បក្សប្រឆាំងរកច្រកឲ្យលោក សម រង្ស៊ី ចូលស្រុក ខណៈអន្តរជាតិ​ដាក់ស​ម្ពាធបក្សកាន់អំណាច

លោក សម រង្ស៊ី កាលពីពេលកន្លង

បក្សប្រឆាំងអះអាងថាខ្លួននឹងជំរុញឲ្យស្ថាប័នពាល់ព័ន្ធពន្យល់ផ្លូវច្បាប់ ករណីដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ដើម្បីឲ្យមេបក្សរបស់ខ្លួនបានវិលចូលស្រុកវិញមុនការបោះឆ្នោត ខណៈសហគមន៍អន្តរជាតិគំរាមថាកម្ពុជាអាចនឹងបាត់បង់ជំនួយ បើបក្សប្រឆាំងនិងសង្គមស៊ីវិលនៅតែស្ថិតក្នុងភាពគំរាមកំហែង។

កាលពីខែមិថុនា សភាអឺរ៉ុបបានអនុម័តលើសេចក្តីសម្រេចជំរុញឱ្យគណៈកម្មការអឺរ៉ុបពិនិត្យមើលកញ្ចប់ជំនួយជាទឹកប្រាក់ប្រមាណ៤៦៥លានដុល្លារអាមេរិកដែលបានសន្យាផ្តល់ដល់កម្ពុជារហូតដល់ឆ្នាំ២០២០បើកម្ពុជាមិនធ្វើឲ្យប្រសើរឡើងពីស្ថានភាពសិទ្ធិមនុស្ស។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនោះក៏បានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងជំរុញឲ្យដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

ក្រោយពីស្ថានការណ៍នយោយនៅកម្ពុជាមិនទាន់វិលទៅរកស្ថានភាពដើម ពោលគឺមន្ត្រីសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក មន្ត្រីគ.ជ.ប មួយរូបនិងមន្ត្រីបក្សប្រឆាំងនៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ រួមទាំងការ បន្តនីតិវិធីរបស់តុលាការទៅលើមេដឹកនាំបក្សប្រឆាំងផងនោះ សហរដ្ឋអាមេរិកបានស្នើឲ្យព្រឹទ្ធសភារបស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជាប្រមានជា៧៧,៨លានដុល្លារអាមេរិក បើរដ្ឋាភិបាលខ្មែរនៅតែមិនបញ្ឈប់ប្រើហិង្សាទៅលើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ប្រាប់អ្នកគំាទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើនៅថ្ងៃអង្គារនេះថា លោក សម រស្ស៊ី ត្រូវបានព្រះមហាក្សត្រលើកលែងទោសនៅឆ្នាំ២០១៣មុនការបោះឆ្នោត។ លោកបន្តថា ក្រោយបោះឆ្នោតទាំងគ.ជ.ប ទាំងរដ្ឋសភាបានទទួលស្គាល់មេបក្សរបស់ខ្លួនថាជាបេក្ខភាពតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលកំពង់ចាម។

លោក យឹម សុវណ្ណ បញ្ជាក់ទៀតថាជាងនេះទៅទៀតលោក សម រង្ស៊ី បានចូលស្បថកាន់តំណែងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រទៀតផង។ ប៉ុន្តែក្រោយមករដ្ឋសភាបានប្រកាសថា លោក សម រង្ស៊ី បានបាត់បង់អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទៅវិញ។

លោកឲ្យដឹងទៀតថាគណបក្សនឹងដាក់លិខិតពីរដាច់ដោយលែកពីគ្នាទៅប្រធានរដ្ឋសភានិងគ.ជ.ប ឲ្យពន្យល់ករណីនេះ ដោយលោកយល់ថាការដែលប្រធានរដ្ឋសភាប្រកាសដកអភ័យឯកសិទ្ធិមេបក្សរបស់ខ្លួនថាជារឿងនយោបាយ។ លោកមានប្រសាសន៍ថា៖ “មុនពេលចូលទៅ ក្លាយខ្លួនជាអ្នកតំណាងរាស្ត្រ សម្រាប់អាណត្តិទី៥នេះ ឯកឧត្តមប្រធាន សម រង្ស៊ី មិនមានទោសទេ ហើយការចោទប្រកាន់ក្រោយនោះ ជារឿងនយោបាយសុទ្ធសាធ គ្មានមូលដ្ឋានច្បាប់។ ដូច្នេះឯកឧត្តម សម រង្ស៊ី នៅតែជាអ្នកតំណាងរាស្ត្រ ហើយត្រូវតែមានសិទ្ធិសេរីភាព ក្នុងការចូលរួម សកម្មភាពនយោបាយនិងការបោះឆ្នោតនៅក្នុងប្រទេស នៅពេលឆាប់ៗខាងមុខនេះ។ តែទោះជាយ៉ាងណាក៏ដោយឯកឧត្តម សម រង្ស៊ី បានប្តេជ្ញាចិត្តហើយថា នឹងចូលមកកម្ពុជាមុនការបោះឆ្នោតនេះ”។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង សុំមិនធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះទេ ដោយលោកអះអាងថារង់ចាំពិនិត្យខ្លឹមសារក្នុងលិខិតរបស់បក្សប្រឆាំងនេះជាមុនសិន មុនឆ្លើយប្រតិកម្មនិងបញ្ហានេះ។

ចំណែកមេដឹកនាំបក្សកាន់អំណាចវិញធ្លាប់បញ្ជាក់ជំហរថាវប្បធម៌សន្ទនានឹងមិនអាចធ្វើទៅបានទេ បើបក្សប្រឆាំងលើកយករបៀបវារៈអ្នកជាប់ឃុំនិងអ្នកដែលតុលាការកំពុងដំណើរការនីតិវិធីនោះមកពិភាក្សា។ ប៉ុន្តែសហគមន៍អន្តរជាតិជាម្ចាស់ជំនួយបានជំរុញឲ្យគណបក្សទាំងពីរវិលទៅរកតុចរចាស្វែងរកដំណោះស្រាយ តាមរយៈវប្បធម៌សន្ទនាធានាដល់ការបោះឆ្នោតនិងការគោរពសិទ្ធិមនុស្ស។

លោក យឹម សុវណ្ណ អះអាងទៀតថាគណបក្សសង្គ្រោះជាតិចង់ឃើញស្ថានការនយោបាយវិលទៅរកស្ថានភាពល្អដូចដើមវិញ ដែលលោកគិតថាដើម្បីកុំឲ្យមានការផ្តាច់ជំនួយណាមួយដល់កម្ពុជានិងធានាដល់ការបោះឆ្នោតខាងមុខ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។ លោកមានប្រសាសន៍ថា៖ “គណបក្សសង្គ្រោះជាតិយល់ឃើញថាគណបក្សចង់បានស្ថិរភាព[នយោបាយ] ប្រកបដោយយុត្តិធម៌ ចង់បានការដោះស្រាយដោយយុត្តិធម៌ពីព្រោះស្ថានការនយោបាយជាប់គាំង វាប៉ះពាល់ធ្ងន់ធ្ងដល់ប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋយើងទាំងមូល ហើយវានឹងប៉ះពាល់ដល់ដំណើការបោះឆ្នោតនាពេលខាងមុខដែរ។ គណបក្សសង្គ្រោះជាតិក៏ចង់បានជំនួយពីសហគមន៍អន្តរជាតិផងដែរ។ បើស្ថានការណ៍នៅតែជាប់គាំងបែបនេះ ការគាបសង្កាត់ទៅលើបក្សប្រឆាំងនៅតែមានបែបនេះ ការប្រព្រឹត្តអំពើហិង្សានៅតែមានបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់សហគមន៍អន្តរជាតិ ដូច្នេះយើងមិនចង់ជួបស្ថានភាពបែបនេះទេ”។

លោក សម រង្ស៊ី ត្រូវបានប្រធានរដ្ឋសភាប្រកាសកាលពីចុងឆ្នាំ២០១៥ថាមេបក្សប្រឆាំងរូបនោះបានបាត់បង់អភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដោយយោងតាមបទបញ្ជាផ្ទៃក្នុងនិងលក្ខខន្តិកៈអ្នកតំណាងរាស្ត្រ ។

ក្រោយមកមេបក្សប្រឆាំងរូបនោះ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ទាក់ទិននឹងបណ្តឹងចាស់ របស់អតីតរដ្ឋមន្ត្រី លោក ហោ ណាំហុង កាលពីឆ្នាំ២០០៨ ដែលលោក សម រង្ស៊ីថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

វិធានការផ្ទួនៗទៅលើលោក សម រង្ស៊ីនេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីប្រកាសផ្តាច់ទំនាក់ទំនងល្អ ជាមួយមេបក្សប្រឆាំងរូបនោះ ដោយសាតែលោក សម រង្ស៊ី បន្តរិះគន់ថាការដឹកនាំរបស់រដ្ឋាភិបាល បាន ការពារឧកញ៉ាមួយក្រុមតូច តែមិនបានដោះស្រាយបញ្ហាពលរដ្ឋភាគច្រើនដែលបាត់បង់ដីពីការរំលោភបំពាននិងបានព្រមានធ្វើកំណែទម្រង់ប្រព័ន្ធតុលាការមុនគេ បើខ្លួនឈ្នះការបោះឆ្នោតបានឡើងកាន់អំណាចឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ