រដ្ឋាភិបាល៖ រថក្រោះដឹកឆ្លងកាត់ទីក្រុងភ្នំពេញគឺយកមកជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងនៅថ្ងៃចន្ទទី២៥នេះថា រថក្រោះដែលបានដឹកចូលទីក្រុងភ្នំពេញនាយប់ថ្ងៃទី២៤គឺត្រូបាននាំយកមកពីព្រំដែន ដើម្បីយកទៅបន្ទាយធ្វើការជួសជុលនិងទុកត្រៀមពេលមានសង្រ្គាមកើតឡើងតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មានប្រសាសន៍ប្រាប់វីអូឌីថាការដឹកនាំយករថក្រោះពីតំបន់ព្រំដែនមកវិញនេះ ដោយសារស្ថានភាពនៅតាមព្រំដែនពេលនេះមិនមានភាពតានតឹងនិងដោយសារតែរដូវនេះមានភ្លៀងធ្លាក់ច្រើនធ្វើឲ្យរថក្រោះខ្លះបានខូច ទើបរដ្ឋាភិបាលសម្រេចដឹកយកមកទៅទុកក្នុងបន្ទាយ ដើម្បីធ្វើការជួសជួលឡើងវិញ។

នៅពេលវីអូឌីសួរថា តើការដឹកជញ្ជូននិងចល័តរថក្រោះឆ្លងកាត់រាជធានីភ្នំពេញនេះគឺជាការធ្វើឡើងដើម្បីបំភ័យប្រជាជនឬយ៉ាងណាស្របពេលដែលពលរដ្ឋរាប់ម៉ឺននាក់កាលពីម្សិលមិញបានចូលរួមដង្ហែសពលោក កែម ឡី និងស្របពេលដែលកម្ពុជានឹងខិតជិតដល់រដូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឆ្នាំ២០១៧និងឆ្នាំ២០១៨ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់បន្ថែមថាការចល័តរថក្រោះនេះមិនមែនយកមកដើម្បីបំភ័យប្រជាពលរដ្ឋដូចការលើកឡើងពីមតិមួយចំនួននៅក្នុងបណ្តាញសង្គម(ហ្វេសប៊ុក)នោះទេ។

ទោះជាយ៉ាងលោក ឈុំ សុជាតិ សុំមិនឆ្លើយលម្អិតបន្ថែមពីការដឹករថក្រោះឆ្លងកាត់ក្នុងទីក្រុងភ្នំពេញនោះទេ ដោយលោកថានេះជារឿងសន្តិសុខជាតិរបស់ប្រទេស។

លោកមានប្រសាសន៍ថា៖ … ស្ថានភាពព្រំដែនមានភាពធូរស្រាលទី១ និងទី២មានការព្យាករថាមានទឹកលិច(មានអី)នៅកន្លែងដែលយើងធ្លាប់ដាក់នៅតាមព្រំដែន ហើយបារម្ភខ្លាចវា(រថក្រោះ)ចល័តអត់កើត។ វា(រថក្រោះ)មានឧបករណ៍ធ្ងន់ៗណាស់។ អញ្ចឹង! ពេលយើងចល័តយកមកទុក(គឺ)ដើម្បីត្រៀមទី១ យើងថែទាំវា ជួសជុលវាឲ្យល្អ ហើយ(ទី២)យើងត្រៀមលក្ខណៈពេលមានសង្រ្គាមយើង(អាច)ធ្វើការបានទៀត … មានតែប៉ុណ្ណឹងទេ! អត់មានទាក់ទង(រឿង)អីផ្សេងទៀតទេ …

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិកលោក សំ គន្ធាមី លើកឡើងផ្ទុយពីអ្នកនាំពាក្យក្រសួងការពារជាតិ ហើយថាការចល័តរថក្រោះឆ្លងកាត់ទីក្រុងនេះជាការបង្ហាញរូបភាពបំភិតបំភ័យមកលើប្រជាពលរដ្ឋខ្លួនឯង ខណៈកម្ពុជានឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតនៅខែសីហាខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ “នេះជាការបង្ហាញរូបភាពបំភិតបំភ័យហើយ បើយើងទៅផ្លូវផ្សេង យើងអត់បានឃើញ អត់ឃើញរូបភាពហ្នឹង! ដល់អញ្ចឹង … ទោះបីជាហេតុផលជួសជុល ក៏មិនត្រូវយកមកជួសជុលអីនៅហ្នឹងដែរ! (គេ) មានកន្លែងជួសជុល រោងជាងគេត្រឹមត្រូវ … (កន្លែង) ជួសជុលវា (រថក្រោះ) មាននៅភូមិភាគ ធម្មតាទាហានមានកន្លែងភូមិភាគគេនីមួយៗ (គឺ) នៅតាមខេត្ត បណ្ដាខេត្ត …

លោក សំ គន្ធាមី បន្តថាពាក់ព័ន្ធកម្លាំងយោធានិងរថក្រោះ រដ្ឋាភិបាលគួរតែរក្សានៅតាមបន្ទាយនីមួយៗដដែល ជៀសវាងដឹកឡានចល័តចុះឡើងនៅក្នុងទីក្រុងដូចនេះ។ លោកថាវាជាការបារម្ភមួយមិនថាជនស៊ីវិល ប្រជាពលរដ្ឋ និងអ្នកវិនិយោគនោះទេ ហើយបើមានរូបភាពបែបនេះបន្តកើតឡើង វាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។

ការចល័តរថក្រោះជាច្រើនគ្រឿងពីបណ្តាខេត្តនានានិងពីតំបន់ព្រំដែនដោយឆ្លងកាត់រាជធានីភ្នំពេញត្រូវបានធ្វើឡើងតាំងពីពាក់កណ្តាលខែកក្កដាគឺស្របពេលដែលមានព្រឹត្តិការណ៍ការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមនិងនយោបាយល្បីល្បាញមួយរូបគឺលោក កែម ឡី និងស្របពេលដែលយុទ្ធនាការណ៍ចុះឈ្មោះបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែក្រោយ។ ការផ្លាស់ប្តូរទីតាំងនិងចល័តរថក្រោះនេះក៏កំពុងបង្កើតជាចម្ងល់និងការពិភាក្សាពីសំណាក់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គម។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិនៅតែអះអាងថាការចល័តនេះរថក្រោះនេះមិនពាក់ព័ន្ធដូចការលើកឡើងនោះទេ។

កាលពីថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យមួយដោយឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ធ្វើជាអនុប្រធាន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាប្រធាននៃគណៈបញ្ជាការអចិន្ត្រៃយ៍សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការចុះឈ្មោះបោះឆ្នោតពីឆ្នាំ២០១៦ដល់២០១៩។

នៅក្នុងអនុក្រឹត្យដែលចេញដោយរដ្ឋាភិបាលនោះឲ្យដឹងទៀតថា កម្លាំងនរបាល កងរាជអាវុធហត្ថ ឬកងយោធពលខេមរភូមិន្ទត្រូវរៀបចំបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដែនសមត្ថកិច្ចរាជធានីខេត្តរៀងៗខ្លួន។

រដ្ឋាភិបាលបញ្ជាក់ថាអនុក្រឹត្យនេះមានគោលបំណងធានាដំណើរការចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ដោយរដ្ឋាភិបាលថាដើម្បីឲ្យប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានហិង្សាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ