ភាពយន្តខ្មែរ​ប្រភេទ​​វាយតប់​រឿង «Jailbreak» ​កក្រើកពិភព​​​សិល្បៈ ​​

យោង​តាម​ទិដ្ឋភាព​​​​​ថ្ងៃ​បើកសម្ពោធកាលពី​ថ្ងៃ​២០ខែមករា និងការ​ចែកចាយ​នៅលើបណ្ដាញ​ហ្វេសប៊ុក ​​​គេកត់សម្គាល់​ខ្សែ​ភាព​យន្ត​​វ៉ៃតប់របស់ខ្មែរ​ក្រោម​ចំណង​ជើង​ថា​​​​​​រឿង ​​​«Jailbreak» ឬ «ការពារ​ឧក្រិដ្ឋជន​» ​បាន​​ក្លាយជា​ភាព​យន្ត​ដំបូង​គេ​ដែលត្រូវគេ​ប្រដូច​ថា​មានឈុត​វាយ​តប់រស់​រវើក​តាំង​ពីដើមដល់ចប់​​​​​មិនខុស​ពី​រឿង​​ហុង​កុង រឿងហូលីវូដ។

​ម្នាក់ៗ ​​​បាន​បង្ហោះ​​​​​​​​ពីការភ្ញាក់ផ្អើល​ចំពោះ​គុណភាពរឿង​នេះ ដោយ​​​​​​អ្នកបានទស្សនា​​​​​​​ក្នុងពិធី​បើកសម្ពោធ​ស្ទើរ​មិនជឿ​ថា​នេះជា​រឿង​របស់ខ្មែរ​នោះ​ផង​ ដោយសារតែ​ក្បាច់​វាយ​ប្រហារ​​​​​គឺ​រស់រវើក​មិនធ្លាប់មាន​។ ​​ភាពយន្ត​នេះត្រូវ​បាន​ប្រកាស​ថា​ចំណាយ​ដើមទុន​​​​​​​​ជាង​៣០ម៉ឺន​ដុល្លារ ដោយ​​មាន​តារា​សម្ដែង​បរទេស​​ដូចជា​ជន​ជាតិ​បារាំង អាមេរិក ​​និង​​អង់គ្លេស​​ចូលរួមសម្ដែង​នោះ​​ផង ដើម្បីរំលេច​ក្បាច់​គុណ​​ល្បុក្កតោរបស់ខ្មែរ​អោយ​​​​​មានការ​ទទួលស្គាល់​លើឆាកអន្តរជាតិ។

លោក Jimmy Henderson ផលិតករភាព​យន្ត​​​​​​​​រឿង ​​​«Jailbreak» បានអះអាងថា​ក្រោយ​ពីបាន​ផលិតរឿង​​​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជាចំនួន​​៥​រឿង លោក​មិនទាន់បាន​ទទួលជោគជ័យ​នៅ​ក្នុ​ង​ប្រទេស​​កម្ពុជា​នោះទេ ​ប៉ុន្តែ​លោកនៅតែ​បន្ត​​​​​ជម្នះ​ផលិតរឿង​ប្រភេទ​រស់រវើក​ ​​​​ដើម្បី​​កែប្រែ​ទស្សនៈ​របស់ខ្មែរ​ដែលចូលចិត្ត​​មើលរឿង​ប្រភេទ​ខ្មោច និង​​​ប្រភេទ​កំប្លែង អោយ​​​​មកទទួលស្គាល់​​ការ​ផលិត​រឿង​ប្រភេទវាយតប់​​ដែលមាន​កម្រិត​ស្ដង់ដារ​ពិភពលោកវិញ។

អ៊ីចឹង​ហើយទើប​លោកផលិត​រឿង «Jailbreak» ដែល​​​​​សំដៅ​ពីការវាយ​តប់​​​​​​​​​យ៉ាង​​រស់រវើក​រវាង​​ក្រុម​ប៉ូលិស និង​​ក្រុម​ឧក្រិដ្ឋជន​ក្នុងគុក​​​​ដើម្បី​បង្ហាញថា​​​​​​​តារា​ខ្មែរ​ក៏មាន​​​លទ្ធភាពសម្ដែង​រឿង​នោះ​។ ​លោកថា​​​​​ខ្សែ​រឿងមួយ​នេះ ​​ចំណាយ​ទុន​​​​​​​ត្រឹមតែ​ជាង​​​​៣០ម៉ឺន​ដុល្លារប៉ុណ្ណោះ ​ប៉ុន្តែ​បើ​និយាយពី​​សាច់រឿង និងឈុត​ឆាកសម្ដែង លោកបានបញ្ជាក់ថា​គឺមានកម្រិត​ជា​​រឿង​​​អន្តរជាតិ ​ដោយ​​​​សារតែ​លោកចំណាយទុន​​​​​​​​ស្វែង​រកផលិតករ​របស់បរទេស​ឲ្យ​ជួយ​​ដឹក ហើយ​ក្នុង​នោះ​​​លោកក៏​បាន​​​​​​​ចំណាយលុយ​​​​​​​​​​​​​យកតារា​​​បរទេស​​​​ដែល​ខ្លះ​បាន​សម្ដែង​ក្នុង​រឿង​វាយតប់របស់ហូលីវូដ​ផង អោយ​មក​​រួមសម្ដែង។

លោកថា​​​​រឿង ​​«​​​Jailbreak»ជា​រឿងទី​​៥ ​ដែលលោកបានផលិត​​​ក្រោម​ការសម្ដែង​ដោយតារា​​ខ្មែរ តែ​ខុស​ប្លែកពីរឿង​មុនៗ ​ដោយ​​​​មានតារា​ខ្មែរ​សុទ្ធតែ​ល្បីឈ្មោះ​​​​​ឲ្យសម្ដែង​ជាមួយ​តារា​​ជនជាតិ​បារាំង អាមេរិក ​​ជនជាតិ​ស្បែកខ្មៅ និង​ជនជាតិអង់គ្លេស។ ​​​​រឿង​នេះ​​ជា​​​ស្នាដៃ​ដំបូង​ដែល​លោកយល់ថា​​​ទទួលបានការ​​​​ចាប់អារម្មណ៍​​​ពីសំណាក់​មហាជន​ខ្មែរ​​តាំង​ពី​​មិនទាន់​ធ្វើពិធី​សម្ពោធ​រឿង​នោះផងដែរ។

លោកថាមួយរឿង​នេះ​​​រំលេច​ពី​ក្បាច់គុណ​ល្បុក្កតោ ​ដោយ​​​លោក​​​​បញ្ជាក់ថា​​​​ក្នុង​ពេលរឿង​នេះត្រូវ​បាន​យកទៅ​បង្ហាញ​លើឆាក​អន្តរជាតិ  នោះក្បាច់គុណ​របស់ខ្មែរ​មួយ​នេះ​​នឹង​ត្រូវ​បាន​គេស្គាល់​កាន់តែ​ទូលំទូលាយ​ថែមទៀត។ លោកមានជំនឿ​ថា​​​រឿង​នេះ​​​ទាក់ទាញ​​​អ្នកទស្សនា​ទាំង​ក្នុង​ និង​ក្រៅស្រុក​​​​ ​​ដោយសារតែ​​ការ​រំលេច​ឈុតឆាក​វាយតប់ពីមួយឈុតទៅមួយឈុត​មាន​ភាព​រស់​​រវើក ស្ទើរ​មើលមិនដឹង​ថា​ជា​រឿង​​​​ដែលតារា​ខ្មែរ​សម្ដែង។

រឿង​នេះត្រូវ​បាន​សម្រេច​​យកទៅ​បញ្ចាំង​​នៅ​​ក្នុង​រោង​កុនទំនើប​នៅលើទឹកដីសហរដ្ឋអាមេរិកនៅ​អំឡុង​ខែ​កុម្ភៈខាង​មុខ គឺ​បន្ទាប់ពីរឿង​​​ «​​​Jailbreak» ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​បណ្ដា​រោងកុន​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បន្ថែម​ពីនោះ​ក៏ត្រូវ​បានផលិតករ​អាមេរិក​​​​ផ្ដល់សិទ្ធិ​ឲ្យ​ចូលប្រកួត​​ក្នុងព្រឹត្តិការណ៍​មហោស្រព​​​ភាពយន្ត​​​ពិភព​លោកនៅ​ទី​នោះ​​​ផងដែរ​​​​​នា​ពេលខាង​មុខ​​។ ​​ក្រោយ​ការ​ថត​ចប់​លោកថា ខ្លួន​បានយករឿង​​​នេះ​ទៅ​ឆ្លង​​នៅ​​​​​អាមេរិករួច​ហើយ ទើប​​ហ៊ាន​ប្រកាស​ថា​ក្រោយ​បញ្ចប់​ការ​ដាក់បញ្ចាំង​នៅកម្ពុជា​នឹង​​​​​​​​​​​​យកទៅ​បញ្ចាំង​នៅ​​​​​​​អាមេរិក និង​រំពឹង​​​អាច​ចូល​ទីផ្សារអន្តរជាតិ​​ផ្សេងទៀត​ ដោយមិន​​​​ពិបាក។
លោក ​Jimmy Henderson បានអះអាង​ប្រកាស​ថា​​​​​រឿងមួយ​នេះ​រហូត​ដល់ថ្ងៃ​ទី៣១​​មករា ​ទើប​​​សម្រេច​ចិត្ត​លក់សំបុត្រ​​​ដាក់បញ្ចាំង ប៉ុន្តែ​ពីលោក​ដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នឹ​ងមានការ​ទន្ទឹង​​​​ចង់ទស្សនា​រឿង​នេះ ដោយសារតែ​ភាពរស់រវើក​របស់តារា​សម្ដែង​គ្មាន​​២​​តាំង​ពីដើមដល់ចប់។ ​លោកថា​​​​មាន​ហេតុ​ផលមួយ​ដែល​លោកសម្រេចចិត្ត​​​ធ្វើ​ពិធីសម្ពោធ​ដល់​ទៅ​​​​​​​១០ថ្ងៃ​ក្រោយ​ទើប​​​សម្រេច​ចិត្ត​លក់សំបុត្រ គឺ​បណ្ដាលមកពី​លោកយល់ថា​កៀកថ្ងៃ​បញ្ចាំង​​នឹងមានពិធី​បុណ្យ​ចូលឆ្នាំចិន ​​​​​​និង​ម្យ៉ា​ងលោក​ចង់បញ្ជ្រាប​មហាជន​ពីចម្ងាយ​នោះផង។

លោកថា​រឿង​នេះ ​មាន​ការ​ចាប់អារម្មណ៍ក្នុងស្រុក​ខុសពី​រឿង​ដែល​លោក​ផលិតមុនៗ ទើប​លោកក៏មានការរំពឹង​យ៉ាងខ្ពស់ថា​ ​រឿង ​​​«​Jailbreak» នឹង​​ទទួល​ជោគជ័យ​​ទីផ្សារ​ក្នុង​ស្រុក ហើយ​​ក៏​​នឹង​​​​​ទទួល​ជោគជ័យ​នៅទីផ្សារ​បរទេស​​បន្ថែមទៀត ​ដើម្បី​​លើកកម្ពស់ភាពយន្ត​ខ្មែរ​ និង​ក្បាច់គុណខ្មែរ​អោយអន្តរជាតិ​​ទទួលស្គាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ