លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កែម​ ឡី​ ស៊ូ​ស្លាប់ក៏​​មិន​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ស្នូក​? (ភាគទី២)

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ខ. ប្រព័ន្ធផ្សព្វផ្សាយនិងឃាតកម្មលើលោក កែម ឡី

គេពុំអាចបន្ទោសសារព័ត៌មានទាំងស្រុងថាគ្មានទំនួលខុសត្រូវឬគ្មានប្រព័ន្ធធានារ៉ាប់រងចំពោះមរណភាពរបស់លោកនោះទេ (បើមានគឺជាការប្រសើរ ដែលស្ថាប័នព័ត៌មានឬក្លឹបអ្នកកាសែតគួរបង្កើតវាពីពេលនេះតទៅ) ត្បិតសាធារណមតិជឿថាមូលហេតុចម្បងនៅពីក្រោយឃាតកម្មរបស់លោកគឺការអធិប្បាយអំពីរបាយការណ៍ Global Witness ប៉ះពាល់ខ្លាំងដល់ត្រកូលហ៊ុនដែលរបាយការណ៍នេះចាត់ទុកជាគ្រួសារមានអំណាចបំផុត បើមិនមែនមានបានបំផុតនៅកម្ពុជាឱ្យវីអូអេនិងអាស៊ីសេរីដែលជាសារព័ត៌មានរដ្ឋាភិបាលចោទថាប្រឆាំងនិងស្អប់ជាងគេ។

ទោះបីយ៉ាងណា លោក កែម ឡី ស្លាប់ទៅជាខ្មោចហើយក៏ដោយ ក៏លោកពុំបន្ទោសពួកគេទាំងនោះដែរ មូលហេតុគឺថាអ្នកសារព័ត៌មានខ្លួនឯងក៏ការពារខ្លួនឯងមិនបានផង មានករណីមិនតិចទេដែលចាងហ្វាងនិងអ្នកធ្វើការឲ្យសារព័ត៌មានត្រូវគេធ្វើឃាតនិងវាយដំច្រំធាក់ មិនមែនតែអ្នកនយោបាយ សង្គមស៊ីវិល និងសកម្មជននោះទេ។

អង្គការ Human Rights Watch បានអះអាងថានៅកម្ពុជាមានមនុស្សលើសពី៣០០នាក់ដែលត្រូវបានសម្លាប់ដោយសារមូលហេតុនយោបាយតាំងពីទសវត្សឆ្នាំ១៩៩០។ គ្មានទឹកភ្នែកមួយតំណក់ណាដែលស្រក់ញាំញ៉ីថ្ពាល់របស់អ្នកសារព័ត៌មានទាំងនោះជាទឹកភ្នែកក្លែងក្លាយឬចង់ឱ្យមានព្រឹត្តិការណ៍បែបហ្នឹងកើតឡើងទេ ពិសេសគឺទៅលើអ្នកវិភាគដែលពួកគេឧស្សហ៍សុំសម្ភាសន៍ ហេតុនេះហើយទើបអាស៊ីសេរីបានបន្តរាយការណ៍លម្អិតអំពីព្រឹត្តិការណ៍ទាក់ទងទាំងឡាយអំពីលោក កែម ឡី ថែមទាំងផ្សាយផ្ទាល់ទៀត ព្រោះខ្ញុំជឿថាពួកគេនៅតែចិញ្ចឹមចិត្តបន្ទោសខ្លួនឯងនៅឡើយទេមកទល់ម៉ោងនេះ ស្របពេលអាស៊ីសេរីទំនងជាសារព័ត៌មានដែលមានការសម្ភាសនិងកិច្ចពិភាក្សាច្រើនជាងគេបង្អស់របស់លោក កែម ឡី បន្ទាប់ពីវីអូឌី ត្បិតប្រធានវីអូឌីលោក ប៉ា ងួនទៀង ក៏មនុស្សម្នាក់នៃគណៈកម្មការសពលោក កែម ឡី ដែរ សូម្បីយើងអ្នកសរសេរផ្ញើអត្ថបទទៅបុគ្គលិកវីអូឌីទំនងជារវល់រឿងលោក កែម ឡី ពេកមិនបានរកពេលចុះផ្សាយឱ្យផង។ គេអាចបន្ទោសពួកគេបានថាគិតតែពីផលប្រយោជន៍ខ្លួនឯង ចង់បានតែការសម្ភាសពុំសូវគិតពីហានិភ័យរបស់អ្នកផ្តល់ព័ត៌មាន ប៉ុន្តែតាមពិតទៅ ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវតែងលាក់អត្តសញ្ញាណជូនអ្នកផ្តល់ព័ត៌មានដែលងាយរងគ្រោះនិងមិនបញ្ចេញអត្តសញ្ញាណ បើពួកគេមិនអនុញ្ញាត ក្រឡៃសំឡេងបើខ្លាចគេចំណាំសំឡេងជាដើម សុខចិត្តជាប់ពន្ធនាគារជំនួសអ្នកផ្តល់ព័ត៌មានរស៊ើបទៅទៀត បើមានការគំរាមកំហែងដល់សន្តិសុខរបស់អ្នកផ្តល់ព័ត៌មានក៏មិនទម្លាយអត្តសញ្ញាណគេដែរ មិនមែនគុណធម៌ទេគឺទំនួលខុសត្រូវ។ ឯករណីលោក កែម ឡី ទាំងអ្នកសួរគេនិងអ្នកត្រូវគេសួរសុទ្ធតែរងហានិភ័យប្តឹងផ្តល់ឡើងតុលាការ ជាប់គុក បាញ់សម្លាប់ដូចតែគ្នាទេ ហេតុនេះហើយ និយាយម្តងទៀតនៅក្នុងទ្រុងខ្លា ចៀមមិនគួរបន្ទោសគ្នាឯងឡើយ បន្ទោសខ្លាដែលស៊ីមិនចេះឆ្អែតទៅទើបត្រូវ!

គេរឹតតែពុំគួរចោទប្រកាន់សង្គមស៊ីវិលថាកេងចំណេញពីឃាតកម្មលើលោក កែម ឡី ដូចលោក សុខ ទូច អះអាងដែរ ត្បិតជួយជ្រោមជ្រែងបុណ្យសពមនុស្សដែលពួកគេគោរពឲ្យតម្លៃមានអ្វីចម្លែកទៅ ហើយរឹតតែមិនបានចំណេញអ្វីទៅទៀត ត្បិតចំណាយពេលមមាញឹករបស់ពួកគេមកធ្វើ បំផុតនោះគឺមានតែដាក់ខ្លួនឯងនៅក្នុងហានិភ័យទៅទៀត ត្បិតលោកទើបតែត្រូវគេធ្វើឃាតមិនដឹងតើថាអាចមាននរណាទៀតជាបេក្ខជនបន្ទាប់ឬក៏អត់ឡើយ ដូចព្រះសង្ឃ ប៊ុត ប៊ុនតិញ បានឱ្យដឹងថាមានគេតាមថតដំណើរប្រព្រឹត្តទៅនៃបុណ្យសពនៅឡើយទេ បើនិយាយបែបកំប្លែងគឺនៅខ្លាចសាកសពមិនទាន់ស្លាប់ទៀត។

គ. ហានិភ័យរបស់អ្នកវិភាគឯករាជ្យនិងអ្នករិះគន់រដ្ឋាភិបាល

 អំពីហានិភ័យអ្នកវិភាគ ក៏មិនមែនអ្នកវិភាគទាំងអស់សុទ្ធតែរងគ្រោះនោះដល់អាយុជីវិតនោះដែរ ជាក់ស្តែងលោក អ៊ូ វីរៈ គ្រាន់តែរងបណ្តឹងតុលាការប៉ុណ្ណោះ លោក មាស នី ក៏អធិប្បាយអំពីរបាយការណ៍ Global Witness ជាមួយលោក កែម ឡី ដូចគ្នាដែរនៅវេទិកាអាស៊ីសេរី ក៏ពុំទាន់ឮលោកប្រាប់ពីការគំរាមដែរ ឯលោក សុខ ទូច នៅពេលធ្វើការឱ្យរដ្ឋាភិបាលអំពីរឿងព្រំដែន សារគំរាមតាមហ្វេសបុកពីយុវជនសាមញ្ញម្នាក់ ក៏ត្រូវរដ្ឋាភិបាលចាត់វិធានការលឿនរហ័សទាន់ចិត្តដែរ។ ឱ្យមែនទែនទៅ សារគំរាមលោក មាស នី និងអ្នកវិភាគឯទៀតត្រូវបានគេបញ្ជូនឲ្យរួចហើយ គ្រាន់តែដោយប្រយោល មិនមែនផ្ទាល់ដល់ត្រចៀក ឬដល់សៀតផ្កា ដោយសម្លាប់ដៃគូរបស់ពួកគេនៅទីសាធារណៈទាំងពេលព្រឹកថ្ងៃសម្រាកឱ្យមានមនុស្សម្នាឃើញច្រើន ជាសារប្រាប់អ្នកទាំងអស់នោះថា លូកដៃ ដាច់ដៃ លូកជើង ដាច់ជើង លូកមាត់ ដាច់ក្បាល។

ខ្ញុំបានវិភាគនៅក្នុងអត្ថបទមុន «សម្លាប់លោក កែម ឡី ធ្វើឃាតប្រជាប្រិយរដ្ឋអំណាច» ថាការជ្រើសរើសទីតាំងសាធារណៈធ្វើឃាតគឺជាកំហុសផ្នែកតាក់ទិចឃាតកម្មដែលបង្ហាញថា ជនសង្ស័យពុំមានភាពឈ្លាសវៃ ពុំមែនជាឃាតកអាជីព មានជំនាញសម្លាប់ តែរៀបចំផែនការសម្លាប់ខ្សោយ។ គំនិតខាងលើខ្វះចន្លោះត្រង់គោលបំណង «សម្លាប់ ១ គំរាមរាប់លាន» ដែលអ្នកបញ្ជាមិនត្រឹមតែមិនសូវខ្វល់ពីប្រតិកម្មសាធារណៈទេ តែគឺចង់ផ្ញើសារគំរាមសាធារណជនថែមទៀត ដោយមិនចាំបាច់គិតពីកត្តាដែលថា អ្នកបញ្ជានោះសម្រេចចិត្តត្រឹមត្រូវ ឬសម្រេចបំណងបំភ័យនោះ ឬក៏អត់។

សម្លាប់នៅទីសាធារណៈអាចមិនមែនជាកំហុស បើឃាតកម្មនយោបាយនេះមិនមែនមានគោលបំណងត្រឹមសម្លាប់ គឺបំភ័យឱ្យអ្នកដទៃខ្លាចការត្រូវគេសម្លាប់បន្ទាប់ពីជនរងគ្រោះផងដែរ។ ឃាតកម្មលើលោក កែម ឡី ជាឃាតកម្មថ្មីលើកទីពីរ បើរាប់ពីការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមួយ សម្លាប់ដើម្បីគំរាម មួយទៀត សម្លាប់ដើម្បីសម្លាប់ ឬប្រហែលដើម្បីផលហេតុសេដ្ឋកិច្ចប្រជែងមុខជំនួញធំ ដូច្នេះសារជាតិនៃឃាតកម្មអាចឱ្យយើងយល់ពីឃាតកនិងអ្នកនៅពីក្រោយខ្នងបាន។ ផ្តល់បទសម្ភាសឲ្យអាស៊ីសេរី នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក Phil Robertson ចាត់ទុកអំពើឃាតកម្មលើលោក កែម ឡី នៅកណ្តាលថ្ងៃចែស ជាសារព្រមានមួយពីរដ្ឋាភិបាល និងមន្ត្រីគណបក្សកាន់អំណាច ទៅកាន់អ្នកណាដែលហ៊ានរិះគន់ប៉ះពាល់ដល់នាយករដ្ឋមន្ត្រី និងគ្រួសាររបស់លោក។

ប្រាប់សារព័ត៌មាន ABC លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» លើកឡើងស្រដៀងគ្នាដែរថា «ការបាញ់សម្លាប់នៅកណ្តាលថ្ងៃ នៅទី [ដែលមានមនុស្សម្នា]មមាញឹក វាហាក់ដូចជានរណាក៏ដោយដែលប្រព្រឹត្តអំពើនេះ ចង់ឱ្យវាត្រូវបានគេឃើញជាសាធារណៈ និង … ចង់បញ្ជូនសារអ្វីមួយ»។

យោងតាមបុព្វហេតុនេះ បើការស៊ើបអង្កេតធ្វើឡើងដោយឯករាជ្យនិងអព្យាក្រឹតពីនយោបាយ សមត្ថកិច្ចប្រាកដជាស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យឲ្យបានមុនអ្នកសារព័ត៌មាន ប្រកាសស្វែងរកអ្នកឌុបជនសង្ស័យមកកន្លែងកើតហេតុនិងរកឃើញឆាប់រហ័ស សាកសួរសាក្សីដែលចំណាំមុខឃាតកនិងអ្នកឌុបឃាតក ពិសេសគឺលោកនាយករដ្ឋមន្ត្រីនិងសមាជិកគ្រួសារបស់លោកនឹងត្រូវបានសមត្ថកិច្ចកំណត់ជាមុខសញ្ញាសង្ស័យថាជាអ្នកបញ្ជាពីក្រោយបានមុនគេ ព្រោះមានបុព្វហេតុ (Motive) បញ្ជាធ្វើឃាតគ្រប់គ្រាន់សម្រាប់ឲ្យគេចោទប្រកាន់ ឬដាក់មន្ទិលសង្ស័យលើ។

ការរក្សាឈ្មោះសិប្បនិមិត្តរបស់ជនសង្ស័យ «ជួប សម្លាប់» មិនព្រមប្រើឈ្មោះពិត «អឿត អាង» ជាការបង្ហាញពីភាពខ្សោយដោយចេតនាអំពីការស៊ើបអង្កេតទៅហើយ ការពុំផ្សព្វផ្សាយព័ត៌មានឃាតកម្មនេះនៅលើប្រព័ន្ធផ្សព្វផ្សាយដែលគ្របដណ្តប់ដោយគណបក្សកាន់អំណាច កាន់តែជួយបំពេញភស្តុតាងថា បើមិនជាប់ពាក់ព័ន្ធនឹងរដ្ឋអំណាច យ៉ាងហោចណាស់ក៏គេអាចចោទថា ចូលរួមប្រព្រឹត្តបទល្មើសដោយលាក់បិទបទឧក្រិដ្ឋដែរ។

 ឃ. ឃាតកម្មលើដីខ្មែរ អ្នកបញ្ជា វៀតណាម ឬ ខ្មែរ ឬ ទាំងពីរ?

 កាលពីព្រឹត្តិការណ៍កោះពេជ្រ គណបក្សប្រឆាំងចោទវៀតណាមថានៅពីក្រោយដែរ ឲ្យមែនទែនទៅ បក្សនេះតែងចូលចិត្តបកប្រែព្រឹត្តិការណ៍ណាមួយ ថាវៀតណាមនៅពីក្រោយរហូត ពិត មិនពិត មិនទាន់បានស៊ើបមើលថាត្រូវ ឬអត់មិនអាចជាការទេ ក៏មិនគួរចោទប្រកាន់ដោយពុំមានភស្តុតាងរឹងមាំដែរ។

ទំនោរទៅរកការភ្ជាប់រឿងរ៉ាវគ្រប់យ៉ាងទៅនឹងវៀតណាមសឹងក្លាយជាវប្បធម៌ទៅហើយ មិនមែនមាននៅក្នុងចិត្តគំនិតគណបក្សប្រឆាំងទេ។ ប៉ុន្តែករណីនេះវិញ លោក សម រង្ស៊ី ចោទរដ្ឋាភិបាល ហើយលោក អ៊ំ សំអាន ចាត់ទុកថាមកពីរិះគន់ត្រកូលហ៊ុនព្រមទាំងចាត់ទុកខ្លួនឯងជាបេក្ខជនបន្ទាប់ទៅទៀត បើនៅក្រៅឃុំ ប្រការនេះទុកថា លោកឈ្លាសវៃទៅចុះ ត្រង់មើលឃើញថាជាប់គុកមានសុវត្ថិភាពជាង កន្លែងគ្រោះថ្នាក់បំផុតគឺកន្លែងមានសុវត្ថិភាពបំផុត។ សម្មតិកម្ម វៀតណាមនៅពីក្រោយ សំអាងថា លោកចុះស្រាវជ្រាវច្រើនពីបញ្ហាជនអន្តោប្រវេសន៍វៀតណាមនិងព្រំដែនទាំងនៅកម្ពុជានិងនៅកម្ពុជាក្រោម មានគម្រោងសិក្សាតាមកោះនានា ធ្លាប់ប្រកាសប្រឆាំងនិងអំពាវនាវឱ្យប្រជាពលរដ្ឋប្រឆាំង បើមានការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញទាក់ទងនឹងព្រំដែន ដែលអាចធ្វើឱ្យការបោះបង្គោលព្រំដែនជាមួយវៀតណាមកន្លងមកស្របច្បាប់ជាស្ថាពរ ថាជាមូលហេតុដែលវៀតណាមចង់សម្លាប់លោក ឬខ្ចីដៃខ្មែរសម្លាប់លោក។ វាអាចទៅរួច តែប្រហែលពុំមែនជាមូលហេតុធំនោះទេ គឺថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃមិនហ៊ានធ្វើដែរ

សូមកុំភ្លេចថា នៅពាសពេញទំព័រប្រវត្តិសាស្ត្រខ្មែរ គឺខ្មែរសម្លាប់ខ្មែរច្រើនជាងបរទេសសម្លាប់ខ្មែរទៅទៀត មិនចាំបាច់លើកពីខ្មែរក្រហមក៏បានដែរ ត្រឹមឃាតកម្មនយោបាយគឺមានតាំងពីក្រោយអាណានិគមបារាំងមកម្ល៉េះ កុំឲ្យគេថានៅសម័យបារាំង បារាំងសម្លាប់ខ្មែរ សម័យយួនសៀម យួនសៀមសម្លាប់ខ្មែរ សូម្បីសម័យសៀមយួនបារាំងហ្នឹង ក៏មានអ្នកខ្លួនខ្មែរក្បាលបរទេសមិនតិចដែរ បើគ្មានការសហការពីខ្មែរខ្លួនឯង បរទេសពិបាកសម្លាប់ខ្មែរណាស់។

ទស្សនៈមួយទៀតគឺថា វៀតណាមចង់ព្រមានរដ្ឋាភិបាលខ្មែរខ្លះអំពីការគាំទ្រចិនក្នុងរឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ដូច្នេះបើសម្លាប់លោក កែម ឡី គេនឹងសង្ស័យគណបក្សកាន់អំណាច អាចធ្វើឲ្យខ្មែរខាំគ្នាឯង វៀតណាមចាំទទួលប្រយោជន៍។ ទស្សនៈនេះមិនទំនងត្រង់ថា បើវៀតណាមធ្វើឲ្យរដ្ឋាភិបាលពិបាកឬចាញ់ឆ្នោត «សម្លាប់លោក កែម ឡី ធ្វើឃាតប្រជាប្រិយរដ្ឋអំណាច» មានតែធ្វើឲ្យរដ្ឋាភិបាលខ្មែរទោរកចិនកាន់តែខ្លាំង បាត់បង់គណបក្សកាន់អំណាចដែលជំពាក់គុណវៀតណាម បាននរណាសងគុណជំនួស គណបក្សផ្សេងអាចនឹងអនុវត្តច្បាប់អន្តោប្រវេស្តតឹងរឹង (ត្រូវចាំមើលថា បក្សកាន់អំណាចថ្មីអាចធ្វើអ្វីខ្លះ និងអាចឡើងកាន់អំណាចបាន ឬក៏អត់ដែរ) បណ្តេញវៀតណាមដែលរស់នៅខុសច្បាប់នៅលើដីខ្មែរ សើរើការបោះបង្គោលព្រំដែន លុបសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ទាមទារកោះត្រល់ ប្តឹងតុលាការអន្តរជាតិពីការរំលោភបំពានពីវៀតណាម … វៀតណាមមិនទំនងជាល្ងង់ទៅប្រលូកក្នុងហានិភ័យបែបនេះឡើយ។ ចម្លើយមានច្រើនត្រូវការតេស្តជាមុន វៀតណាមសម្រេចចិត្តខុសទៅធ្វើឃាតលោកឬវៀតណាមខ្ចីដៃខ្មែរ ឬរដ្ឋអំណាចសម្រេចចិត្តខុសដោយមិនបានពិចារណាពីផលវិបាកកើតចេញពីឃាតកម្ម ឬក៏ទាល់ច្រក ទុកក៏មិនបាន សម្លាប់ក៏ខាត, ខាតៗទៅ គ្រាន់ជាងទុកឱ្យនៅបន្តទៀតដែរ។

ទស្សនៈដែលថា លោកធ្វើឲ្យគណបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាពខ្លាំង ទើបពួកគេសម្លាប់លោក ទោះបីគណបក្សកាន់អំណាចប្រហែលជាគិតអីចឹងមែន ក៏ដោយ ក៏គណបក្សនេះមិនមែនទើបតែធ្លាក់ប្រជាប្រិយភាពឯណា គឺធ្លាក់តាំងពីមុនការបោះឆ្នោតឆ្នាំ២០១៣មកម្ល៉េះ ហើយមូលហេតុមកពីគណបក្សនេះបំពេញសេចក្តីត្រូវការរបស់ប្រជាជនពុំបាន ពុំមែនមកពីអ្នករិះគន់ទេ អ្នករិះគន់គ្រាន់តែបើកវាំងនន ឲ្យឃើញពីកំហុសដែលមានស្រាប់ប៉ុណ្ណោះ មិនមែនទម្លាក់កំហុសឲ្យឯណា។

ទស្សនៈផ្សេងទៀតថា គណបក្សកាន់អំណាចមិនទំនងជានៅពីក្រោយទេ ព្រោះបើធ្វើមែន វានាំឱ្យគេសង្ស័យ ត្បិតរបាយការណ៍ Global Witness ទើបតែចេញផ្សាយថ្មីៗ ខ្ញុំគិតថា គេមានគម្រោងច្បាស់លាស់ថាត្រូវចេញផ្សាយនៅថ្ងៃខួបធ្វើរដ្ឋប្រហារ ៧ កក្កដា ដូចរបាយការណ៍មុនអំពីខួប៣០ឆ្នាំនៃការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី។ ទស្សនៈនេះមិនសូវសមហេតុផលទេ ឃាតកម្មនយោបាយកន្លងមកអាចធ្វើនៅទីសាធារណៈ បិទបញ្ចប់រឿងក្តីដោយងាយស្រួល បង្ហាញថាតាំងពីដើមរៀងមក រដ្ឋាភិបាលមិនដែលបារម្ភពីការចោទប្រកាន់ទេ ទោះពលរដ្ឋលែងជឿលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏ពួកគេនៅផ្សាយកុហកដដែលៗដែរ។ ឧបមាថា ឃាតកម្មលើលោក កែម ឡី មានវៀតណាមនៅតែក្រោយទៅចុះ ក៏វានៅតែជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលដែរ ព្រោះបរទេសអាចធ្វើឃាតពលរដ្ឋខ្មែរនៅលើទឹកដីខ្មែរ ហើយជាអ្នកល្បីទៅទៀត វាបង្ហាញថា រដ្ឋាភិបាលស៊ីប្រាក់ខែពលរដ្ឋអស់ទទេៗហើយ មិនអាចធានាសន្តិសុខជូនពលរដ្ឋបានឡើយ (ការពិតទៅ រដ្ឋាភិបាលធានាសន្តិសុខបាន គ្រាន់តែបានចំពោះតែអ្នកគាំទ្រគណបក្សកាន់អំណាចប៉ុណ្ណោះ)។ អំណះអំណាងត្រឹមសម្តីនាយករដ្ឋមន្ត្រីថាមិនចំណេញពីឃាតកម្ម ឬពាក្យចូលរួមសោកស្តាយ មិនអាចយកធ្វើជាភស្តុតាងបានទេ ព្រោះអ្នករិះគន់គ្រួសារលោក ដែលលោកធ្លាប់ព្រមានមិនលើកលែងឲ្យនរណាដែលធ្វើឲ្យគ្រួសារលោករស់មិនបានសុខនោះ រឿងអីគេនោះស្លាប់ លោកមិនចំណេញ មានតែសប្បាយចិត្តទៅវិញទេ។ កុំភ្លេចថា ព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ លោក ហូ សុខ រដ្ឋមន្ត្រីពីគណបក្សហ៊ុនស៊ិនប៉ិច ដែលដឹងពីការជួញដូរគ្រឿងញៀនរបស់មនុស្សស្និទ្ធនឹងគណបក្សកាន់អំណាច ក៏ត្រូវបានធ្វើឃាត ហើយលោកនាយករដ្ឋមន្ត្រីសម្តែងការសោកស្តាយដូចគ្នា ស្របពេលដែលនរណាក៏ដឹងថា គណបក្សកាន់អំណាចជាអ្នកចំណេញពីរដ្ឋប្រហារតែម្នាក់គត់ ព្រោះឈ្នះឆ្នោតឆ្នាំ១៩៩៨ ដោយស្វ័យប្រវត្តិ រៀបចំការបោះឆ្នោតខ្លួនឯង ឈ្នះខ្លួនឯង។ គេមិនអាចឈរលើសំអាងថា លោក កែម ឡី ធ្លាប់រិះគន់រដ្ឋាភិបាលខ្លាំងៗ កន្លងមកមិនដែលមានបញ្ហា មកធ្វើជាហេតុផលបង្វែរចេញភាពទាក់ទងនឹងរដ្ឋាភិបាលនោះទេ គឺមកពីលោករិះគន់គេយូរហ្នឹងហើយ ទើបគេសរុបគំនុំចាស់បូកគំនុំថ្មីតែម្តង។ ជាក់ស្តែង របាយការណ៍ Global  Witness ដុតកំហឹងគ្រួសារលោកនាយករដ្ឋមន្ត្រីឆេះដុំងំណាស់ទៅហើយ រហូតដល់សូម្បីកូនៗ លោកក៏ទប់មិនប្រតិកម្មពុំបានដែរ ការអធិប្បាយរបស់លោកគឺចាក់សាំងលើភ្លើងឱ្យឆេះសន្ធោសន្ធៅតែម្តង ទោះបីលោករិះគន់ស្ថាបនាក៏ដោយ ហើយស្មគ្រចិត្តជួយសិក្សាទៅទៀត មានអ្នកណាទៅធ្វើអំពើជួញដូរលើទ្រព្យសម្បត្តិរបស់ប្រទេសបែបហ្នឹង ចង់ឲ្យគេជួយសិក្សានោះរកឃើញការពិតនោះ មានតែឱ្យអ្នកនោះទៅស៊ើបអង្កេត ឬសិក្សាក្នុងមឈូសទើបសម។

ទស្សនៈដែលថា «លោករិះគន់ស្ថាបនាប៉ុណ្ណោះ មិនគួរសម្លាប់លោកទេ» មិនត្រឹមត្រូវទេ រិះគន់ស្ថាបនាមានប្រសិទ្ធភាពតែពេលគេត្រូវការស្ថាបនាប៉ុណ្ណោះ ចុះបើគេមិនត្រូវការទាំងការរិះគន់និងការស្ថាបនានោះ វាមិនវរទៅហើយទេ! មិនសំខាន់ថា គណបក្សកាន់អំណាចចំណេញឬអត់មែនទែនទេ សំខាន់ត្រង់ពួកគេគិតថាពួកគេចំណេញគឺគ្រប់គ្រាន់សម្រាប់ធ្វើមូលហេតុ! បើសម្លាប់លោក កែម ឡី ដើម្បីបញ្ចប់ការងាររបស់លោក គំរាមអ្នករិះគន់ បំភ័យមហាជន មិនចង់ឲ្យមានការស៊ើបអង្កេតលើត្រកូលហ៊ុន ទំនងជាពុំមានប្រសិទ្ធភាពទេ។ បើថាមិនចង់ឲ្យគេស៊ើបអង្កេត មិនចង់ឲ្យពលរដ្ឋជឿលើរបាយការណ៍ ទោះទុកលោកឲ្យរស់ ក៏ពលរដ្ឋនៅតែជឿ សម្លាប់លោកមានតែធ្វើឲ្យគេកាន់តែជឿទៅវិញ, ទោះលោកនៅរស់ក៏គ្មានអំណាចអ្វីទៅបង្ខំអង្គភាពប្រឆាំងអំពើពុករលួយឲ្យបើកការស៊ើបអង្កេតដែរ ត្បិតយោបល់របស់លោក កែម ឡី ស្ទើរតែទាំងអស់ មិនដែលត្រូវបានរដ្ឋាភិបាលអនុវត្តតាមទេ, បើចង់បំភ័យ ឃើញថាប្រសិទ្ធភាពមាន តែតិចតួចប៉ុណ្ណោះ ចំពោះតែអ្នកដែលមានហានិភ័យខ្ពស់រៀងខ្លាច ដូចជា គណបក្សនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគដទៃ ឲ្យពួកគេប្រយ័ត្នសម្តីជាងមុន តែប្រជាពលរដ្ឋពិសេសយុវជន មិនត្រឹមតែមិនខ្លាចទេ ខ្លះដាក់ពាក្យជាបេក្ខភាព កែម ឡី ជំនាន់ក្រោយទៅហើយ។

ចុះហេតុអ្វីនៅតែបញ្ជាឲ្យគេធ្វើ? ព្រោះអ្នកបញ្ជាមិនប្រាកដថាមានភាពឈ្លាសវៃមើលឃើញវែងឆ្ងាយដឹងពីលទ្ធផលមុនអ៊ីចឹងទេ ពេលខ្លះពួកគេខឹងច្រលោតតោតតូងមួយឆាវ ឬពួកគេចូលចិត្តសម្ញែងសាច់ដុំ  បង្ហាញថាខ្លួនខ្លាំងខ្លួនមានអំណាច ទោះបីគ្មាននរណាខ្លាចក៏ដោយ។ មូលហេតុផ្សេងទៀតចុងក្រោយគឺអាចមិនមែនមូលហេតុមួយណាខាងលើទេ មិនមែនវៀតណាមហើយក៏មិនមែនខ្មែរដែរ តែគឺទាំងពីរតែម្តង ពោលគឺ ទាំងវៀតណាមនិងរដ្ឋអំណាចខ្មែរមានសត្រូវរួមគ្នា គឺបញ្ញវន្តដែលមានឥទ្ធិពលពេក ហើយចូលចិត្តឈឺឆ្អាលយ៉ាងសកម្មនឹងបញ្ហាសង្គមជាតិ ទុកបន្តទៀតមិនបាន។

(សូមតាមដានភាពបញ្ចប់)

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ