អតីតសមាជិក គ.ជ.ប. វិលទៅកាន់តំណែងនៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ លោក លោក រ៉ុង ឈុន

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក រ៉ុង ឈុន ត្រូវបានតែងតាំង​ជាទីប្រឹក្សា​សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យ បន្ទាប់ពីលោកលាលែងចេញពី គ.ជ.ប.។

ក្នុងសេចក្ដីជូនដំណឹង​​នៅ​ថ្ងៃ​នេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ បានឲ្យដឹងថា ​គណៈ​កម្មា​ធិការ​នាយកនៃសមាគមនេះ បានសម្រេចតែង​តាំង​អតីតសមាជិក គ.ជ.ប. ជាទីប្រឹក្សាសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ។

បើ​តាម​សេចក្ដីជូនដំណឹងដដែលនោះ ក្រៅពីតួនាទីជាទីប្រឹក្សា លោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកការទំនាក់​ទំនងកិច្ចការជាតិ និង​អន្តរជាតិ ជួយរៀបចំផែនការ និង​យុទ្ធសាស្រ្តសមាគម និង​ជួយផ្ដល់បទសម្ភាសឲ្យអ្នកសារ​ព័ត៌មានអំពីការងារសមាគម និង​សង្គមផងដែរ។

លោក រ៉ុង ឈុន គឺ​ជា​អតីតសមាជិក គ.ជ.ប.មកពីកូតាគណបក្សសង្គ្រោះជាតិ ហើយលោកបាន​លាលែងចេញ​ពី​តួនា​ទី​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ៤​ថ្ងៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ឃុត​ឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក រ៉ុង ឈុន ធ្លាប់ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា មុននឹងលោកត្រូវបានគណបក្សសង្រ្គោះជាតិ សម្រចជ្រើសរើសឲ្យធ្វើជាសមាជិក គ.ជ.ប. ​នៅ​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ