ក្រសួង​រៀប​ចំ​ដែន​ដី​​ឲ្យមន្ត្រី​ថ្នាក់​ក្រោម​រឹត​បន្តឹងលើ​ការដ្ឋាន​សំ​ណង់​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឲ្យមន្ត្រីថ្នាក់ក្រោមរឹតបន្តឹងការត្រួតពិនិត្យទៅលើការបោះបង្គោលទីតាំងនៃសំណង់នៅតាមបណ្តាការដ្ឋានសំណង់នានានិងពង្រឹងការអនុវត្តបទបញ្ញត្តិនានាក្នុងវិស័យសំណង់។

តាមសេចក្តីជូនដំណឹងចេញថ្ងៃទី២៦ ខែកក្កដា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើឲ្យប្រធានមន្ទីររាជធានី-ខេត្ត ទប់ស្កាត់ឲ្យទាន់ពេលចំពោះការដ្ឋានដែលសាងសង់ខុសគម្លាត ដែលនាំឲ្យមានវិវាទក្នុងវិស័យសំណង់និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីក្រសួងមើលឃើញថាមានការដ្ឋានមួយចំនួនសាងសង់ខុសលក្ខខណ្ឌបច្ចេកទេសនិងលិខិតអនុញ្ញាត បើទោះបីជាមានការប្រជុំផ្សព្វផ្សាយកន្លងមកក៏ដោយ។

ក្នុងសេចក្តីជូនដំណឹងនេះបានសរសេរថា៖ …មានការដ្ឋានសំណង់មួយចំនួន បាននឹងកំពុងដំណើរការសាងសង់ដោយពុំបានអនុវត្តត្រឹមត្រូវស្របតាមលិខិតអនុញ្ញតដែលបានផ្តល់ជូន និងមានការដ្ឋានមួយចំនួនទៀតបានអនុវត្តការសាងសង់ខុសពីលក្ខខណ្ឌបច្ចេកទេស ដូចជាការសាងសង់ខុសពីលិខិតអនុញ្ញាត ការសាងសង់មុនទទួលបានការអនុញ្ញាត និងការសាងសង់ពុំសុំលិខិតអនុញ្ញាតដែលជាហេតុបង្កឲ្យមានជាបញ្ហានានា”។

ក្រសួងក៏បញ្ជាឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យការបោះបង្គោលទីតាំងសំណង់និងព្រមានផ្អាកជាបណ្តោះអាសន្ន ចំពោះការដ្ឋានសំណង់ដែលចាប់ផ្តើមការសាងសង់ដោយពុំមានមន្រ្តីជំនាញចុះត្រួតពិនិត្យការបោះបង្គោលទីតាំងសំណង់។ ក្រសួងឲ្យមន្ត្រីរបស់ខ្លួនណែនាំម្ចាស់សំណង់និងអ្នកម៉ៅការសាងសង់ឲ្យយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់និងធ្វើការតាមដានគ្រប់ការដ្ឋានដែលចាប់ផ្តើមនិងកំពុងដំណើរការសាងសង់។

គួរបញ្ជាក់ថាកន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឲ្យរុះរើសំណង់អគាររបស់កាស៊ីណូណាហ្គាវើល ដែលលោកថាសំណង់នោះបានសាងសង់ដោយខុសច្បាប់និងធ្វើឲ្យខូចសោភ័ណ្ឌភាពទីក្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ