លោក ហ៊ុន សែន ព្រមានវេជ្ជបណ្ឌិតម្នាក់ថាកូនស្រីលោកចង់គ្រប់គ្រងពេទ្យគន្ធបុប្ផា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 2:14 PM | សុខភាព | 0 | 12648 (ប្រភព៖ គេហទំព័រ CPP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅព្រឹកថ្ងៃពុធនេះ បានព្រមាន​វេជ្ជបណ្ឌិតម្នាក់ឲ្យមានការប្រុងប្រយ័ត្នចំពោះការលើកឡើងថា កូនស្រីរបស់លោកឈ្មោះ ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។​

នៅក្នុងពិធីជួបជាមួយកម្មករនៅព្រឹកនេះលោក ហ៊ុន សែន ​លើកឡើងថា មានវេជ្ជបណ្ឌិតម្នាក់ ជជែកគ្នាតាមទូរសព្ទហើយនិយាយថា កូនស្រីរបស់លោក នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។​ លោក ហ៊ុន សែន ច្រានចោលព័ត៌មាននេះ។​

លោកថ្លែងថា៖ «ម្សិលមិញលោកឯង និយាយខុស លោកឯងនិយាយថា បន្តិចទៀត ហ៊ុន ​ម៉ាណា ជាកូនស្រីរបស់ខ្ញុំមកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយ៉ែងពាក្យសម្តីអស់នេះ។ អាសីហា វាស្តាប់បានហើយ វាចែករំលែកមកឲ្យខ្ញុំ អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំស្គាល់មុខអ្នកឯងហើយ ឈ្មោះអី? នៅណា? ហើយជាពេទ្យផ្នែកវះកាត់»​។

លោក ហ៊ុន សែន បញ្ជាក់ថា បើទោះជាមិនពាក់ព័ន្ធមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែកូនស្រីរបស់លោក ត្រូវបរិច្ចាគឲ្យមន្ទីរពេទ្យនេះ ១ឆ្នាំ ១លានដុល្លារ។​

លោក​វេជ្ជបណ្ឌិត​​ Beat Richner​​ មាន​វ័យ​៧០​ឆ្នាំ​ ជា​ជនជាតិ​ស្វីស ​គឺជា​គ្រូពេទ្យ​កុមារ​​និង​ជា​អ្នកលេង Cello ​ម្នាក់​ផង​ដែរ។ ​លោក​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​​ហ៊្សូរីច (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។

ប៉ុន្តែដោយសារបញ្ហាជំងឺ កាលពីខែមីនាឆ្នាំ២០១៧ លោក Beat Richner បានសុំលាឈប់ពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមាននៅរាជធានីភ្នំពេញ និង នៅសៀមរាប ហើយព្យាបាលជំងឺកុមារដោយមិនយកលុយប្រមាណ​៥០ម៉ឺននាក់ក្នុង១ឆ្នាំ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required