លិខិត​មិត្ត​អ្នក​អាន៖ ភូតច្រើន​ចាញ់​អាត្មា

សក្ការៈបុគ្គលជាបុគ្គលដែលទទួលការគោរពបូជាពីមហាជនទូទៅ ដោយសារបុគ្គលរូបនោះមានការលះបង់ខ្ពស់លើសពីមនុស្សធម្មតា។ ក្នុងប្រភពមនុស្សជាតិយើងឃើញមាន ព្រះពុទ្ធ ព្រះយេស៊ូ មហាម៉ាត សូក្រាត នេះនិយាយជារួម បើនិយាយដោយឡែកនៅកម្ពុជាយើងឃើញមានឧកញ៉ាឃ្លាំងមឿង ក្រឡាហោម។ល។ ហើយនៅសតវត្សរ៍ទី២១ យើងឃើញមាន ជា វិជ្ជា ឈុត វុទ្ធី និងចុងក្រោយគឺលោកបណ្ឌិត កែម ឡី។

ជាក់ស្តែងអ្វីដែលរូបខ្ញុំរួមទាំងប្រជារាស្រ្តទូទៅមើលឃើញគឺថា ក្រោយពេលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅថ្ងៃទី១០ខែកក្កដាឆ្នាំនេះ អាជ្ញាធរហាក់ដូចជាមិនបានអើពើដុតដៃដុតជើងខ្នះខ្នែងជួយរៀបចំបុណ្យសពដូចការស្លាប់មន្ត្រីធំៗទេ។ ផ្ទុយទៅវិញរដ្ឋាភិបាលនៅឈរស្រែកថាបក្សប្រឆាំងនិងសង្គមស៊ីវិលកំពុងកេងចំណេញនយោបាយឬបំពុលស្ថានការណ៍ និយាយលាបពណ៌ធ្វើឲ្យសង្គមភាពមានភាពល្អក់កករទៅវិញ។

មនុស្សបានស្លាប់ទៅហើយ ហើយជាមនុស្សល្បីល្បាញដែលរាស្រ្តទូទាំងនគរស្រឡាញ់ពេញចិត្តទៀត។ ហេតុអ្វីក៏រដ្ឋាភិបាលមិនឆ្លៀតឱកាសនេះយកចិត្តរាស្រ្តឲ្យបាន? ហេតុអ្វីមិនព្យាយាមលួងលោមមនុស្សដែលកំពុងរងទុក្ខទូទាំងនគរដោយសារបាត់បង់វីរជនរបស់ពួកគេ? ហេតុអ្វីក៏បណ្តោយឲ្យភាគីម្ខាងទៀតយកចំណេញនយោបាយបានស្រេចតែនឹងចិត្តទៅវិញ? ហេតុអ្វីសុខចិត្តរុញច្រានស្ថានភាពនេះឲ្យកាន់តែអាក្រក់ជាងនេះទៀត ដោយបង្កឲ្យមានឧបសគ្គនានាដល់ការដង្ហែសពទៅបញ្ចុះយ៉ាងនេះ?

បើខ្ញុំជាថ្នាក់នាំកំពូលវិញ ខ្ញុំព្យាយាមសម្រួលអារម្មណ៍ឈឺចាប់របស់រាស្រ្តតាមរយៈការចូលរួមខ្នះខ្នែងជួយជ្រោមជ្រែងពីកាកបាទក្រហមឲ្យបានច្រើនដូចការស្លាប់មនុស្សនៅកោះពេជ្រកាលពីចុងឆ្នាំ២០១១មិនខាន។ ហេតុអ្វី ពេលនោះទាំងរដ្ឋាភិបាលនិងក្រុមហ៊ុននានាអាចជួយឧបត្ថម្ភដល់គ្រួសារសពក្នុងសពម្នាក់ៗដល់ទៅរាប់ម៉ឺនដុល្លារបាន?

ហេតុអ្វីសពលោក កែម ឡី ដែលជាបុគ្គលមានការគោរពកោតសរសើរពីមនុស្សរាប់លាននាក់បែរជាពុំសូវទទួលការយកចិត្តទុកដាក់ទៅវិញ?

លោក កែម ឡី មិនមែនជាសមាជិកគណបក្សនយោបាយណាមួយទេ ហេតុនេះមនុស្សគ្រប់មជ្ឈដ្ឋានគ្រប់ស្រ ទាប់វណ្ណៈគ្រប់និន្នាការនយោបាយអាចចូលរួមបាន។ តួនាទីរបស់រដ្ឋាភិបាលគឺជួយទ្រទ្រង់សុខុមាលភាពសង្គម មិនមែនត្រឹមតែការពារអំណាចរបស់ខ្លួននោះទេ។ តួនាទីរបស់កាកបាទក្រហមគឺជួយមនុស្សគ្រប់រូបដោយឥតរើសមុខ ដោយមិនប្រកាន់និន្នការនយោបាយ។ តើទង្វើកន្លងមកចំពោះសពលោក កែម ឡី បានឆ្លុះបញ្ចាំងនូវចំណុចអស់ទាំងនេះឬទេ? តើរដ្ឋាភិបាលបានបង្ហាញការស្រឡាញ់ អាណិត គោរព ដល់សពនិងគ្រួសារដែរឬទេ? តើកាកបាទក្រហមបានបំពេញការងារមនុស្សធម៌ដែរឬទេ?

បើមើលទៅអាជ្ញាធរវិញ មិនត្រឹមតែមិនបានជួយសម្រួលដល់ការដង្ហែសពទេ តែបែរជាបង្កជាឧបសគ្គដល់អ្នកចូលរួមទៅវិញ។ មានពាក្យចចាមអារាម (ដែលសូម្បីក្នុងបណ្តាញសង្គម របស់បុគ្គលគាំទ្ររដ្ឋាភិបាលមួយចំនួនក៏មានសរសេរដែរ) ថានៅតាមទីផ្សារធំៗនៅរាជធានីភ្នំពេញដូចជាផ្សារថ្មីឬផ្សារទួលទំពូង។ល។ អាជ្ញាធរផ្សារបានដើរកត់លេខតូបណាដែលបិទទ្វារតូបនៅថ្ងៃហែសព (២៤កក្កដា) ហើយថាអ្នកណារឹងទទឹងនឹងត្រូវប្រឈមមុខនៅពេលក្រោយ។ អ្វីដែលសាលាក្រុងបានធ្វើដូចជាចេញការប្រកាសឲ្យស្ថានីយ៍លក់សាំងនៅតាមផ្លូវហែត្រូវបិទដោយសារមូលហេតុសុវត្ថិភាពនោះវាមិនខុសទាស់អ្វីទេ។ តែអ្វីដែលឲ្យរាស្រ្តមិនសប្បាយចិត្តនោះគឺថា ការប្រកាសគួរតែធ្វើជាសាធារណៈឲ្យបានច្រើនថ្ងៃជាមុនជាពិសេសក្រោយពេលបានការសម្រេចចិត្តរួមគ្នាជាមួយគ្រួសារសពនិងគណៈកម្មការបុណ្យសពរួចភ្លាម មិនអូសបន្លាយរហូតដល់ពីរថ្ងៃចុងក្រោយទើបឲ្យដឹងនោះទេ។ ម្យ៉ាងទៀតបើអាជ្ញាធរបន្ថែមឃ្លាថា “អាស្រ័យហេតុនេះ សូមបណ្តាអ្នកចូលរួមដង្ហែសពលោក កែម ឡី មេត្តាត្រៀមប្រេងឥន្ធនៈសម្រាប់យានយន្តរបស់ខ្លួនឲ្យបានរួចរាល់” ខ្ញុំគិតថាតិចឬច្រើន ប្រជារាស្រ្តមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋានដែរ។ ម្យ៉ាងទៀត តើនរណាអាចហាមមនុស្សមានទុក្ខមិនឲ្យហែថ្មើរជើងបាន? បើពេលម៉ូតូខ្ញុំអស់សាំង តើអាជ្ញាធរក្រុងឲ្យខ្ញុំលីម៉ូតូរត់ ឬចាប់ខ្ញុំបោះដាក់ឡានឬ? បើអាជ្ញាក្រុងត្រៀមរថយន្ត១ម៉ឺនគ្រឿងនោះប្រហែលជាពុំមានអ្នកដើរដង្ហែសពទេមើលទៅ!!!

ផ្ទុយពីទង្វើរបស់រដ្ឋាភិបាល ខ្ញុំផ្ទាល់សប្បាយចិត្តជាពន់ពេក ដោយសារខ្មែរចេះស្រឡាញ់គ្នា ចេះពួតដៃគ្នា ចេះជួយគ្នាទៅវិញទៅមក។ នៅពេលដងផ្លូវពីភ្នំពេញដល់ទីបញ្ចុះសព ខ្ញុំពុំបាច់ភ័យថា អត់ទឹកផឹក អត់បាយទទួលទាន ឬសាំងចាក់ម៉ូតូទេ។ បើខ្ញុំអត់មធ្យោបាយធ្វើដំណើរ មានរថយន្តឈ្នួលខ្លះសុខចិត្តឲ្យខ្ញុំឡើងជិះដោយមិនគិតប្រាក់ទៀតផង។ ម្នាក់ៗមានចិត្តសុទ្ធាជ្រះថ្លា ហើយសូមវេរបុណ្យកុសលនេះជូនសពលោកបណ្ឌិត កែម ឡី ឲ្យបានទៅកើតនៅឋានសួគ៌ និងបែរបន់ឲ្យកម្ពុជារួចផុតពីក្រញាំជនផ្តាច់ការឆាប់ៗ។

ទោះរដ្ឋាភិបាលខំឆ្លើយដោះសារថា មិនបានហាមទូរទស្សន៍ក្នុងស្រុកមិនឲ្យចាក់ផ្សាយ ឬផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ក៏ដោយ ក៏ម្នាក់ៗដឹងច្បាស់ដែរថា បើគ្មានសម្ពាធទេ បណ្តាអ្នកយកសារព័ត៌មានទាំងនេះប្រាកដជាបំពេញវិជ្ជាជីវៈរបស់ខ្លួនមិនខាន។

តើព័ត៌មានរបស់វិទ្យុ ទូរទស្សន៍ទាំងនោះឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឬទេ? ផ្ទុយទៅវិញ ក្រុមហ៊ុនល្បីៗនៅបរទេសដូចជា Chanel News Asia របស់សឹង្ហបុរី និង The Guardian របស់អង់គ្លេស ។ល។ បែរជាចុះផ្សាយពីព័ត៌មាននេះទៅវិញ ហើយថាមានអ្នកចូលរួមរាប់សែននាក់ (tens of thousands) មិនមែនតែប៉ុន្មានពាន់នាក់ដូចការឃោសនាក្នុងស្រុកទេ។ តែមិនអីទេ យើងមាន Facebook មួយគឺគ្រប់គ្រាន់ណាស់ក្នុងការឆ្លុះបញ្ចាំងការពិតពីសង្គមយើងបានហើយ។ ឪពុកម្តាយនៅតាមខេត្តក៏ដឹងពីព្រឹត្តិការណ៍នេះដែរ តាមរយៈកូនចៅជាកម្មកររោងចក្រនៅភ្នំពេញដែលបានចូលរួមដង្ហែសពលោក កែម ឡី។

បើនិយាយរឿងកាសែតគាំទ្ររដ្ឋាភិបាលមួយចំនួនវិញ ខិតខំសរសេរបែបប្រលោមលោកថា លោក កែម ឡី មានប្រពន្ធពីរ-បីនៅស្រុកកំណើត មានកូនពីរ-បី រហូតថ្ងៃបុណ្យសព មានយុវជនខ្លះមកយំ ហើយថាជាកូនរបស់សពទៅទៀត។ សម័យនេះហើយ គ្មានអ្វីត្រូវស្ថិតជាអាថ៌កំបាំងដូចកាលពី ៥០ ឆ្នាំមុន ដែលតម្រូវឲ្យអ្នកសារព័ត៌មានប្រឹងសរសេរបែបរឿងព្រេងអញ្ចឹងទេ។ ចង់ដឹងការពិត ពិនិត្យ DNA ទៅ ព្រោះសពគាត់មិនមែនយកទៅដុតឯណា គេបញ្ចុះទេតើ ហើយដើម្បីឲ្យខ្ញុំជាអ្នកតាមដានព័ត៌មានបានអស់ចិត្តផង។ មានមិត្តភក្តិខ្ញុំមួយចំនួននិយាយថា ទោះបីអតីតកាលលោក កែម ឡី មានប្រពន្ធកូនច្រើនក៏ដោយ ក៏មិនសំខាន់ដែរ តែអ្វីដែលពិសេសបំផុតគឺលោកមានការលះបង់ខ្ពស់ខុសពីមនុស្សធម្មតា គឺគាត់ស្លាប់ដោយសារការរិះគន់រដ្ឋាភិបាល គាត់និយាយការពិត មិននិយាយការពារ ដូចបណ្ឌិតមួយចំនួនដែលមានងារថា “ជួប សុំតំណែង”! ចម្លែកដែរ ពេលបញ្ចុះសពទើបឃើញបណ្ឌិត ជួប សុំតំណែង រូបនោះទៅស្រែកកោកកាកនៅរោងបុណ្យ ទំនងជាចង់ឲ្យគេកោតសរសើរ ឬកេងចំណេញនយោបាយពីសពលោកបណ្ឌិត កែម ឡី ដែរហើយមើលទៅ! គួរឲ្យអស់សំណើចណាស់!

បើនិយាយពីអាជ្ញាធរមានសមត្ថកិច្ចវិញ ក្រោយព្រឹត្តិការណ៍បាញ់ប្រហារនោះបានប៉ុន្មានថ្ងៃ មកប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋមានជំនឿនិងទំនុកចិត្តមកលើខ្លួន។ ស្រាប់តែថ្ងៃនេះ បែរជានិយាយថា រឿងនេះស្មុគ្រស្មាញណាស់មិនបានរកឃើញអ្នកនៅពីខាងក្រោយខ្នងការសម្លាប់ទេ! វាមិនខុសអី ពីការសម្លាប់ ជា វិជ្ជា និង ឈុត វុទ្ធី អញ្ចឹង មកដល់ម៉ោងនេះហើយនៅតែរកឃាតកពិតមិនឃើញដដែល។

ដូចមនុស្សទូទៅមើលឃើញហើយថា បើមនុស្សមានអំណាច មានឥទ្ធិពលនៅពីក្រោយ ដប់ជាតិទៀតក៏រកជននោះមិនឃើញដែរ។ តើឲ្យប្រជារាស្រ្តមានជំនឿទុកចិត្តលើអាជ្ញាធរបានម្ត៉េចកើត? កុំឲ្យតែបញ្ចប់របាយការណ៍ស៊ើបអង្កេតថា លោក កែម ឡី ត្រូវស្លាប់ដោយសារបក្សប្រឆាំងនៅពីក្រោយ ឬដោយសារជំពាក់លុយអត់សង ឬដោយសារឃាតកម្មស្នេហាប្រពន្ធពីរ-បីទៅបានហើយ!

រដ្ឋាភិបាលល្មមឈប់គិតថា ម្ចាស់ឆ្នោតល្ងង់ដូចមុនទៀតទៅ! ល្មមឈប់យកពួកយើងខ្ញុំជាម្ចាស់ឆ្នោត ធ្វើជាសត្រូវទៀតទៅ! ល្មមព្យាយាមយកឈ្នះចិត្តយើងខ្ញុំ តាមរយៈការបង្ហាញការស្រឡាញ់ឲ្យបានស្មើភាព តាមរយៈការលុបបំបាត់ការរើសអើងថា ក្រុមនេះប្រឆាំងផ្កាប់មុខ ក្រុមរបស់អញជាពួកគាំទ្រស្មោះស្ម័គ្រលុះក្ស័យទៀតទៅ! បច្ចុប្បន្ន ប្រទេសជិតខាងកំពុងយកខ្មែរជាសត្រូវ ដោយសាររដ្ឋាភិបាលបម្រើគោលនយោបាយឆ្អឹងទទឹងកឲ្យចិនផង ហើយកុំឲ្យរាស្រ្តក្នុងស្រុកស្អប់កាន់តែកើនឡើងអី!

ថ្នាក់ដឹកនាំល្មមដោះលែងរាស្រ្តខ្មែរហើយ សូមកុំឲ្យពួកយើងខ្ញុំធ្វើជាចំណាប់ខ្មាំងអី!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ