ជប៉ុន​តវ៉ា​ទៅ​ចិន​ក្រោយ​នាវា​ល្បាត​ចិន​ចូល​ទៅ​ជិត​កោះមាន​ជម្លោះ​

ដែនកោះ​មានជម្លោះ​(រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

ក្រសួងការបរទេសជប៉ុន បាននិយាយថា ប្រទេសជប៉ុន បានតវ៉ាទៅចិនកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីនាវាល្បាត និងទូកនេសាទចិន បានចូលទៅក្នុងដែនទឹកដែលជប៉ុនចាត់ទុកជាដែនទឹករបស់ខ្លួន នៅប្រជុំកោះមានជម្លោះ។

ក្រុងប៉េកាំង បានអះអាងជាម្ចាស់ទៅលើប្រជុំកោះគ្មានមនុស្សរស់នៅ និងគ្រប់គ្រងដោយជប៉ុន នៅក្នុងសមុទ្រចិនខាងកើត ដែលជប៉ុនហៅកោះនោះថា កោះសេនកាគូ ហើយចិនហៅថា ដាវយួ។ ជារឿយៗ ចិនតែងតែបញ្ជូននាវាល្បាតរបស់ខ្លួនទៅជិតប្រជុំកោះនោះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីក្រសួងការបរទេសម្នាក់ ដែលបាននិយាយថា ប៉ុន្តែ នេះគឺជាលើកដំបូងហើយដែលនាវាល្បាត និងទូកនេសាទចិន បានបើកបររួមគ្នាចូលក្នុងតំបន់នោះ ដែលហាក់ដូចជាការបង្កើនសិទ្ធិទៅលើកោះនោះ។

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Shinsuke Sugiyama បានបញ្ជូនលិខិតតវ៉ាដ៏ខ្លាំងក្លាមួយ ទៅអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក ឆេង យ៉ុងហួ។

ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញ ក៏បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន លោកស្រី Tomomi Inada ថាបាននិយាយខុសពីប្រវត្តិសាស្ត្រសង្គ្រាម បន្ទាប់ពីលោកស្រីបដិសេធនិយាយថា កងទ័ពជប៉ុនប្រព្រឹត្តអំពើសម្លាប់រង្គាលលើជនស៊ីវិលចិន នៅអំឡុងសង្គ្រាមលោកលើកទី ២។

ទំនាក់ទំនងចិន និងជប៉ុន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចនោះ បានធ្លាក់ចុះដុនដាបដោយសារតែជម្លោះដែនទឹក និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏ជូរចត់រវាងប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ