លោក ទ្រី ភាព ថាឈប់រកស៊ីឈើទៀតហើយ

ឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងរកស៊ីឈើនៅកម្ពុជា (រូបថតហ្វេសប៊ុក)

លោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស បានច្រានចោលព័ត៌មានថា ឃ្លាំងស្តុកឈើដែលឆេះនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែកុម្ភៈនោះ ថាមិនមែនជារបស់លោកទេ ដោយថាលោកឈប់រកស៊ីទិញលក់ឈើយូរហើយ។

នេះបើតាមការអះអាងរបស់លោក ទ្រី ភាព ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកថាបានប្តូរអាជីពពីអ្នកប្រមូលទិញឈើនៅក្នុងស្រុកខ្មែរយូរហើយ។  លោកថ្លែងថា «ខ្ញុំឈប់រកស៊ីទិញលក់ឈើយូរហើយ គ្មានឈើអីណាទុកឲ្យឆេះនោះទេ»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព មាននៅឡើយទេ។

បើតាមអធិការរងនគរបាលស្រុកសៀមប៉ាងម្នាក់ សុំមិនបញ្ចេញឈ្មោះ ប្រាប់វីអូឌីនៅថ្ងៃនេះថា ​កាលពីរំលងអាធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ពិតជាមានអគ្គិភ័យឆេះឃ្លាំស្តុក នៅឃុំស្រែសំបូរ ខេត្តស្ទឹងត្រែងពិតមែន។ លោកបន្តថា ឃ្លាំងស្តុកឈើនោះ កន្លងមកជារបស់ក្រុមហ៊ុន ទ្រី ភាព ​តែលូវលោកមិនបានដឹងថាជារបស់អ្នកណានោះទេ។

លោកថា «មិនដឹងទេ ថាជារបស់ក្រុមហ៊ុនណាដែរ តែកាលមុនជារបស់ក្រុមហ៊ុនលោក ទ្រី ភាព ប៉ុន្តែក្រោយពីមានខាងក្រសួងចុះពិនិត្យមកមិនដឹងទេ»។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថាលោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា បានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជានិងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា «តម្លៃឈើប្រណីត» នេះឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថា លោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្អែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ