សន វិជ្ជ​បុត្រ ប្រកាស​បន្ត​គម្រោង​មនុស្សធម៌​នៅ​ព្រៃវែង

តារាចម្រៀងលោក សន វិជ្ជបុត្រ (រូបភាពពីបណ្តាញសង្គម)

ក្នុងប៉ុន្មានខែនេះ គេចាប់អារម្មណ៍ថា តារាចម្រៀងផលិតកម្មអឹម លោក សន វិជ្ជបុត្រ បានបង្ហាញសកម្មភាពមនុស្សធម៌លេចមុខយ៉ាងខ្លាំងក្នុងខេត្តព្រៃវែង តាមរយៈការចុះជីកអណ្ដូងទឹកស្អាត ចាក់ដីសង់ផ្លូវ ធ្វើបុណ្យចែកទានដល់ចាស់ៗ សង់ផ្ទះជូនដល់ទុរគ៌តជន និងចុះចែកកង់ ចែកសម្ភារៈសិក្សា ខុសពីតារាមួយចំនួនដែលធ្វើសកម្មភាពតែមួយខ្យល់ ហើយក៏បាត់ដំណឹងវិញនោះ។

សាមីខ្លួនបានប្រកាសដោយចំហរថា ហេតុផលដែលលោកបន្តជួយដល់ខេត្តព្រៃវែង មិនមែនដោយសារខេត្តនេះ ជាស្រុកកំណើតរបស់ខ្លួននោះទេ ប៉ុន្តែគឺមកពីខេត្តមួយនេះនៅមានអ្នកក្រខ្វះខាតច្រើន បើធៀបនឹងខេត្តផ្សេងទៀតដែលលោកចុះជួយ។

ឆ្លើយឆ្លងជាមួយភ្នាក់ងារវីអូឌី តាមទូរស័ព្ទ តារាចម្រៀងលោក សន វិជ្ជបុត្រ បានអះអាងថា លោកនឹងមានគម្រោងស្វែងរកមូលនិធិជាច្រើនបន្ថែមទៀត ជួយដល់អ្នកខេត្តព្រៃវែង ដោយសារតែនៅតំបន់ភាគច្រើនរបស់ខេត្តនេះ គឺមានសភាពខ្វះខាត ហើយនៅក្នុងសហគមក្ររហូតដល់ថ្នាក់មិនមានលទ្ធភាពជីកអណ្ដូងទឹកស្អាតដើម្បីប្រើក៏មាន។

លោកទទួលស្គាល់ថា ខ្លួនធ្វើសកម្មភាពមនុស្សធម៌ចុះជួយខេត្តនេះច្រើនជាងគេ បន្ទាប់ពីបានទៅជួយមួយកន្លែង ហើយចេះតែមានអ្នកស្នើអោយជួយ ដែលលោកយល់ថា មិនអាចប្រកែករួច។

លោកបានបញ្ជាក់ថា ថវិកាដែលខ្លួនចុះធ្វើសកម្មភាពមនុស្សធម៌ទាំងនេះ មិនមែនជាថវិកាទាំងស្រុងដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននោះទេ គឺលុយមួយចំណែកដែលបានពីការច្រៀងរាំ និងបានពីលោកបើកជំនួញលក់ឡាន ទិញឡាន ទើបចេះតែធ្វើអោយលោកអាចធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្ម នាពេលចុងក្រោយ។

យ៉ាងណាមិញ លោកក៏បង្ហាញទឹកចិត្តត្រេកអរផងដែរ ចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺតារាសិល្បៈរួមអាជីពតែម្ដង ដែលបានរួមចំណែកធ្វើអោយលោកបានសម្រេចផែនការជីកអណ្ដូង ចាក់ដី សង់ផ្លូវ និងសង់ផ្ទះជូនគ្រួសារក្រីក្រក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ លោកថា អ្វីៗដែលខ្លួនបានធ្វើ មិនមែនដើម្បីអោយមានការកោតសរសើរ ឬចង់បង្អួតអ្នកសិល្បៈដូចគ្នាថាលោកលេចធ្លោ ក្នុងរឿងធ្វើទាននោះទេ ប៉ុន្តែមកពីចង់បង្ហាញពីការចែករំលែកទើបចេះតែគៀរគរជំនួយខ្លះទៅ និងបង្គ្រប់ថវិកាដែលខ្លួនរកបានខ្លះ ដើម្បីអោយសកម្មភាពសប្បុរសធម៌មួយត្រូវបានលេចឡើង។

នាពេលកន្លងមកលោកថា បានធ្វើសកម្មភាពបែបនេះនៅតាមបណ្ដាខេត្តផ្សេងច្រើន ជាពិសេសនៅខេត្តកណ្ដាល និងខេត្តក្រចេះ។ ប៉ុន្តែមកពីពេលក្រោយចេះតែឃើញសហគមន៍របស់ខេត្តព្រៃវែងមានភាពខ្វះខ្លះ គ្រប់ពេលលោកទៅលេងស្រុកកំណើត ទើបងាកមកធ្វើសកម្មភាពទាំងនេះនៅខេត្តដែលលោកដឹងក្ដីច្រើនជាង។

ជាក់ស្ដែងសកម្មភាពចែកកង់ ថ្នាំដុសធ្មេញ សៀវភៅ ខ្មៅដៃ ប៊ិច កូនឡានជ័រ និងថវិកាមួយចំនួនជូនដល់សិស្ស និងលោកគ្រូអ្នកគ្រូ ស្ថិតនៅអនុវិទ្យាល័យធាយ ក្នុងឃុំធាយខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២២ កក្កដា នោះ លោកថាគឺបណ្ដាលមកពីលោកសម្គាល់ថាសិស្សក្នុងអនុវិទ្យាល័យនោះ មានសភាពខ្វះខាតភាគច្រើន។

លោកសន វិជ្ជបុត្រ បញ្ជាក់ថា ក្មេងៗនៅក្នុងវិទ្យាល័យធាយនោះ ភាគច្រើនជាកូនអ្នកក្រ ហើយមិនសូវមានឱកាសទទួលបានការសិក្សាបានខ្ពស់នោះទេ ទើបលោកសម្រេចចិត្តអំពាវអោយមានការបរិច្ចាគជាកង់ ជាលុយកាក់ និង សម្ភារៈផ្សេងៗ ដើម្បីយកទៅចែកដោយផ្ទាល់ដើម្បីជាការលើកទឹកចិត្ត។

យ៉ាងណាក៏ដោយ លោកថាមិនមានគម្រោងចុះចែកអំណោយដល់ទីតាំងដដែលជាថ្មីម្ដងទៀតនោះទេ ដោយលោកបញ្ជាក់ថា ក្នុងខេត្តព្រៃវែងនៅមានសហគមន៍ និងសិស្សសាលាក្រីក្រផ្សេងទៀតដែលត្រូវការលោកចុះចែករំលែក។ លោកទទូចអោយមានការចូលរួមក្នុងសកម្មភាពមនុស្សធម៌ដូចគ្នានឹងអ្វីដែលលោកបានធ្វើអោយបានច្រើន ដើម្បីលើកទឹកចិត្តដល់អ្នកខ្វះខាតអោយកម្លាំងក្នុងការតស៊ូ។

លោកថានៅក្នុងពិធីចែកអំណោយកាលពីថ្ងៃទី២២ កក្កដានោះ លោកបាននាំ យកកង់ម្នាក់មួយគ្រឿងប្រគល់សល់សិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ លេខ២ទទួលបានកាតាបមួយ អមដោយសម្ភារសិក្សា។ លោកថាខ្លួនគ្រាន់តែចង់បំផុងអោយក្មេងៗនៅក្នុងសហគមន៍ធាយ ខេត្តព្រៃវែង ដែលភាគច្រើនមិនសូវចង់រៀនចប់ចុងចប់ដើមព្រោះតែស្ថានភាពគ្រួសារ ចេះពង្រឹងការ តស៊ូ និងអត់ធ្មត់រៀនអោយបានចប់ប៉ុណ្ណោះ ទើបក្រៅពីប្រគល់នូវអំណោយ ក៏បានចែករំលែកនូវបទពិសោធន៍តស៊ូច្រើនរបស់ខ្លួន និងរបស់ម្ចាស់អំណោយផ្សេងទៀត នៅក្នុងថ្ងៃប្រគល់អំណោយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ