សហជីពមួយជំរុញទៅរដ្ឋាភិបាល​ចាត់ការលើ ធី សុវណ្ណថា ​និង ស្រី ចំរើន ដោយថារំលោភច្បាប់សហជីព

ធី សុវណ្ណថា ​និង ស្រី ចំរើន កាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកធី សុវណ្ណថា)

សហជីពល្បីឈ្មោះមួយបានជំរុញទៅក្រសួងការងារឲ្យចាត់វិធានការលើសកម្មភាពរបស់មនុស្សមួយក្រុមដែលដឹកនាំដោយលោក ស្រី ចំរើន និង ធី សុវណ្ណថា បន្ទាប់ពីពួកគេអះអាងថាខ្លួនជាតំណាងសហជីព ហើយព្រមានដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងលោក សម រង្ស៊ី។

ក្នុងលិខិតកាលពីថ្ងៃទី២៧ ខែកក្កដា ម្សិលមិញ ដាក់ទៅក្រសួងការងារសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ស្រី ចំរើន និង ធី សុវណ្ណថា បានតាំងខ្លួនជាតំណាងសហជីពប្រមូលស្នាមមេដៃកម្មករជាង១១ម៉ឺននាក់ដោយព្រមានធ្វើបាតុកម្ម “រំលាយគណបក្សសង្គ្រោះជាតិ” ដោយថាលោក សម រង្ស៊ី ស្នើទៅសហភាពអឺរ៉ុបបិទការនំាចូលសម្លៀកបំពាក់ពីកម្ពុជា។

ក្នុងលិខិតរបស់សហជីពនេះបានចាត់ទុកការលើកឡើងរបស់ ស្រី ចំរើន និង ធី សុវណ្ណថា ដោយថាខ្លួនជាតំណាងសហជីពនោះថាធ្វើឲ្យមជ្ឈដ្ឋាននានាផ្តោតអារម្មណ៍សង្ស័យថាសកម្មភាពទំាងនេះអាចប្រព្រឹត្តឡើងដោយមិនចុះបញ្ជីសហជីពនិងក្រៅដែនអនុវត្ត។

លិខិតដដែលបន្តថាយុវជនទំាងនោះបានរំលោភបំពានយ៉ាងធ្ងន់លើមាត្រា៨០-៨១នៃច្បាប់ស្តីពីសហជីពនិងស្នើទៅក្រសួងការងារពិនិត្យមើលផ្លូវច្បាប់លើករណីនេះ៖ “ដើម្បីធានាដល់ផលប្រយោជន៍និងរក្សាកិត្យានុភាពនៃច្បាប់ស្តីពីសហជីព ខ្ញុំសូមសំណូមពរឯកឧត្តមមេត្តាត្រួតពិនិត្យមើលនិងមានវិធានការផ្លូវច្បាប់ទៅលើសកម្មភាពរបស់លោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ព្រមទំាងបក្ខពួក(ក្នុងករណីមានាករប្រព្រឹត្តល្មើសច្បាប់)“។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាក្រសួងកំពុងតាមដានលើខ្លឹមសារលិខិតរបស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន និងលិខិតរបស់សហជីពសេរីកម្មករ ដោយលោកថាបើករណីរកឃើញភាពមិនប្រក្រតីណាមួយក្រសួងនិងចាត់វិធានការច្បាប់លើបុគ្គលនោះ។ លោកបន្តថា៖ “យើងនឹងហៅសមីខ្លួនមកពិភាក្សាក្នុងករណីដែលគាត់បានអះអាងថាខ្លួនគាត់ជាប្រធានសហជីព ប៉ុន្តែផ្ទុយទៅវិញមិនមែនជាប្រធានសហជីព ហើយគាត់អះអាងថាជាប្រធានសហជីព គឺច្បាប់ហាម ប៉ុន្តែបើគ្រាន់មនុស្សម្នាក់និយាយថាខ្លួនតំណាងឲ្យមនុស្សប៉ុណ្ណេះ ដែលក្នុងនោះមាននិស្សិត មានទំាងប្រជាពលរដ្ឋទូទៅ មានទំាងកម្មករ ខ្ញុំគិតថាយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យវិសាលភាពទំហំនិងធាតុផ្សំអ្នកដែលជាអ្នកតំណាងទំាងអស់នោះ តើខាងណាវាធំជាងខាងណា

សារព័ត៌មានមួយចំនួនដែលគាំទ្ររដ្ឋាភិបាលបានចុះផ្សាយថា ធី សុវណ្ណថា និង ស្រី ចំរើន ប្រកាសថាពួកគេនឹងប្រមូលស្នាមមេដៃកម្មករ-កម្មការិនីជាង១១ម៉ឺននាក់ ហើយធ្វើបាតុកម្ម “រំលាយគណបក្សសង្គ្រោះជាតិ” ក្រោយពីសារព័ត៌មានដកស្រង់សម្តីមេបក្សប្រឆំាងលោក សម រង្ស៊ី ថាលោកស្នើទៅសហភាពអឺរ៉ុបបិទការនំាចូលសម្លៀកបំពាក់ពីកម្ពុជា។ ករណីនេះធ្វើឲ្យរដ្ឋាភិបាល សហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានប្រតិកម្មទៅនឹងលោក សម រង្ស៊ី ដោយថាធ្វើឲ្យកម្មកររងផលប៉ះពាល់។

ប៉ុន្តែថ្មីៗនេះលោក សម រង្ស៊ី បានព្យាយាមបកស្រាយតាមប្រព័ន្ធផ្សព្វផ្សាយថាអ្នកសារព័ត៌មានខ្លះបានដកសម្រង់សម្តីលោកយកទៅបកប្រែពីភាសាបារំាងទៅជាភាសាខ្មែរខុសពីការពិត ដោយលោកថាលោកមិននិយាយឲ្យសហភាពអឺរ៉ុបបិទការនំាចូលសម្លៀកបំពាក់ពីកម្ពុជានោះទេ។ លោកមានប្រសាសន៍ថា៖ “មិនដែលទាល់តែសោះ ខ្ញុំមិនដែលប្រើពាក្យបិទ សុំស្តាប់សម្ភាសន៍របស់ខ្ញុំជាភាសាបារំាងបិទគឺសែកម៉េ ខ្ញុំមិនដែលប្រើពាក្យនេះទាល់តែសោះ ខ្ញុំគ្រាន់តែថាពិចារណាពិនិត្យមើលលក្ខខណ្ឌគិតគូឡើងវិញ ធ្វើម៉េចឲ្យកម្មករខ្មែរទទួលបានប្រាក់ខែខ្ពស់ជាងសព្វថ្ងៃឲ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងសព្វថ្ងៃ

ប៉ុន្តែកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន តែងតែលើកបញ្ហានេះទៅវាយបកលើលោក សម រង្ស៊ី នៅតាមវេទិកានានា ប៉ុន្តែអ្នកប្រើហ្វេសប៊ុកមានការងឿងឆ្ងល់ថាមិនដឹងយុវជនទំាងពីរនាក់នោះទទួលបានថវិកាពីប្រភពណា ដើម្បីរៀបចំវេទិកាសាធារណៈស្ទើរតែគ្រប់ខេត្តក្នុងប្រទេសកម្ពុជានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ