វិភាគ៖ តើកិច្ចព្រមព្រៀង២២កក្កដារបស់គណបក្សជាប់ឆ្នោតទាំងពីរនៅរស់ឬស្លាប់?

ក្រោយពីជាប់គាំងនយោបាយអស់រយៈពេលមួយឆ្នាំដោយសារការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ គណបក្សកាន់អំណាចអះអាងថាខ្លួនយល់ព្រមធ្វើសម្បទានតួនាទីសំខាន់ៗខ្លះទៅឲ្យគណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្រ្គោះជាតិដឹកនាំបាតុកម្មមានអ្នកចូលរួមរាប់សែននាក់។

គណបក្សជាប់ឆ្នោតទាំងពីរបានចុះកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ មុនពេលគណបក្សសង្រ្គោះជាតិព្រមចូលសភា។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះគឺអនុញ្ញាតឲ្យលោក សម រង្ស៊ី ដែលមិនមានឈ្មោះបោះឆ្នោតបានក្លាយជាតំណាងរាស្រ្ត ការផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍គណបក្សសង្រ្គោះជាតិ និងជាពិសេស ការដោះលែងតំណាងរាស្ត្រគណបក្សប្រឆាំង៧រូបជាថ្នូរនឹងការព្រមចូលសភា។

ប៉ុន្តែក្រោយមកទាំងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបានចោទដាក់គ្នាទៅវិញទៅមកថា រំលោភកិច្ចព្រមព្រៀងនេះ។

គណបក្សប្រឆាំងថាគណបក្សកាន់អំណាចរំលោភកិច្ចព្រមព្រៀង ដូចជាការសើរើឡើងវិញលើសំណុំរឿងហិង្សាជិតទីលានប្រជាធិបតេយ្យដែលសមត្ថកិច្ចបន្តចាប់ខ្លួនមន្រ្តីបក្សប្រឆាំងជាង១០រូប ការប្តឹងចោទប្រកាន់លោក សម រង្ស៊ី ធ្វើឲ្យនិរទេសទៅក្រៅប្រទេសជាថ្មីទៀត និងការដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋភាជាដើម។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែអះអាងថាចំណាត់ការទាំងអស់នេះជារឿងតុលាការ។ ទោះជាយ៉ាងណាមុនពេលមានចំណាត់ការប្រឆាំងនឹងមន្រ្តីគណបក្សសង្រ្គោះជាតិ លោក ហ៊ុន សែន បានព្រមានមេដឹកនាំគណបក្សប្រឆាំងឲ្យឈប់រិះគន់រដ្ឋាភិបាលដោយសំអាងថារំលោភកិច្ចព្រមព្រៀង២២កក្កដានិងវប្បធម៌សន្ទនា។

គិតត្រឹមថ្ងៃ២២កក្កដា២០១៦នេះ កិច្ចព្រមព្រៀងបញ្ចប់វិវាទនយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរមានអាយុកាលពីរឆ្នាំគត់។ ប៉ុន្តែសំណួរបានចោទឡើងថា តើកិច្ចព្រមព្រៀងនយោបាយនោះនៅរស់ឬស្លាប់បាត់ហើយ?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង ប្រៀបធៀបពីភាពខុសគ្នារវាង២២កក្កដា កាលពី២ឆ្នាំមុននឹងឆ្នាំនេះ។

លោកកត់សំគាល់ថា៖ កាល២២កក្កដា២០១៤ គឺជាថ្ងៃដែលប្រជាពលរដ្ឋអបអរសាទហើយមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ដែលគណបក្សទាំងពីរព្រមព្រៀងធ្វការជាមួយគ្នាថាដើម្បីជាតិ ប៉ុន្តែ២២កក្កដាពេលនេះ ប្រជាពលរដ្ឋក្នុងចិត្តតានតឹងនៅឡើយ ដោយសារគណបក្សទាំងពីរអត់មានការស្រុះស្រួលគ្នា បង្ហាញពីការអត់ចុះសម្រុងគ្នា

លោក យង់ គិមអេង កត់សំគាល់ទៀតថា លទ្ធផលនៃកិច្ចព្រមព្រៀង២២កក្កដានោះ មិនមានអីជាដុំកំភួនច្រើនទេ ប៉ុន្តែលោកលើកឡើងពីលទ្ធផលខ្លះដែលបានកើតជារូបរាងថ្មីតែបង្គាប់ដោយន័យអវិជ្ជមាន។ លោកយល់ថា៖ អ្វីសំខាន់គ្រាន់រៀបចំ  គ.ជ.ប មួយដែលគណបក្សទាំងពីរបានព្រមព្រៀងស្រុះស្រួលគ្នា ហើយកែរដ្ឋធម្មនុញ្ញដើម្បីបញ្ចូល គ.ជ.ប ជាស្ថាប័នធម្មនុញ្ញប៉ុណ្ណឹង។ ប៉ុន្តែផ្តើមចេញពីកិច្ចព្រមព្រៀងនេះ ធ្វើឲ្យច្បាប់បោះឆ្នោតកាន់តែអាក្រក់ជាងមុន ដូចជាអនុញ្ញាតឲ្យទាហាន ប៉ូលីស មន្រ្តីតុលាការចូលរួមសកម្មភាពឃោសនា[បោះឆ្នោត]បានដែលខុសពីច្បាប់មុនដែលគេមិនអនុញ្ញាត ហើយនិងការរិតត្បិតអង្គការសង្គមស៊ីវិល

អ្នកវិភាគកត់សំគាល់ថាសញ្ញាណនៃការរំលោភកិច្ចព្រមព្រៀង២២កក្កដា មានដូចជាការបន្តចាប់ខ្លួនតំណាងរាស្ត្រនិងសកម្មជនគណបក្សប្រឆាំង ការរារាំងលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ ចំណាត់ការរបស់តុលាការទៅលើលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងលោក រ៉ុង ឈុន សមាជិក គ.ជ.ប ដែលសមានចិត្តនឹងគណបក្សសង្រ្គោះជាតិ និងការដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភាជាដើម។ ប៉ុន្តែគណបក្សកាន់អំណាចបានវាយបកវិញថា គណបក្សប្រឆាំងមិនគោរពកិច្ចព្រមព្រៀងនោះត្រង់មេដឹកនាំគណបក្សប្រឆាំងនៅតែបន្តរិះគន់រដ្ឋាភិបាល។

លោក សូ ចន្ថា អ្នកវិភាគនយោបាយ យល់ថាដោយសារតែអ្នកនយោបាយប្រកួតប្រជែងគ្នាមិនស្មោះត្រង់ បានធ្វើឲ្យកិច្ចព្រមព្រៀង២២កក្កដាស្លាប់បាត់ទៅហើយ។

លោកមើលឃើញថា៖ “ប្រៀបធៀបទៅនឹងការអនុវត្តជាក់ស្តែងហើយនឹងខ្លឹមសារដែលមានចែងនោះ យើងឃើញថាខ្លឹមសារដែលសំខាន់ដែលមានចែង យើងឃើញថាមិនមានការអនុវត្តពិតប្រាកដដែលនាំទៅរកការរួបរួមគ្នាកសាងជាតិឲ្យមានការរីកចំរើនពិតប្រាកដទេ ដែលយើងអាចហៅបានថាវប្បធម៌សន្ទនាស្លាប់បាត់ហើយ”។

លោក សូ ចន្ថា មើលឃើញថាយុទ្ធសាស្ត្រវាយបំបាក់គូប្រកួតរបស់គណបក្សកាន់អំណាចធ្វើឲ្យបក្សប្រឆាំងចុះខ្សោយនៅតែត្រូវបានអនុវត្ត ដែលគេហៅថាជាការប្រកួតប្រជែងមិនស្មើភាព ហើយទីបំផុតកិច្ចព្រមព្រៀងនោះលែងមានអត្ថន័យ។

ផ្អែកតាមខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀង២២កក្កដាដែលតំណាងដោយលោក ហ៊ុន សែន និងលោក សម រង្ស៊ី នោះ គឺមានលក្ខខណ្ឌពិសេសមួយម្នាក់រវាងភាគីទាំងពីរ។ គណបក្សប្រជាជនកម្ពុជាបានចង់ជើងគណបក្សប្រឆាំងឲ្យឈប់រិះគន់រដ្ឋាភិបាល។ ចំណែកគណបក្សសង្រ្គោះជាតិទាមទារឲ្យបក្សកាន់អំណាចបញ្ឈប់នូវអ្វីដែលហៅថា “រុកគួនបក្សប្រឆាំងតាមរយៈតុលាការ”។

លោក សូ ចន្ថា យល់ថាចំណុចទាំងពីរនេះសុទ្ធតែអាចអនុវត្តបាន បើសិនជាគណបក្សទាំងពីរមានឆន្ទៈពិតប្រាកដ ប៉ុន្តែជាក់ស្តែងលោកថាភាគីមានសំអាងតែរៀងៗខ្លួន។

លោកមានប្រសាសន៍ថា៖ នយោបាយបែបទំនើបវាហួសសម័យហើយ ការប្រើវាចាជេប្រមាថចោទប្រកាន់គ្នានោះ ប៉ុន្តែជំនួសមកវិញនូវកម្មវិធីនយោបាយជាក់លាក់ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធការឈប់រុកគួនបក្សប្រឆាំង ខ្ញុំគិតថាចំណុចនេះជារឿងល្អ។ អ្នកនយោបាយនៅកម្ពុជាគួរតែអាចធ្វើបាន”។

គណបក្សជាប់ឆ្នោតទាំងពីរតែងតែអះអាងថាពួកគេប្តេជ្ញាគោរពកិច្ចព្រមព្រៀង២២កក្កដា ដោយថាបានបញ្ចប់វិបត្តិនយោបាយរយៈពេលមួយឆ្នាំក្រោយការបោះឆ្នោតនិងបន្តអនុវត្តវប្បធម៌សន្ទនា។ ប៉ុន្តែជាក់ស្តែងនៅពេលនេះ បើទោះជាសហគមន៍ជាតិនិងអន្តរជាតិជំរុញឲ្យភាគីទាំងពីរវិលចូលតុចរចា ដោយប្រើវប្បធម៌សន្ទនាក៏ដោយ តែគណបក្សទាំងពីរមិនទាន់បានអនុវត្តទេ ដោយគណបក្សកាន់អំណាចបដិសេធម្តងហើយម្តងទៀតថា មិនចរចាទេ បើគណបក្សប្រឆាំងលើកពីករណីចាប់ខ្លួនតំណាងរាស្ត្រនិងមន្រ្តីបក្សប្រឆាំងនោះ។

អ្នកវិភាគមើលឃើញថាការដែលគណបក្សទាំងពីរមិនព្រមបន្ទន់ឥរិយាបថរកគ្នានៅពេលនេះ ដោយសារតែគណបក្សអំណាចអាងលើកម្លាំងប្រដាប់អាវុធនិងតុលាការ ខណៈគណបក្សប្រឆាំងអាងលើកម្លាំងមហាជន ដែលនេះជាមូលហេតុមួយធ្វើឲ្យកិច្ចព្រមព្រៀង២២កក្កដាត្រូវស្លាប់បាត់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ