ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​បិទ​ក្រុមហ៊ុន​រុក​រក​រ៉ែ​បំផ្លាញ​បរិស្ថាន

ប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte (រូបភាពពី Reuters)

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃចន្ទនេះបានព្រមានទៅដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការបរិស្ថានដ៏តឹងរឹងឬក៏ប្រឈមមុខនឹងការបិទក្រុមហ៊ុនដោយលោកថា ប្រទេសមួយនេះនៅតែអាចរស់ បើទោះបីជាគ្មានឧស្សាហកម្មរ៉ែក៏ដោយ។

លោក Duterte បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយថា៖ «យើងនឹងនៅតែជាប្រទេសមួយដដែល ទោះបីជាគ្មានអ្នកក៏ដោយ។ តើអ្នកប្រកាន់ខ្ជាប់តាមស្តង់ដាររដ្ឋាភិបាលឬក៏បិទទ្វារ»។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថានេះគឺជាសារព្រមានធ្ងន់ៗពីលោក Duterte ទៅលើក្រុមហ៊ុនរ៉ែនៅក្នុងស្រុក ដែលលោកធ្លាប់បានព្រមាននៅមុនលោកចូលកាន់តំណែងកាលពីថ្ងៃទី៣០ខែមិថុនាកន្លងមកឲ្យក្រុមហ៊ុនទាំងនោះកែប្រែនិងបញ្ឈប់ការបំពុលដី។

ប្រទេសហ្វីលីពីនរហូតមកដល់ពេលនេះបានផ្អាកប្រតិបត្តិការក្រុមហ៊ុនរ៉ែនីកែលក្នុងស្រុកដោយសារពុំអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន។

រដ្ឋមន្ត្រីបរិស្ថាននិងធនធានធម្មជាតិលោក Regina Lopez ដែលបានចាប់ផ្ដើមធ្វើសវនកម្មទីតាំងរុករករ៉ែទាំងអស់កាលពីថ្ងៃទី៨ខែកក្កដាកន្លងមកនោះកាលពីសប្ដាហ៍មុនបានប្ដេជ្ញាបិទប្រតិបត្តិការបន្ថែមទៀត ដោយសារតែមហាជនបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលបង្កមហន្តរាយខាងបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ