ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​បទ​ឈប់​បាញ់​ជាមួយ​ពួក​បះបោរ​

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃម្សិលមិញ បានដកបទឈប់បាញ់ឯកតោភាគីជាមួយពួកបះបោរកុម្មុយនីស្ត បន្ទាប់ពីឱសាទវាទរបស់លោកសម្រាប់ក្រុមឧទ្ទាម បានកន្លងផុតទៅ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Duterte បានប្រកាសបទឈប់បាញ់នេះ កាលពីថ្ងៃទី២៥ ខែកក្កដា ដើម្បីជួយបញ្ចប់ការបះបោរដ៏យូរបំផុតមួយនៅអាស៊ី ដែលបានផ្ដាច់ជីវិតមនុស្ស ១ម៉ឺននាក់ ចាប់តាំងពីទសវត្សរ៍ ១៩៦០មក។

ប៉ុន្តែ បទឈប់បាញ់នេះ មានអាយុខ្លីប៉ុណ្ណោះ បន្ទាប់ពីពួកឧទ្ទាមកុម្មុយនីស្តនៅភាគខាងត្បូងខេត្ត Davao បានសម្លាប់កម្លាំងសន្តិសុខម្នាក់របស់រដ្ឋាភិបាល និងធ្វើឲ្យមនុស្ស ៤នាក់ទៀតរងរបួស។

លោក Duterte កាលពីថ្ងៃសុក្រកន្លងមក បានផ្ដល់ឱសានវាទដល់ពួកបះបោរកុម្មុយនីស្ត ឲ្យបកស្រាយពន្យល់ពីហេតុការណ៍នោះ និងប្រកាសពីបទឈប់បាញ់ដូចគ្នានឹងរដ្ឋាភិបាលនៅត្រឹមរសៀលថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែ ពេលវេលាកំណត់ បានកន្លងផុតទៅហើយ ដោយមិនមានការប្រកាសពីបទឈប់បាញ់ពីសំណាក់ក្រុមបះបោរនោះឡើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីលោក Duterte ដែលបានថ្លែងថា៖ «ខ្ញុំបញ្ជាឲ្យដកបទឈប់បាញ់ជាបន្ទាន់។ ខ្ញុំបញ្ជាឲ្យកងកម្លាំងសន្តិសុខទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតួនាទីរបស់ពួកគេធម្មតា ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងអស់ទៅលើសន្តិសុខជាតិ»។

លោក Duterte ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែមិថុនា ក្រោយពីឈ្នះការបោះឆ្នោតនោះ បាននិយាយថា លោកមានបំណងបង្កើតសន្តិភាពជាមួយពួកបះបោរកុម្មុយនីស្តិ ប៉ុន្តែ បានអំពាវនាវឲ្យពួកគេបង្ហាញ«ឆន្ទៈល្អ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ