក្រាតនៅកាលណោះអ៊ីចឹង គឺស៊ូស្លាប់ជាបុគ្គលនិមិត្តរូប (Martyr) ប្រសើរជាងរស់នៅជាអ្នកវិភាគក្នុងស្នូក! ចាប់ពីមរណភាពរបស់លោកទៅ ពលរដ្ឋនឹងឲ្យតម្លៃអ្នកស្រាវជ្រាវនិងអ្នកវិភាគឯករាជ្យជាងពេលណាៗទាំងអស់ មិនចេះតែជឿអ្នកនយោបាយទៀតឡើយ៕

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ