សមត្ថកិច្ចខេត្តព្រះវិហារបានរកឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមជាង២០០គ្រាប់នៅនៅក្បែរប្រាសាទបុរាណមួយ។
ស្នងការនរគរបាលខេត្តព្រះវិហារលោក ស៊ី គីរី បានឲ្យវីអូឌីដឹងថាគ្រាប់ចំនួន២៥៣គ្រាប់ត្រូវបានប្រជាជនរស់នៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ក្បែរប្រាសាទដំរី បានប្រទះឃើញនិងរាយការណ៍មកសមត្ថកិច្ច។ លោកបានបន្ថែមថាកន្លែងដែលប្រជាជនរកឃើញគ្រាប់ទាំងនេះជាលេណដ្ឋានទ័ពកាលពីសម័យសង្គ្រាមដែលមានច្រេះចាប់។
លោកថា៖ “បងប្អូនគាត់ចូលទៅបត់ដៃបត់ជើងហ្នឹង គាត់ឃើញស្នាមដីគាត់ក៏កាយទៅក៏ឃើញគ្រាប់ ព្រោះតំបននេះជាមូលដ្ឋានកងទ័ពពីមុនមក។ … ជាលេណដ្ឋានទ័ពពីមុនមកជាទីតាំងកងទ័ព ”។
បើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រាប់ទាំង២៥៣គ្រាប់នេះរួមមាន គ្រាប់អាកា៣កេស ច្រេះខូចអស់ គ្រាប់DK13គ្រាប់, គ្រាប់៨០ម.ម ចំនួន១៤គ្រាប់, គ្រាប់៦០ម.ម ចំនួន២គ្រាប់, មីនហោះ ៣គ្រាប់, មីនស្គរ៨គ្រាប់, គ្រាប់B៥១គ្រាប់, ដងB៣៨ដង, គ្រាប់១២ម.ម ចំនួន១៣គ្រាប់ ។
លោកស្នងការខេត្តបានឲ្យដឹងថា ក្រោយពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅពិនិត្យនិងទំនាក់ទំនងទៅអាជ្ញាធរជាតិកម្ចាត់មីន ដើម្បីត្រួតពិនិត្យនិងត្រៀមយកទៅកម្ទេចចោល៕