ក្រុមអ្នកការពារសិទ្ធិមនុស្សកំពុងបារម្ភពីការផ្ទុះហិង្សានៅក្នុងប្រទេសថៃ

ក្រុមអ្នកការពារសិទ្ធិមនុស្សកំពុងសម្តែងការព្រួយបារម្ភថាអាចនឹងមានអំពើហិង្សាកើតឡើងនៅក្នុងប្រទេសថៃ  ពេលធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ដែលព្រាងឡើងដោយពួកយោធានៅថ្ងៃទី៧ខែសីហាខាងមុខនេះ។

អ្នកបោះឆ្នោតជាង៤០លាននាក់នឹងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃទី៧ខែសីហា ដើម្បីផ្តល់សេចក្តីសម្រេចរបស់ពួកគេថា តើគាំទ្រឬមិនគាំទ្រចំពោះសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ហើយបើសិនជាមានការគាំទ្រនោះគឺជាការប្រគល់អំណាចឲ្យកាន់តែខ្លាំងដល់រដ្ឋាភិបាលយោធាថៃ។

អ្នកវិភាគជាច្រើននិយាយថាប្រជាជនថៃរាប់លាននាក់ប្រាកដជាទៅបោះឆ្នោតនៅថ្ងៃតី៧ខែសីហា ដើម្បីសម្រេចលើជោគវាសនាប្រទេសរបស់ពួកគេ ប៉ុន្តែថាប្រទេសនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធាដដែល។ កន្លងទៅមេដឹកនាំយោធាថៃលោក ប្រាយុទ្ធ ធ្លាប់ថ្លែងថាបើការធ្វើប្រជាមតិនេះមិនទទួលបានការគាំទ្រពីពលរដ្ឋនោះលោកនៅតែបន្តកាន់ដឹកនាំទៀត ដើម្បីគ្រប់គ្រងសន្តិសុខសណ្តាប់ធ្វើឲ្យមានការរួបរួមជាតិ។

បើសិនជាសេចក្តីព្រាងច្បាប់នោះពិតជាមានការគាំទ្រពីប្រជាពលរដ្ឋមែននោះគឺពួកយោធានឹងបង្ក្រាបកាន់តែខ្លាំងលើសកម្មជនផ្សេងៗដែលហ៊ានចេញមុខតវ៉ា រិះគន់ និងបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយ។

កាលពីខែមុន អង្គការលើកលែងទោសអន្តរជាតិបានព្រមានថា ភាពជម្រូងចម្រាស់ក្នុងការធ្វើប្រជាមតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅថៃថាកំពុងធ្វើឲ្យសង្គមបាត់បង់យុត្តិធម៌ ព្រោះតែការចាប់អ្នករិះគន់ដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។

ស្ថានទូតជាង២០នៅថៃរូមទាំងអាមេរិក កាណាដា និងប្រទេសនៅអឺរ៉ុបផ្សេងទៀតបានបង្ហាញការព្រួយបារម្ភលើសេចក្តីថ្លែងការណ៍រួមគ្នាពីស្ថានការណ៍នយោបាយនៅថៃ។

មាត្រា៦នៃសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលដាក់ធ្វើប្រជាមតិនេះគឺបានវាយប្រហារខ្លាំងលើក្រុមអ្នកការពារសិទ្ធិមនុស្សដែលរិះគន់រដ្ឋាភិបាល។ នេះបើតាមសារព័ត៌មាន The Gardian៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ