លោក សម រង្ស៊ី បន្តពន្យល់អ្នកគាំទ្រពីចលនាសង្គ្រោះជាតិ ទោះបីមានការជំទាស់

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បានពន្យល់​ពីភាព​ខុសគ្នា​នៃការ​បង្កើត​ចលនា​សង្គ្រោះជាតិ និង​បក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រធាន​បក្ស លោក កឹម សុខា ដែល​​កំពុង​​ជាប់​​ឃុំ​​នោះ ប្រកាស​មិន​ចូល​រួម​ជាមួយ​ចលនា​នេះ។

ក្នុងកិច្ច​ប្រជុំ​ជាមួយ​សមាជិក​នៅគេហដ្ឋាន​របស់លោក​ក្នុងទីក្រុងប៉ារីស​កាលពី​ថ្ងៃម្សិលមិញ លោក ​​​សម រង្ស៊ី បានលើកឡើងថា ចលនា​សង្គ្រោះជាតិ មានភាពទូលំទូលាយ​ជាង​​បក្ស ដែលអាចឲ្យ​មាន​ការ​​ចូល​រួម​​ពី​គ្រប់ភាគី ទាំងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដើម្បី​ទាមទាឲ្យរដ្ឋាភិបាល​ដោះលែង​​​អ្នកទោស​មនសិការ​ទាំងអស់ ហើយរៀប​ចំការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង យុត្តិធម៌។

លោក សម រង្ស៊ី លើក​ឡើងថា «ក្នុងចលនា​​សង្គ្រោះជាតិ​នេះ ច្បាស់​ហើយ​មាន​អ្នក​មក​​ពីបក្ស​សង្គ្រោះជាតិ ប៉ុន្តែ មាន​អ្នក​ក្រៅ​​ច្រើន។ ដូចខ្ញុំនិយាយមិញ ខ្ញុំទៅអាមេរិក​បានជួប​ខ្លះ​ហើយ មាន​អ្នក​សារព័ត៌មាន ពួកអង្គ​ការក្រៅ​​រដ្ឋាភិបាល រឿង​សារព័ត៌​មាន រឿងសង្គមកិច្ចផ្សេងៗ ពីមុន​គេមិន​ចូល​គណបក្ស​ណា​ទាំងអស់ មិនដឹងទឹកចិត្តគេយ៉ាងមិច គេគាំទ្របក្សដោយស្ងៀមស្ងាត់ ឬយ៉ាងណា? ដល់​តែបង្កើត​ចលនា គេចូល​​ចលនា ព្រោះវាទូលំ​​ទូលាយ មិនមែន​ឃោសនា​ឲ្យ​បក្សនេះ​ទេ»។

លោក សម រង្ស៊ី ក៏លើកឡើង​ដែរថា ចលនាសង្រ្គោះជាតិ​មានគោល​បំណងធំ និង​ទូលាយ ដែលអ្នកចូលរួម​មិន​តម្រូវ​ឲ្យចង​ជាលក្ខណ​​នោះទេ គឺជាអ្នក​​គិត​ពី​​បញ្ហាជាតិ ធំជាងបញ្ហាបក្ស ចំណែក​បក្ស​មាន​លក្ខណៈ​​តូច​ចង្អៀត​​ដែល​​មាន​សមាជិក សមាជិកា​ចូលរួម​​ដោយ​​ការ​ចង​ជា​វិន័យ​​ច្បាស់​លាស់ និង​តឹងរឹង​ដែលមិន​អាច​ឲ្យធ្វើសកម្មភាព​​បាន​ច្រើន និង​ទូលំទូលាយ​នោះទេ។

ជាមួយ​គ្នានោះ​លោកសម រង្ស៊ី ក៏បានលើកឡើងដែរថា លោកស្ថិតនៅក្នុងក្របខណ្ឌបក្សសង្គ្រោះជាតិផង និង ចលនា​​សង្គ្រោះជាតិផង ហើយក្រោយពីមានការរៀបបោះឆ្នោតត្រឹមត្រូវ​រួច​ហើយ ចលនា​សង្គ្រោះជាតិ​​នោះ​នឹង​​រលាយ​​ទៅ​វិញ ចំណែកលោកនឹងដើរឃោសនាបោះឆ្នោតតំណាងឲ្យបក្ស ហើយពលរដ្ឋចូលរួមបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ដែលលទ្ធផលនឹងអាចទទួលយកបាន។

កាល​ពីថ្ងៃទី​១២ ខែ មករា កន្លងទៅលោក សម រង្ស៊ី​ដែលកំពុងនិរទេស​ខ្លួន​នៅ​ក្រៅប្រទេសបានប្រកាស​ បង្កើត​ចលនា​សង្គ្រោះជាតិថ្មីមួយ​ ដោយលោកថា ដើម្បីគៀងគរឲ្យ​មានចលនាមួយ​ដែលមានការ​ចូលរួម​ពីគ្រប់​មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេស​នាពេលខាងមុខ។

ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ត្រូវ​បាន​ធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​ចាប់​ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការ​រំលាយ​បក្ស​សង្គ្រោះជាតិកាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយហាមឃាត់​មន្ត្រីជាន់​ខ្ពស់​​ ១១៨​រូប មិនឲ្យ​ធ្វើ​ នយោ​បាយ​រយៈពេល ៥ឆ្នាំ។

​ដោយឡែកក្រោយពី​ប្រកាសបង្កើតចលនា​នេះឡើង ប្រធានអតីតបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មន្ត្រី និង​សកម្មជនអតីតបក្សប្រឆាំងមួយ​ចំនួនទៀត បាន​​​បដិសេធ​មិនចូល​រួមចលនាណាផ្សេងក្រៅ​ពីគណបក្សសង្គ្រោះជាតិ ដែល​បោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត ៣លាននាក់កាលពីឆ្នាំ២០១៣៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ