កាសែតបាងកកប៉ុស្តិ៍របស់ថៃបានផ្សាយនៅថ្ងៃនេះថា សេដ្ឋកិច្ចប្រទេសថៃមានកំណើន៣.៥ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ធៀបទៅនឹងកំណើន៣.២ភាគរយនៅត្រីមាសទី១ ខណៈដែលកំណើនប្រចាំឆមាសទី១នៃឆ្នាំ២០១៦នេះមានចំនួន៣.៤ភាគរយ។
កាសែតថៃមួយនេះបានដកស្រង់តួលេខពីក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងអភិវឌ្ឍន៍សង្គម ដែលបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ។
របាយការណ៍របស់ក្រុមប្រឹក្សានេះនិយាយថា នៅពេលកត្តារដូវកាលត្រូវបានគេដោះស្រាយ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២បានកើនឡើង០.៨ភាគរយធៀបទៅនឹងត្រីមាសទី១។
កំណើននៃការចំណាយតាមគ្រួសារ កំណើននៃការនាំចេញសេវាកម្ម និងការវិនិយោគរបស់រដ្ឋាភិបាល គឺជាកត្តាគាំទ្រដល់កំណើនសេដ្ឋកិច្ចនេះ។
តម្លៃនៃការនាំចេញផលិតផលមានចំនួនជាង៥១ពាន់លានដុល្លារ ដោយបានធ្លាក់ចុះ៣.១ភាគរយ បន្ទាប់ពីវាបានធ្លាក់ចុះ១.៤ភាគរយកាលពីត្រីមាសទី១។
ចំណែកទំហំនៃការនាំចេញបានធ្លាក់ចុះ២.៣ភាគរយ ហើយតម្លៃនៃការចេញបានបាត់បង់អស់០.៨ភាគរយ។
ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងអភិវឌ្ឍន៍សង្គមបានឲ្យដឹងថាការធ្លាក់ចុះទំហំនៃការនាំចេញនេះ បណ្ដាលមកពីការធ្លាក់ចុះការនាំចេញអង្ករ កៅស៊ូ ដំឡូងមី ប្រេងឥន្ធនៈ និងផលិតផលគីមីនិងឥន្ធនៈគីមី។
តម្លៃនៃការនាំចូលមានចំនួនជាង៤១ពាន់លានដុល្លារដោយបានធ្លាក់ចុះ៧.៨ភាគរយ ដោយសារការធ្លាក់ចុះនៃទំហំនិងតម្លៃនៃការនាំចូល៕