បទយកការណ៍៖ យុវជនមួយចំនួន បន្តព្រួយបារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោត

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

នៅក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ក្នុងរាជធានីភ្នំពេញ ក្រុមយុវជន និស្សិត មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលប្រមាណ៣០នាក់ បានជួបពិភាក្សាគ្នា​លើប្រធានបទ «ការថែរក្សាសន្ដិសុខ​កំឡុង​ពេល​បោះឆ្នោតនិងសិទ្ធិរបស់ពលរដ្ឋ ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោត»។

បន្ទាប់ពីវាគ្មិនបានបញ្ចប់ការធ្វើបទបង្ហាញ ព្រះសង្ឃមួយអង្គព្រះនាម ហ៊យ ហុង សព្វថ្ងៃគង់នៅវត្ត​ទួលទំពួង បានលើកពីក្ដីបារម្ភថា ​ព្រះសង្ឃមួយចំនួនបានបាត់បង់សិទ្ធិបោះឆ្នោត ដោយថា ច្បាប់ថ្មី​តម្រូវឲ្យ​ព្រះសង្ឃ​នៅប្រទេស​កម្ពុជា ​មាន​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ប៉ុន្ដែ ព្រះអង្គថា ព្រះសង្ឃខ្លះ មិនមានអត្តសញ្ជាណបណ្ណនោះទេ គឺមានតែឯកសារខ្លះ ដើម្បីសម្គាល់ថា ជាមន្ត្រីសង្ឃប៉ុណ្ណោះ។

ព្រះអង្គ ហ៊យ ហុង បានទទូចឲ្យរដ្ឋាភិបាលសហការជាមួយក្រសួងធម្មការ និងសាសនា ធ្វើយ៉ាងណាសម្រួលឲ្យព្រះសង្ឃទាំងអស់ អាចបោះឆ្នោតបានដូចពលរដ្ឋធម្មតាផង។ ព្រះអង្គថា៖ «ប៉ុន្ដែដល់ពេលឆ្នាំហ្នឹង ការផ្លាស់ប្ដូរទាំងគណៈមន្ដ្រីសង្ឃ សម្ដេចសង្ឃ ហើយរាជរដ្ឋាភិបាលហ្នឹង ហើយពិបាកបញ្ហាទី១ ឲ្យព្រះសង្ឃរត់រកឯកសារ ហើយបញ្ហាទី២ តាមភូមិឃុំសង្កាត់មួយចំនួនហ្នឹងថ្លែងជាផ្នត់គំនិតរបស់ខ្លួនដើម្បីកុំឲ្យយើងបោះឆ្នោតបាន ដូចជាថា ព្រះសង្ឃអត់មានអត្តសញ្ញាណបណ្ណមិនអាចបោះឆ្នោតបានទេ។ អាត្មាភាពសុំស្នើរាជរដ្ឋាភិបាល គួរតែសម្រួលឲ្យព្រះសង្ឃហ្នឹង មានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋដែរ»។

យុវជនម្នាក់ទៀត លោក ឡឹប រ៉ូនី និស្សិតឆ្នាំទី៣ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មានប្រសាសន៍ថា ការចូលរួមរបស់យុវជនក្នុងដំណើរការបោះឆ្នោតនៅតែប្រឈមនឹងបញ្ហាអសន្ដិសុខ ដោយថា អ្នកនយោបាយតែងប្រើសារគំរាម ដូចជា «ឲ្យត្រៀមទិញស្រូវអង្ករ ឬចំណីអាហារទុក» ដើម្បីបំបាក់ស្មារតីកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

លោកបានអំពាវនាវឲ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ កុំឲ្យជនខិលខូច​អាចបង្កការភិត​ភ័យ​ដល់​ពលរដ្ឋ​នៅមុននិងក្រោយពេលបោះឆ្នោត។

លោកថា៖ «ជាធម្មតា នៅពេលយើងជិតបោះឆ្នោត ប្រជាជនភាគច្រើន​តែងតែជួបប្រទះដូចថា ការគំរាមកំហែង ការបំភិតបំភ័យ។ បើយើងសង្កេតឲ្យស៊ីជម្រៅទៅ ក្រោយពេលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតមិនទាន់ទាំងចេញផងហ្នឹង តែងតែមានការត្រៀមទុកចំណីអាហារ ដូចជា អង្ករ ត្រីងៀតអីហ្នឹង តម្លៃនៃការឡើងថ្លៃលើចំណីអាហារ ក៏ដូចជាសាំងកើនឡើង មានន័យថា បើសិនជាគណបក្សកាន់អំណាចធ្លាក់ ប្រាកដជារឿងហេតុណាមួយកើតឡើង។ អ្នកដទៃ គេហៅថាជនជាតិផ្សេង ដូចជាយួន ក៏ដូចជាចិន គេឆ្លៀតឱកាសហ្នឹងចេញ​ទៅបោះឆ្នោតជំនួស​ប្រជាជនកម្ពុជា ដោយសារថាគេ អាចជាការរៀបចំទុកមួយ ដែលមានលក្ខណៈផ្ដាច់ការក៏ត្រូវ»។

កំពុងយកចិត្តទុកដាក់លើបទបង្ហាញរបស់មន្ដ្រីតំណាងគណបក្សនយោបាយ និងដោយទើបបានចោទជាសំណួរនៅក្នុងកិច្ចប្រជុំនោះ កញ្ញា គង់ គីម និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានឆ្លៀតពេលបន្ដិច​ដើម្បីផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវីអូឌីថា កញ្ញាចង់ឃើញយុវជនកម្ពុជា ចូលរួមក្នុងសកម្មភាពនយោបាយឲ្យបានផុសផុល ដើម្បីដឹកនាំប្រទេសជាតិទាំងអស់គ្នា។

កញ្ញាលើកឡើងថា បណ្ដាគណបក្សនយោបាយ គួរមានផែនការ និងយុទ្ធសាស្ដ្រដឹកនាំប្រទេសឲ្យបានច្បាស់ ដូចជា គោលនយោបាយស្ដីពីការងារ សេដ្ឋកិច្ច និងសង្គម ជាដើម។ កញ្ញាថា គណបក្សនយោបាយខ្លះ គ្មានផែនការដឹកនាំប្រទេសឲ្យប្រាកដប្រជានោះទេដោយថា ជាហេតុធ្វើឲ្យយុវជនខកចិត្ត និងអស់ជំនឿក្នុងនយោបាយនៅកម្ពុជាសព្វថ្ងៃ។

កញ្ញាថា៖ «យុវជនគាត់អត់ចង់ទៅបោះឆ្នោតហ្នឹង ដូចជានាងខ្ញុំធ្លាប់បានទៅសួរគាត់ គាត់ថា ដោយសារពេលខ្លះ សូម្បីតែពេលខ្លះនាងខ្ញុំក៏អ៊ីចឹងដែរ នាងខ្ញុំគិតថាទៅបោះឆ្នោតម៉េច បើសិនជាយើងមើលនៅតាមបណ្ដាញហ្វេសប៊ុកភាគច្រើនគេនិយាយថា នយោបាយគ្រាន់តែជា ការសម្ដែងមួយឲ្យយើងឃើញទេ វាអត់មានលក្ខណៈមួយឲ្យយើងជឿទុកចិត្តសោះថាតើ គណបក្សមួយណាដែលគាត់ជាប់ទៅ គាត់អាចដឹកនាំប្រទេសឲ្យទៅមុខ។ ដោយសារវិធានការរបស់គាត់មើលទៅដូចជាឲ្យយើងមានលំនឹង អ៊ីចឹងយុវជនគាត់មានការលំបាកក្នុងការសម្រេចចិត្ត ដោយសារគាត់អត់មានជម្រើស គាត់ត្រូវតែបោះអ៊ីចឹង»។

បើតាមប្រតិទិនរបស់ គ.ជ.ប ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤មិថុនា​ឆ្នាំ​២០១៧ ខាងមុខនេះ ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់នៅឆ្នាំ២០១៨។

មន្ដ្រីជាន់ខ្ពស់នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ជនបរទេសរស់នៅកម្ពុជា មានប្រមាណជាង​១៦ម៉ឺន​នាក់ ក្នុងនោះ ជនជាតិវៀតណាមមានច្រើនជាងគេ គឺជាង៩៩ភាគរយ។ បើតាមមន្ដ្រីអន្ដោប្រវេសន៍ ជនជាតិវៀតណាម មានប្រមាណជាង៧ម៉ឺននាក់ ដែលបានកាន់កាប់ឯកសារខុសប្រក្រតី ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតអត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ និងឯកសារដទៃ​ទៀត។

ក្នុងកំឡុងពេលបិទផ្សាយបញ្ជីឈ្មោះដំបូង គណ​បក្សប្រឆាំង​​​​បានប្តឹងឲ្យលុប​ឈ្មោះមនុ​ស្ស​ប្រ​មា​​​ណ ២ ៥០០នាក់ ដោយអះអាងថា អ្ន​ក​ទាំងនោះបាន​ប្រើប្រាស់អត្តស​ញ្ញាណប័ណ្ណ​សញ្ជា​​តិខ្មែរខុសប្រក្រតី ដើម្បីចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប មិនបានលុបឈ្មោះ​ជនណាម្នាក់ចេញ ពី​បញ្ជី​បោះ​​​ឆ្នោតទេ ដោយថា ការស្វែងរកការពិតនៃការចូលសញ្ជាតិ ជាតួនា​ទី​​ក្រ​​សួ​ង​​​មហា​ផ្ទៃ។ លើសពីនេះ បណ្ដឹងសាទុក្ខ​របស់​គណបក្សប្រឆាំង ដែលសុំឲ្យលុប​ឈ្មោះវៀតណាមស្ទើរ​តែទាំងអស់​ ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ច្រាលចោល​ជា​បន្ដបន្ទាប់ ដោយថា «ខុសនឹងគតិច្បាប់»។

នៅក្នុងកិច្ចប្រជុំនោះ បន្ទាប់ពីត្រូវបានចោទសួរដោយមន្ដ្រីបក្សប្រឆាំងនៅក្នុងកិច្ចប្រជុំនេះ លោក កែវ ផល្លា ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ មានប្រសាសន៍ថា ការដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធសំណើសុំលុបឈ្មោះជនជាតិវៀតណាម ជាការ​ត្រឹមត្រូវ​ស្របតាម​បញ្ញត្ដិច្បាប់បោះឆ្នោត ដោយថា បណ្ដឹងរបស់បក្សប្រឆាំង ធ្វើឡើងដោយមិនយល់ពីច្បាប់។

លោកបន្ដថា គ.ជ.ប គ្មានសមត្ថកិច្ចត្រួតពិនិត្យពីភាពស្របច្បាប់នៃការកាន់អត្ដសញ្ញាណបណ្ណនោះទេ ដោយលោកថាគឺស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

លោកថា៖ «កុំមើលឃើញរូបរាងគេប្ដឹង យើងមើលទៅ ឃើញគេនិយាយភាសា និយាយភាសាយួន​អ៊ីចឹងមែន និយាយឲ្យខ្លី ប្ដឹងយកតែម្ដង។ គេហៅថា បច្ចេកទេសនៃការប្ដឹងរបស់យើង ប្រហែលជានៅមានកម្រិត យើងអត់មានហាមគេថា នេះឯងអត់មានប្ដឹងគេបានទេ រឿងហ្នឹងប្ដឹងអត់បានទេ ប៉ុន្ដែដោយឡែកបើ គ.ជ.ប ខ្ញុំអាចនឹងណែនាំបាន។ អ៊ីចឹងហើយ មុននឹងប្ដឹងអីមួយករណីចឹងៗ សូមឲ្យមានការប្រយ័ត្នប្រយែង ចឹងបានខ្ញុំថាមើលច្បាប់បោះឆ្នោត យើងចង់ប្ដឹងរឿងច្បាប់បោះឆ្នោតមើលច្បាប់បោះឆ្នោតឲ្យច្បាស់»។

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិលោក ហ៊ីង សុខសាន្ដ បានសំដែងការខកចិត្ត​ចំពោះ​ការដោះសាររ​បស់ គ.ជ.ប ដោយលោកថា គណបក្សប្រឆាំង​ក៏មាន​អ្នកជំនាញ​ផ្នែកច្បាប់ ពាក់ព័ន្ធនឹងបណ្ដឹងសុំលុបឈ្មោះជនបរទេសនេះដែរ។

លោកបន្ថែមថា គណបក្សសង្គ្រោះជាតិមានតែទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ ព្រោះជា​សេចក្ដី​សម្រេចបិទផ្លូវតវ៉ា។ ប៉ុន្ដែលោកថា ក្នុងកំឡុងពេលបោះឆ្នោតខាងមុខ ប្រជាពលរដ្ឋខ្មែរនឹង​ដឹងកាន់តែច្បាស់ថា តើនៅកម្ពុជាមានជនជាតិវៀតណាមទៅបោះឆ្នោតឬអត់។

លោកថា៖ «ច្បាប់គេនិយាយអី យល់ដូចតែគ្នាហ្នឹង ប៉ុន្ដែនេះជាសិទ្ធរបស់គាត់ គាត់និយាយអីជារឿង​របស់​គាត់ ប៉ុន្ដែយើងក្នុងនាមជាគណបក្សនយោបាយ យើងត្រូវប្រើប្រាស់សិទ្ធិ​របស់យើង ក្នុងការចូលរួម​អនុវត្ត​និតិវិធី ជាពិសេសគឺតាមដាន និងឃ្លាំមើលនៅភាពមិនប្រក្រតីទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។ ហើយ​ការបន្ទោស​លើគណបក្សសង្គ្រោះជាតិថាមិនយល់ពីបណ្ដឹង គឺជាការភាន់ច្រឡំ ពីព្រោះយើង​ក្រុមអ្នកច្បាប់​របស់យើង និងទៅលើច្បាប់នីមួយៗ ហើយការអនុវត្តអត់មានខុសទៅតាមនីតិវិធី គ.ជ.ប ទេ»។

នាយកប្រតិបត្តិ​របស់​អង្គការ​ខុម​ហ្រ្វែល​លោក គល់ បញ្ញា យល់ថា បន្ទុកសើរើពីការចូលសញ្ជាតិ​របស់​ជនបរទេស មិនមែនស្ថិតលើ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញទាំងស្រុងនោះទេ។ ប៉ុន្ដែលោកថា នេះក៏​ជាភារកិច្ចរបស់ក្រសួងមហាផ្ទៃ តុលាការ​ និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដោយលោកថា ករណីចាំបាច់ អាជ្ញាធរអាចដកហូតអត្តសញ្ញណបណ្ណ ដោយមិនឲ្យជន​ដែលគេសង្ស័យថាវៀតណាម​ទាំងនោះអាចទៅបោះឆ្នោតបានទេ។

លោកថា៖ «វាមិនមែនគ្រាន់ជា​បន្ទុករបស់ គ.ជ.ប ហើយនិងក្រុមប្រឹក្សាធម្មនុញ្ញទេ​ ជាពិសេសទាក់ទិននឹងអ្នកដែលសិទ្ធិចុះឈ្មោះបោះឆ្នោត ដែលមានសញ្ជាតិខ្មែរ គឺពាក់ព័ន្ធទៅនឹងអាជ្ញាធរ ក្រសួងមហាផ្ទៃ ហើយនិងតុលាការបច្ចុប្បន្នដែលត្រូវពិនិត្យមើល។ ហើយនៅក្នុងគោលការណ៍ក្រសួងមហាផ្ទៃ គឺនៅក្នុងច្បាប់ គេថាដែរ ទោះបីអ្នកមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក៏ដោយ ប៉ុន្ដែបើគេរកឃើញថាគាត់អត់មានសញ្ជាតិខ្មែរ គេអាចដកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហ្នឹង»។

នៅក្នុងកិច្ចប្រជុំនេះដែរ អ្នកចូលរួមផ្សេងទៀត ក៏បានលើកឡើងនូវក្ដីបារម្ភមួយចំនួន ដូចជា ការរារាំងរបស់​អាជ្ញាធរលើសកម្មភាពរបស់យុវជន និងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាដើម។ ពួកគេអះអាងថា អ្នកនយោបាយខ្លះ តែងប្រើសារនយោបាយគំរាមកំហែង ដើម្បីរារាំងកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងខ្លះបារម្ភពីការរាប់សន្លឹកឆ្នោតដោយថា កាលពីឆ្នាំ២០១៣ គួរតែគ.ជ.ប ជាអ្នកប្រកាសលទ្ធផល​បោះឆ្នោត ​តែបែរជាខាងក្រសួងព័ត៌មាន ជាអ្នកទទួលបន្ទុកទៅវិញ។

បើតាមរបាយការណ៍របស់ គ.ជ.ប. បង្ហាញថា មានប្រជាជនកម្ពុជាជាង ៧លាន៨៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត ឬ ស្មើនឹង ៨១.៣៨ភាគរយ នៃពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន៦៦ម៉ឺននាក់ ក្នុងនោះ យុវជន ដែលបានចុះឈ្មោះ មានចំនួនប្រមាណជាង២លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ