អាមេរិកបញ្ជូនបេសកជនកីឡាបាល់បោះពីររូបមកកម្ពុជា

លោក Troy Justice នាយកជាន់ខ្ពស់នៃ​NBAនិងបេសកជនកីឡាបាល់បោះ កញ្ញា ស៊ូ វីកស៍ (Sue Wicks)(ស្តាំដៃ​)

ក្រសួងការបរទេសអាមេរិកបានបញ្ជូនបេសកជន២រូបដែលជាកីឡាករនិងកីឡាការិនីពីសមាគមបាល់បោះអាមេរិកមកកម្ពុជាចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែកក្កដានេះក្នុងគោលបំណងបង្កើនសមត្ថភាពកីឡាករបាល់បោះកម្ពុជាក៏ដូចជាពង្រឹងមិត្តភាពប្រទេសទាំងពីរ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឲ្យដឹងថាកញ្ញា ស៊ូ វីកស៍ (Sue Wicks)និងលោក លោក វ៉េន អេលីងតុន(Wayne Ellington)ដែលជាបេសកជនកីឡាបាល់បោះរបស់អាមេរិក មកកម្ពុជាដើម្បីជួយពង្រឹងជំនាញនិងធ្វើអោយមានការចាប់អារម្មណ៍ច្រើនថែមទៀតនៅកម្ពុជាចំពោះកីឡាដ៏មានប្រជាប្រិយភាពបំផុតនេះ ក្នុងពិភពលោក។ ស្ថានទូតអាមេរិកបន្តថាយុវជនកម្ពុជាមិនត្រឹមតែបានរៀននិងបង្កើនភាពប៉ិនប្រសប់ក្នុងការលេងកីឡាបាល់បោះតែប៉ុណ្ណោះទេ តែបេសកជនកីឡាទាំងពីររូបនឹងផ្តោតផងដែរលើការងារជាក្រុម ការទាក់ទងជាមួយគ្នាបានល្អ ការបង្កើនការចេះអោយតំលៃលើខ្លួនឯងនិងមេរៀនដទៃទៀតដែលត្រូវបានរៀនតាមរយៈការលេងកីឡាបាល់បោះ។

នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយសហព័ន្ធបាល់បោះកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ កញ្ញា ស៊ូ វីកស៍ ថ្លែងថាបេសកជនកីឡា មកកម្ពុជាក្នុងបំណងជួបសំណេះសំណាលជាពិសេសបង្ហាត់បង្រៀនពង្រឹងសមត្ថភាពរបស់យុជននិងកីឡាករបាល់បោះនៅកម្ពុជាហើយថាពូកគេមើលឃើញភាពខ្លាំងក៏ដូចជាចំណង់ចំណូលចិត្តរបស់យុវជននៅក្នុងវិស័យកីឡាប្រភេទនេះ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាឲ្យដឹងក្រោយបញ្ចប់សន្និសីទព័ត៌មានថាវិស័យកីឡាបាល់បោះនៅកម្ពុជានៅមានបញ្ហាប្រឈម ព្រោះកីឡានេះទាមទារឲ្យមានសម្ភារៈ ទីតាំងក៏ដូចជាបច្ចេកទេសល្អ តែកម្ពុជានៅមិនទាន់មានធនធានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនេះនៅឡើយ។ លោកបញ្ជាក់ទៀតថាការទទួលការបង្ហាត់បង្រៀនពីបេសកជននេះជាជំហានទីមួយដែលក្រសូងកំពុងធ្វើដើម្បីពង្រឹងវិស័យកីឡាបាល់បោះ ហើយថាលោកសង្ឃឹមថានឹងមានជំនួយបច្ចេកទេសនៅថ្ងៃមុខទៀត។

គួរបញ្ជាក់ថានេះជាលើកទីមួយហើយដែលមានការបញ្ជូនកីឡាករនិងកីឡារការនីបាល់បោះល្បីរបស់អាមេរិកមកកាន់កម្ពុជាដើម្បីចែករំលែកបទពិសោធន៍ដល់កីឡាករជាពិសេសក្មេងៗ៕ ដោយ ជី បូណ៌មី និងសាញ សុជាទិញ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ