លិខិតមិត្តអ្នកអាន៖ មហារដ្ឋបុរសលោកបណ្ឌិត កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

បីឬបួនថ្ងៃនេះមនុស្សម្នាជាច្រើនទូទាំងប្រទេសតែងតែដក់ជាប់ក្នុងចិត្តនូវឈ្មោះលោកបណ្ឌិត កែម ឡី ក្រោយពេលដែលមានឃាតកម្មយ៉ាងសាហាវឃោឃៅទៅលើរូបគាត់នៅកណ្តាលរាជធានីភ្នំពេញ។ នេះគឺជាមហាសោកនាដកម្មដ៏គួរអោយតក់ស្លុតនិងសោកសង្រេងដែលនឹកស្មានមិនដល់សោះឡើយ។

លោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តដែលមានទេពកោសល្យនិងមានចំនេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះ ប្រៀបបានទៅនឹងដុំពេជ្រដ៏មានតម្លៃដែលកម្រនឹងមាននៅកម្ពុជាយើងនេះ ហើយលោកក៏ជាធនធានមនុស្សដែលជាជង្រុកគំនិតនឹងពោរពេញទៅដោយបទពិសោធន៏ ចំណេះ និងជំនាញជាច្រើនមិនអាចផ្ទឹមបាន។

លោកបណ្ឌិតត្រូវបានទទួលការស្វាគមន៏លើកសរសើរនិងគាំទ្រពីមហាជនទាំងកម្រិតជាតិនិងអន្តរជាតិចំពោះភាពឈ្លាសវៃនិងភាពប៉ិនប្រសប់របស់លោកក្នុងការវិភាគព័ត៌មាននូវអំណះអំណាងជាក់លាក់ ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត និងការចែករំលែកនូវព័ត៌មានពិតច្បាស់ៗ ចំៗ និងសាមញ្ញងាយឆាប់យល់។ ជាពិសេសការវិភាគដែលទាក់ទងទៅនឹងភាពអសកម្មនានារបស់រដ្ឋាភិបាល ក៏ដូចជាបញ្ហាសង្គមទាំងមូលនិងអភិបាលកិច្ចល្អ។ សុភាសិតរបស់ “ឆាវ ឆាវ”  ក្នុងរឿងសាមកុកមួយបានពោលថា “បើចង់ដឹងថាតើអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះ តើនរណានឹងបានប្រយោជន៏ជាងគេ”

ជាទូទៅនរណាគេក៏ដឹងថាការវិភាគរបស់លោកបណ្ឌិត កែម ឡី ម្តងៗតែងតែប៉ះពាល់យ៉ាងខ្លាំងដល់មន្ត្រីធំៗ ឧកញ៉ាមហាសេដ្ឋី ហើយពេលខ្លះដល់ទេវតាកំពូលទៀតផង។ ចង់ឬមិនចង់ការវិភាគទាំងអស់នោះហើយដែលជាការបាញ់ចំកន្លែងមហារីកដែលធ្វើឲ្យអ្នកទាំងអស់នោះមិនចង់ឲ្យប៉ះពាល់សោះឡើយ។

និយាយឲ្យចំ លោកបណ្ឌិតកំពុងតែក្លាយទៅជាឆ្អឹងទទឹងកឬជាដុំគ្រួសក្នុងភ្នែកដែលគេចាំពេលវេលាល្អដើម្បីចាត់ការចេញ។ “ទុកមិនចំនេញ ដកចេញល្អជាង” ប្រហែលជាទ្រឹស្តីដ៏សំខាន់របស់អ្នកនៅពីក្រោយនៃឃាតកម្មនេះហើយ។ វាមិនមែនជាដើមចមនៃការខ្ចីបុលដូចដែលខ្មាន់កាំភ្លើងបានសារភាពនោះទេ។ អាវមិនអាវ ខោមិនខោបែបនេះ តើមានប្រាក់ពីណាមកអោយលោកបណ្ឌិតខ្ចីនោះ? ការវិភាគត្រង់ៗចំគោលដៅឯណេះទេ ដែលជាឬសគល់នៃការផ្តាច់ជីវិតលោកបណ្ឌិត កែម ឡី។

ជារួមការគាស់បើកកកាយនៃព័ត៌មានសំងាត់ផ្សេងៗដូចជាករណីពុករលួយ លួចលុយជាតិ ការកាប់បំផ្លាញធនធានធម្មជាតិ សម្បទានសេដ្ឋកិច្ចគ្មានតម្លាភាព បញ្ហាព្រំដែន សុទ្ធសឹងតែជាបញ្ហាដ៏រសើបដែលជាហានិភ័យសម្បើមខ្លាំងណាស់សម្រាប់ពួកមន្ត្រីធំៗនិងឧកញ៉ាមហាសេដ្ឋីក៏ដូចជាខ្សែស្រឡាយរបស់ពួកគេ។ ការផ្តល់ព័ត៌មានពិតរបស់លោកបណ្ឌិតធ្វើឲ្យពួកគេទាំងអស់នោះខ្លាចនិងបារម្ភចំពោះការបាត់បង់នូវផលប្រយោជន៏ ប្រជាប្រិយភាពនិងភាពជឿទុកចិត្តពីប្រជាពលរដ្ឋតែម្តង។

មែនទែនទៅ ការងារជាអ្នកវិភាគនិងជាអ្នករូតវាំងនននេះលោកបណ្ឌិត កែម ឡី ដឹងច្បាស់ណាស់ថាជីវិតរបស់លោកគឺស្ថិតក្នុងភាពផុយស្រួយណាស់។ លោកធ្លាប់មានប្រសាសន៏ថា “ចង់ធ្វើជាអ្នកវិភាគអោយបានគ្រប់ជ្រុង យើងត្រូវមានប៉ាស្តត (Passport) មួយ ហើយត្រូវមានវីសា ( Visa) បី បើគេមិនសប្បាយចិត្តគេឲ្យយើងទៅពេទ្យ យើងទៅៗ បើគេមិនសប្បាយចិត្តគេឲ្យយើងទៅព្រៃស យើងទៅៗ ហើយបើគេមិនសប្បាយចិត្តគេឲ្យយើងទៅវត្តព្រះពុទ្ធ យើងទៅៗ”

វីរភាពនិងការលះបង់របស់លោកមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ បើទោះបីជាដឹងថាមានការគំរាមសម្លាប់ត្រូវព្រាត់ប្រាសកូនប្រពន្ធម្តេចក្តី ក៏លោកបណ្ឌិតនៅតែបន្តការងារ បន្តមនសិការ បន្តគោលជំហររបស់លោកដល់ថ្ងៃមរណា។ “នៅពេលដែលខ្ញុំវិភាគម្តងៗខ្ញុំមិនដែលគិតថាខ្លួនខ្ញុំនឹងមានជីវិតរស់នៅទេ នៅក្នុងប្រទេសមួយដែលមានខ្លាច្រើន មានពស់វែកច្រើន មានឆ្លាមច្រើន នៅពេលដែលខ្ញុំវិភាគខ្ញុំមិនដែលគិតថាខ្ញុំអាចរស់ទេប៉ុន្តែបើយើងនៅតែខ្លាច យើងនាំគ្នានៅតែខ្លាច យើងគ្មានលទ្ឋភាពផ្តល់គំរូដល់យុវជនទេ ហើយយើងគ្មានលទ្ធភាពកែប្រែប្រទេសយើងទេ”

នេះជាប្រសាសន៏មាសដែលដក់ជាប់ជានិច្ចក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ។ ភាពជាគំរូនិងភាពអង់អាចក្លាហានរបស់លោកបណ្ឌិតគឺពិតជាសក្កិសមនឹងឈ្មោះ មហាបុរសរដ្ឋខ្លាំងណាស់។ យើងទាំងអស់គ្នាជាកូនខ្មែរគ្រប់រូបសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយភរិយានិងកូនៗរបស់លោកបណ្ឌិត កែម ឡី និងជាមួយពលរដ្ឋខ្មែរគ្រប់រូបដែលគោរពស្រលាញ់លោកបណ្ឌិត។ សូមអោយវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតបានទៅដល់សុគតិភព។ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំនើរទៅមុខ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ