បក្ស​ប្រឆាំង​ថាពិ​បាក​ជជែក​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​សារ​ឥទ្ធិពល​លោក​ ហ៊ុន សែន

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

មន្ត្រីគណបក្ស​ប្រឆាំង​លើកឡើងថា ការប្រើ​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​កាន់​អំណាច​ មាន​ការ​ពិបាក​ដោយ​សារតែ​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ការលើកឡើងនេះ គឺបន្ទាប់ពីអ្នក​នាំពាក្យរដ្ឋសភា​​លោក ឡេង ប៉េងឡុង ​កាលពី​ម្សិល​មិញ មាន​ប្រសាសន៍​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា​មិន​ចង់​បន្ត​វប្បធម៌​សន្ទនា​ជា​មួយ​បក្សកាន់​អំណាចដោយ​សារ​បក្ស​នេះ​​មិន​ចូល​រួម​ប្រជុំសភាពេញ​អង្គ ដើម្បីកែច្បាប់គណបក្សនយោបាយ។

លោក​ថា៖ «គាត់ធ្វើឲ្យគេឃើញថាគាត់លេចធ្លោគាត់មិនគោរពតាមមតិភាគច្រើនទេ ការធ្វើពហិការរបស់គាត់ហ្នឹងបានន័យថាគាត់មិនមានចេតនាក្នុងការសន្ទនាអីទេ ហើយគណបក្សកាន់អំណាចថាបើចង់មានវប្បធម៌សន្ទនាសុំឲ្យអញ្ចើមកក្នុងរដ្ឋសភា គាត់មិន​​ព្រមចូលមកសភាទេ គាត់មិនព្រមចូលមកធ្វើការជាធម្មតាទេ គាត់ធ្វើដើម្បីលេចធ្លោដើម្បីចំណេញនយោបាយ ដូច្នេះហើយនេះជាចរិតធម្មតារបស់គាត់អញ្ចឹងហើយ យើគិតថាគាត់គួរតែចូលមកក្នុងរដ្ឋសភាធ្វើការធម្មតា និងសន្ទនាធម្មតា អាហ្នឹងជាការល្អ »

ប៉ុន្តែនៅ​រសៀ​ល​ថ្ងៃ​ទី២១​កុម្ភៈនេះ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោកស្រី មូ​ សុខហួរ បាន​ឲ្យ​ដឹង​ថា​ការ​សម្រេច​​មិន​ចូល​ប្រជុំ​សភានេះ​ក៏ព្រោះ​ច្បាប់ស្តីពី​បក្ស​នយោបាយ​ថ្មីនេះគឺ​មិន​មែន​ជា​អ្វី​ដែល​ប្រជាពល​រដ្ឋ​​ចង់​បាន ហើយ​​​ការ​ចរចារ​ក្នុង​គណកម្មាធិការ​អចិន្ត្រៃយ៍ទាក់​ទង​នឹង​ការ​ធ្វើវិសោធនកម្ម​ច្បាប់​នេះ​កាល​ពី​កន្លងទៅ ​គណបក្ស​កាន់​អំណាច​ពុំ​បាន​ទទួល​យក​សំណើ​របស់​ខ្លួនដើម្បី​ពិភាក្សា​នោះ​ទេ ដោយ​សារ​ឥទ្ធិពល​របស់​លោក​ ហ៊ុន សែន។

លោក​ស្រីថា៖ «យើងចូលទៅជជែកនៅក្នុងអចិន្ត្រៃយ៍ហើយ ទោះបីមួយឃ្លាក៏មិនយកដែរ! យើងជជែកមិនមែនដើម្បីការពារយើងទេ យើងជជែកសុំឲ្យមុននឹងដាក់ចូលការប្រជុំសភា សូមឲ្យអង្គការសង្គមស៊ីវិលសុំឲ្យ​​គណបក្សដទៃទៀត សុំឲ្យគេមានយោបល់ផង។ជជែកមិច! ​បើសម្តេចនាយកនិយាយមិនដល់សប្តាហ៍ផងចេញមក តាមអ្វីដែលជាប្រសាសន៍សម្តេចហើយ​​មិនទាន់ទៅអ្វីដែលគណកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាពិសេសគ្រាន់តែមើលមិនទាន់បានពីរថ្ងៃផងចេញមកកោះប្រជុំទៅហើយ យើងយល់ថាមិនមែនជាឆន្ទះរបស់ប្រជារាស្ត្រខ្មែរទេ»

ក្រោយពី​សភា​បាន​អនុម័តច្បាប់​ថ្មី​នេះ​រួច​បាន​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជាបន្ត​បន្ទាប់ពីមជ្ឈដ្ឋាននានា​ទាំង​ ក្នុង​និង​ក្រៅ​ស្រុក​ ក្នុងនោះ​ស្ថានទូ​ត​សហ​រដ្ឋ​អាមេរិក​ក៏​បាន​រិះគន់​ទៅ​លើ​ច្បាប់​ដែល​អនុម័ត​ថ្មីនោះ​ដែរ ដោយ​ថា​ច្បាប់​នេះបានផ្តល់អំណាចយ៉ាងធំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរំលាយ គណបក្ស​នយោ​បាយ​ណាមួយ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ