ក្រ​សួង​ណែនាំ​មន្ត្រី​ឲ្យ​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់និង​បិទច្រក​របៀង​តាម​ព្រំដែន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រើនរំឭកដល់មន្ត្រីរបស់ខ្លួនឲ្យពិនិត្យនិងគ្រប់គ្រងលំហូរពលករឆ្លងដែនដោយខុសច្បាប់ឲ្យមានប្រសិទ្ធិភាពនិងបានអនុម័តឲ្យបិទច្រករបៀងនៅតាមព្រំដែនផង ដោយថាដើម្បីការពារកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់។

ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងដែននៅខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរំឭកដល់មន្ត្រីពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ចំពោះលំហូរពលករចំណាកស្រុកខុសច្បាប់ពីកម្ពុជាទៅក្រៅប្រទេស។ នេះបើតាមព័ត៌មានដែលចុះផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ។

បើតាមប្រភពព័ត៌មានដដែល លោក ស ខេង ចាត់ទុកថាពលករចំណាកស្រុកដោយស្របច្បាប់បានទទួលការងារនិងប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវិតនិងជីវភាពគ្រួសារ។ ទោះយ៉ាងណា លោកថាពលករចំណាកស្រុកដោយខុសច្បាប់បាននាំមកវិញនូវផលវិបាកដល់គ្រួសារនិងសង្គមជាតិ។ លោកលើកឡើងថា ពលករចំណាកស្រុកខ្លះរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទារុណ្ឌកម្ម ពិការភាព និងប្រើប្រាស់គ្រឿងញៀនជាដើម។

សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិដកស្រង់សម្តី លោក ស ខេង មកចុះផ្សាយថា៖ … ក្នុងចំណោមអ្នកធ្វើ ទេសន្តប្រវេសន៍ដែលមានចំនួនរហូតដល់ទៅ ប្រមាណជាង១លាននាក់ នៅកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃក៏បាននាំមកវិញនូវ បញ្ហាប្រឈម ធំៗមួយចំនួនដូចការកេង ប្រវ័ញ្ចការ រងទារុណកម្ម ពិការភាព បាក់កម្លាំង បាត់បង់សមត្ថភាពពលកម្ម បាត់បង់ស្មារតីសតិអារម្មណ៍ការ ប្រើប្រាស់គ្រឿងញៀននិងបញ្ហាផ្សេងៗទៀត ទាំងកុមារ និងមនុស្សចាស់ដែលបញ្ហា ទាំងអស់នេះ បានក្លាយជាបន្ទុកសម្រាប់ គ្រួសារ សង្គម រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះ”។

លោក ស ខេង ក៏បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការចំណាកស្រុកទាំងនេះឲ្យបានជោគជ័យនិងបានអនុម័តឲ្យបិទច្រករបៀងនៅតាមព្រំដែន ដោយថាដើម្បីការពារសុវត្ថិភាពពលករឆ្លងដែនដោយខុសច្បាប់។ មិនតែប៉ុណ្ណោះ លោកណែនាំឲ្យមន្ត្រីរបស់លោកចាំជួយសង្គ្រោះពលករដែលត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញផងដែរ។

នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជាដែលធ្វើការលើពលករចំណាកស្រុក លោក យ៉ា ណាវុធ លើកឡើងថាវិធានការរបស់ក្រសួងនេះអាចមានប្រសិទ្ធិភាពក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ លោកថាដើម្បីទប់ស្តាក់ពលករចំណាកស្រុកដោយខុសច្បាប់ឬដោយប្រថុយប្រថានបាន លុះណាតែរដ្ឋាភិបាលមានយន្តការបង្កើតកាងារក្នុងស្រុកឲ្យបានច្រើននិងជំរុញឲ្យសហគ្រាសខ្នាតតូចនិងមធ្យមឲ្យបានច្រើន។

លោកបន្ថែមថា៖ “អ៊ីចឹងដើម្បីទប់ស្តាក់ការធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេសបាន លុះត្រាតែយើងបង្កើតការងារនៅក្នុងស្រុកឲ្យប្រជាពលរដ្ឋយើងធ្វើនៅតាមភូមិឃុំយើងបានច្រើនទៅណា ហើយក្រៅពីហ្នឹងយើងជួយប្រជាកសិករយើងទៅលើវិស័យកសិកម្មជាគ្រាប់ពូជជាជីប្រព័ន្ធធារាសាស្រ្ត ធ្វើយ៉ាងម៉េចឲ្យគាត់អាចធ្វើស្រែចម្ការបានណា

គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានពលករធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ប្រហែលជា៧០ម៉ឺននាក់នៅប្រទេសថៃ ៤ម៉ឺននាក់នៅកូរ៉េខាងត្បូង ៥ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី ៤០០នាក់នៅសិង្ហបូរី និង២០០០នាក់នៅជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ