មនុស្សមួយក្រុមប៉ុនប៉ងលួចវត្ថុបុរាណនៅវត្ដមួយក្នុងសៀមរាប

ព្រះវិហារវត្ដសរស្ដម

ព្រះសង្ឃនិងពលរដ្ឋនៅស្រុកពួក ខេត្ដសៀមរាប អះអាងថាមានមនុស្សមួយក្រុមប្រមាណ២០នាក់បានធ្វើពិធីសែនព្រេននៅក្បែវត្ដ បម្រុងលួចគាស់រកកំណប់នៅទួលប្រាសាទបុរាណ ប៉ុន្ដែត្រូវបរាជ័យដោយសារព្រះសង្ឃនិងពលរដ្ឋបណ្ដេញចេញ។

ព្រះចៅអធិការវត្ដសរស្ដម ឃុំសរស្ដម ស្រុកពួក ព្រះតេជគុណ មែន សាម៉ន ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១១យប់ថ្ងៃទី៧ខែសីហានេះ ប៉ុន្ដែព្រះអង្គថាក្រុមមនុស្សទាំងនោះធ្វើសកម្មភាពមិនបានសម្រេចនោះទេ ដោយសារព្រះសង្ឃទូងស្គរផ្ដល់ដំណឹងដល់ពលរដ្ឋឲ្យជួយអន្ដរាគមន៍ហាមឃាត់។ ព្រះអង្គបន្ដថាក្រុមជនខិលខូចទាំងនោះបានធ្វើពិធីសែនព្រេន ក្នុងគោលបំណងចង់គាស់កកាយរកវត្ថុបុរាណលើទួលប្រាសាទ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាមានកំណប់ក្នុងដីក្បែរព្រះវិហារវត្ដសរស្ដមនេះ។ព្រះអង្គមានសង្ឃដីកាថា៖ “ដល់ពេលលោកវ៉ៃស្គរទៅក៏រត់គេចអស់ទៅ ប៉ុន្ដែវត្ថុបុរាណហ្នឹងមិនមែននៅហ្នឹងទីនេះទេ លឺគេនិយាយមកថាគេយកមកពីកន្លែងកប់ទុកនៅកន្លែងនេះឯងពាក្យចចាមរ៉ាមគេនិយាយចេះគេបោះលិខិតនៅកន្លែងហ្នឹងឯង

ពលរដ្ឋម្នាក់ក្នុងចំណោមជាច្រើននាក់នៅឃុំសរស្ដម ដែលតាមដានហេតុការណ៍នោះលោក ចាន់ ថន ឲ្យដឹងថា ក្រុមមនុស្សទាំងនោះ ខ្លះមានឯកសណ្ឋានជាយោធានិងអង្គរក្ស និងខ្លះកាន់កំាភ្លើង និងប្រើរថយន្ដប្រមាណ៥គ្រឿង ប៉ុន្ដែពួកគេបានគេចខ្លួនអស់ ក្រោយពីពលរដ្ឋប្រមាណ២០០នាក់អន្ដរាគមន៍ទាន់ពេល។ លោកបន្តថាពួកនោះបានបន្សល់ទុកអត្ដសញ្ញាណប័ណ្ណចំលងនិងឯកសារជាច្រើនទៀតនៅកន្លែងពួកគេសែនព្រេននោះ។លោកសង្ស័យថាការប៉ុនប៉ងរកវត្ថុមានតម្លៃនោះអាចមានការឲ្យដៃពីអាជ្ញាធរមូលដ្ឋាន ព្រោះក្នុងពេលកើតហេតុនោះគ្មានសមត្ថកិច្ចអន្ដរាគមន៍ទាន់ពេលទេ។ លោកបន្ដថា៖ “ប្រជាពលរដ្ឋមកមួយយូរសន្ទុះហើយ យប់ហ្នឹងដូចចំឡែកដូចថា ប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំហ្នឹង គឺគេអត់មាននៅកន្លែងទេគឺគេចុះទៅប្រទ្រុយតាមភូមិ មួយសន្ទុះក្រោយមកប្រហែលមួយម៉ោងបានប៉ូលិសមកដល់ប្រជាពលរដ្ឋសួរនាំហាក់បីដូចជាព្រងើយកន្ដើយមិនយកចិត្ដទុកដាក់នឹងហេតុការណ៍ហ្នឹង“។

ករណីនេះអធិការនគរបាលស្រុកពួកលោក ទេព ពុំសែន មានប្រសាសន៍ថាក្រុមជនសង្ស័យទាំងនោះ លោកបានកំណត់មុខសញ្ញាខ្លះៗហើយ ប៉ុន្ដែលោកមិនអាចប្រាប់អត្ដសញ្ញាណបាននោះទេ ដោយរងចាំបញ្ជាពីថ្នាក់លើ។លោក ទេព ពុំសែន បដិសេធដែលថាមានអាជ្ញាធរមូលដ្ឋាននៅពីក្រោយរឿងនេះ។ លោកបន្ដថា៖ “គាស់រកកំណប់ដែលគេអះអាងថាគេកប់ក្នុងសម័យ ប៉ុល ពត។ ចំពោះអត្ដសញ្ញាណនោះគេមានអាសយដ្ឋានគាត់ខ្លះហើយប៉ុន្ដែយើងរក្សាសិន ដើម្បីសុំគោលការណ៍ខាងលើដើម្បីចាត់ការបន្ដ

បើតាមសមត្ថកិច្ច ឯកសារដែលជនសង្ស័យបន្សល់ទុកនៅកន្លែងរកវត្ថុមានតម្លៃនោះ រួមមានអត្ដសញ្ញាណបណ្ណថតចំលង កិច្ចសន្យាធានាសុវត្ថិភាពម្ចាស់មរតក កិច្ចសន្យាបែងចែកមរតក និងកិច្ចព្រមព្រៀងពិនិត្យមើលកំណប់មរតក ខណៈដែលពលរដ្ឋអះអាងថាករណីស្វែងរកកំណប់នោះមានរយៈពេលបីឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ