សាកសពរបស់លោក កែម ឡី ត្រូវបញ្ជូនទៅវត្តចាស់នៅ​សង្កាត់ជ្រោយចង្វារ

សពរបស់លោក កែម ឡី(រូបថត៖ កាន់​ វិច្ឆិកា)

សាកសពរបស់លោក កែម ឡី នៅម៉ោង២និង៣០នាទីសៀលនេះ ត្រូវបានបញ្ជូនចេញពីម៉ាតនៅស្តុបបូកគោ កន្លែងដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកម៉ោង៩នេះ។

សាកសពត្រូវបានដឹកចេញតាមរយៈរថយន្តឡិចស៊ីសពណ៌សរបស់លោក ដែលចតនៅមុខម៉ាតលក់ទំនិញនោះ។ ក្រុមគ្រួសារអះអាងថាការដឹកនាំទៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយសារផ្ទះរបស់លោកដែលស្ថិតនៅខាងត្បូងផ្សារបឹងកេងកង ពិបាករៀបចំពិធីសព។

លោក កែម ឡី ត្រូវបានបាញ់សម្លាប់ក្នុងសម្លៀកបំពាក់កីឡា ខោខ្មៅ អាវក្រហម ពេលលោកកំពុងអង្គុយក្នុងម៉ាតទំនិញមួយនៅស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានពីសមត្ថកិច្ចលើបុរសម្នាក់ដែលត្រូវបានចាប់ខ្លួននៅឡើយទេ។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រានចោលការលើកឡើងពីរឿងជំពាក់លុយគេ។

កាលនៅរស់ លោក កែម ឡី ដែលមានស្រុកកំណើតនៅខេត្តតាកែវនិងជាអ្នកស្រាវជ្រាវមួយរូបធ្លាប់បាននិយាយទៅកាន់សាធារជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ