វៀតណាមផ្តល់ប្រាក់ឲ្យកម្ពុជាសាងសង់ផ្សារនៅក្បែរច្រកព្រំដែន

រដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់ប្រាក់២លានដុល្លារដល់កម្ពុជាក្នុងការសាងសង់ផ្សារគំរូក្នុងខេត្តត្បូងឃ្មុំក្បែរច្រកព្រំដែនវៀតណាមដោយអះអាងថានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលអ្នកវិភាគបារម្ភខ្លាចមានភាពធូររលុងក្នុងការគ្រប់គ្រងព្រោះវៀតណាមជាម្ចាស់លុយ។

ផ្សារគំរូនេះនឹងត្រូវសង់នៅចម្ងាយ១គីឡូម៉ែត្រពីច្រកព្រំដែនកម្ពុជា-វៀតណាមដែលស្ថិតនៅក្នុងភូមិឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន់ សូរសក្តិ ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការសាងសង់ផ្សារគំរូនោះថា ផ្សារគំរូនឹងជួយឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាមកើនឡើងជាងមុនអាចរហូតដល់ទ្វេគុណ។ លោក ប៉ាន់ សូរសក្តិ បានដាក់ការសង្ឃឹមថាវៀតណាមនឹងបន្តសាងសង់ផ្សារគំរូទី២នៅជាប់ព្រំដែនក្នុងខេត្តកំពតបន្ថែមទៀត។

បើតាមរដ្ឋមន្រ្តីដដែលនៅឆ្នាំ២០១៥ការនាំចូលពីវៀតណាមមកកម្ពុជាមានចំនួនទឹកប្រាក់២ ៤១៦លានដុល្លាអាមេរិក ខណៈដែលការនាំចេញពីកម្ពុជាទៅវៀតណាមមានតែចំនួន៩៥៣លានដុល្លារអាមេរិក។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាលោក ចាន់ សុផល យល់ថាការសង់ផ្សារនៅតាមព្រំដែននេះគឺផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកបន្ថែមទៀតថា៖ យើងអាចទទួលបានផលប្រយោជន៍តាមរយៈមានទីផ្សារលក់ទំនិញរបស់ខ្មែរយើង ហើយយើងក៏អាចទិញទំនិញពីគេវិញដោយងាយ ពីព្រោះយើងមិនមែនថា យើងមានគ្រប់គ្រាន់ទេ ឧទាហរណ៍ពូជដំណាំ ខាងវៀតណាមគេមានល្អជាងយើង អញ្ចឹងយើងអាចទិញពូជដំណាំពីគេបានដោយងាយ មិនបាច់ឆ្លងដែនពិបាក ហើយទំនិញដែលយើងមានលក់ឲ្យវៀតណាមក៏យើងអាចយកទៅលក់ត្រឹមទីនោះក៏វាងាយ

ផ្សាររុងក្លឿដែលស្ថិតនៅក្នុងទឹកដីប្រទេសថៃក្បែរច្រកព្រំដែនកម្ពុជានៅខេត្តបន្ទាយមានជ័យគឺមានអាជីវករខ្មែរច្រើនជាងថៃ។

បន្ទាប់ពីមានព័ត៌មាននៃការបង្កើតឲ្យមានផ្សារនៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបញ្ចេញយោបល់ថាអាចនឹងមានប្រជាជនវៀតណាមចូលមកលក់ដូរច្រើនជាងប្រជាជនខ្មែរ ខណៈដែលផ្សារនេះបើកចំហរឲ្យភាគីទាំងពីរចូលមកធ្វើអាជីវកម្មដោយសេរី។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ឃើញថាប្រសិនបើវៀតណាមចូលមកលក់ហើយបង់ពន្ធមកឲ្យខ្មែរដូចជាអាជីវករខ្មែរជាច្រើនដែលទៅលក់ក្នុងផ្សាររុងក្លឿប្រទេសថៃនោះនឹងអាចជួយដល់សេដ្ឋកិច្ចខ្មែរពិតប្រាកដ។ លោកថាប្រសិនបើឲ្យវៀតណាមមកលក់ហើយមានបែបបទត្រឹមត្រូវនោះមិនមែនជាបញ្ហាទេ ប៉ុន្តែលោកបារម្ភខ្លាចនឹងមានភាពធូររលុងនៃការគ្រប់គ្រង ដោយហេតុថាវៀតណាមជាម្ចាស់លុយសាងសង់។

លោកនិយាយថា៖ អាហ្នឹងជារឿងមួយដែលយើងត្រូវពិនិត្យ ថាតើគេមកធ្វើហ្នឹងគេបានចំណេញអី គេមកធ្វើរបៀបគេធ្វើផ្សាររបស់គេ ហើយគេជួលមកឲ្យខ្មែរយើង ឬក៏គេជួលឲ្យពលរដ្ឋវៀតណាមរបស់គេ គេយកថ្លៃឈ្នួលហ្នឹងទៅវិញ អាហ្នឹងវាជារឿងមួយទៀត បើសិនជាគេមកធ្វើឲ្យទទេ អាហ្នឹងវាអត់អីទេ ប៉ុន្តែបើឧទាហរណ៍ថាគេមកធ្វើហើយប៉ុន្តែគេមានភាគហ៊ុននៅក្នុងហ្នឹងទៀត បាទ អាហ្នឹងរដ្ឋាភិបាលខ្មែរគួរតែខ្មាស់គេទៅផ្សារមួយរកលុយធ្វើមិនបាន ឲ្យគេធ្វើឲ្យ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី សឹង សុផារី បដិសេធធ្វើអត្ថាធិប្បាយតាមទូរស័ព្ទដោយតម្រូវឲ្យVOD ផ្ញើសំណួរតាមអ៊ីម៉ែល ប៉ុន្តែមកដល់ម៉ោង៥ល្ងាចនេះ VOD នៅមិនទាន់បានទទួលការឆ្លើយតបនៅឡើយ។

យោងតាមទិន្នន័យដែលបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅក្នុងពិធីចុះ MOU ម្សិលមិញនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមកើនឡើងប្រមាណ២,៣៦%ពី៣ ២៩២លានដុល្លាអាមេរិកនៅឆ្នាំ២០១៤ ទៅ៣ ៣៧០លានដុល្លាក្នុងឆ្នាំ២០១៥ ហើយក្រសួងរំពឹងថានឹងកើនបានចំនួន១ ៥៣០លានដុល្លារអាមេរិកនៅក្នុងខែដំបូងនៃឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ