លោក ហ៊ុន សែន បញ្ជាឲ្យយកថវិការដ្ឋដោះស្រាយបន្ទាន់ជូនកម្មករដែលថៅកែរត់ចោល

លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលបញ្ជាទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយថា មិនត្រូវទុកបញ្ហានេះជាជំងឺរំារ៉ៃនោះទេ។

កម្មករប្រហែល២ពាន់នាក់នៃរោងចក្រ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលមានថៅកែជាជនជាតិចិន​រួមគ្នា បានផ្ទុះការតវ៉ាដោយដេកយាមមុខរោងចក្រតាំងពីថ្ងៃទី៨ខែកុម្ភៈរហូតមកដល់ថ្ងៃនេះ បន្ទាប់ពីថៅកែបិទទ្វារត់ចោលដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ បានបញ្ជាទៅក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឲ្យយកថវិកាជាតិទៅដោះស្រាយបញ្ហាកម្មករដែលថៅកែរត់ចោល ដោយថា មិនត្រូវទុកបញ្ហានេះឲ្យកើតឡើងដដែលៗទៀតទេ។

លោកបន្ថែមថា «បន្តការតាមដានឲ្យដិតដល់ និងដោះស្រាយបញ្ហាភ្លាមៗ ទៅហ្នឹងបណ្តារោងចក្រមួយចំនួន ដែលថៅកែរត់ចោលហើយបិទរោងចក្រ ដែលកន្លងទៅនេះឮថា កម្មកររវល់មកជួបមួយយើងអីណេះ ត្រឡប់ ទៅវិញថៅកែរោងចក្ររត់ចោលបាត់ អញ្ចឹងបញ្ហានេះ កុំឲ្យកើតជាជំងឺរាំរ៉ៃ កើតមានស្ថានភាពភ្លាមចុះដោះស្រាយបញ្ហាភ្លាម ដកថវិកាយ៉ាងណាដើម្បីដោះស្រាយនូវប្រាក់បៀវត្សឲ្យកម្មករជំនួសសិន ខ្ចីប្រាក់ពីក្រសួង សេដ្ឋកិច្ចឬ ប្រាក់ក៏ប្រាក់ណាក៏ដោយ ដើម្បីយកមកដោះស្រាយជូនកម្មករ កម្មការនីសិន ជំហ៊ានបន្តចាំយើង ដោះស្រាយរបៀបម៉េចទៀត កុំឲ្យកម្មករគ្នាខ្វះខែក្នុងពេលវេលាហ្នឹង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញទៅមន្ត្រីឲ្យជួយរកការងារជូនកម្មករដែលបាត់បង់ការងារក្រោយថៅកែរោងចក្ររត់ចោលនោះផងដែរ។

តំណាងកម្មករម្នាក់នៅរោងចក្រមួយក្នុងចំណោមរោងចក្រទាំងបួនអ្នកស្រី ហ៊ន សុខឃា បានសាទរពេលឮ ដំណឹងនេះ ហើយអ្នកស្រី ស្នើទៅមន្រ្តីក្រសួងការងារ និងក្រសួងផ្សេងទៀតត្រូវអនុវត្តប្រសាសន៍របស់លោក ហ៊ុន សែន នេះ ដោយថា កម្មករកំពុងជួបផលលំបាកខ្វះខាតជីវភាព។

អ្នកស្រីបន្ថែមថា «សូមឲ្យក្រសួងហ្នឹងធ្វើតាមសម្តេចប្រកាសហ្នឹងមក បើមិនអញ្ចឹងទេពួកខ្ញុំនឹងដាក់ពាក្យទៅ សម្តេចទៀតហើយ ព្រោះការរស់នៅប្រចាំថ្ងៃរបស់កម្មករកំពុងខ្វះមុខខ្វះក្រោយ ដោយអ្នកលុយអ្នកផ្ញើរមកសម្រាប់តែបង់ថ្លៃបន្ទប់ជួលទេ ហើយកម្មករខ្លះដេកយាមមុខរោងចក្ររហូត ហើយអ្នកខ្លះទៅរកការងារកន្លែង ហើយស្រ្តីពោះធំរងផលប៉ះពាល់ខ្លាំងដោយសាររកការងារធ្វើអត់បានទេ»។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ក៏បានសាទរចំពោះយន្តការរបស់រដ្ឋាភិបាលនេះដែរ។

តែយ៉ាងណា លោក ប៉ាវ ស៊ីណា ក៏បានស្នើទៅរដ្ឋាភិបាលឲ្យមានវិធានការផ្លូវច្បាប់ចំពោះថៅកែទាំងឡាយណាដែលបិទទ្វាររត់ចោលអត់ទូទាត់លុយជូនកម្មករ និងត្រូវបង្កើតយន្តថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនកម្មករពេលថៅកែរត់ចោលនោះផងដែរ ដោយថា កំឡុងពេលរងចាំដំណោះស្រាយនោះ គឺកម្មករជួបផលលំបាកច្រើន។

លោកបន្ថែមថា «គួរតែបង្កើតយន្តថ្មីមួយផ្សេងទៀត ដូចអ្វីដែលប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីលោកបាន លើកឡើងអញ្ចឹងថា នៅពេលដែលមានថៅកែរត់ចោលរោងចក្រក្រសួងត្រូវដោះស្រាយភ្លាមៗចំពោះការស្នើសុំថវិកាពីរដ្ឋក្នុងផ្នែកណាមួយ ដើម្បីយកមកដោះស្រាយអំពីអត្ថប្រយោជន៍កម្មករ ដូចជាប្រាក់ខែចុងក្រោយ ដើម្បីឲ្យកម្មករមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដូចជាថ្លៃផ្ទះជួលទឹកភ្លើងចំណីអាហារជាដើមនេះ ហើយសឹមយើងដោះស្រាយបន្តបន្ទាប់ទៀតថាយើងដោះដូចម្តេចចំពោះសំណងដែលនៅសេសសល់»។

រោងចក្រទាំង៤ដែលកាន់កាប់ដោយថៅកែចិនតែមួយនោះមានរោងចក្រ យ៉ូដា ហ្គាមេន រោងចក្រ អ៊ីហ្វា ហ្គាមេន រោងចក្រ អេស អ អ៊ីហ្គាមេន និងមួយផ្សេងទៀត ដែលស្រ្តីម្នាក់បម្រើការងារផ្នែករដ្ឋបាលអះអាងថា រោងចក្រទាំង៤នេះមានកម្មករប្រហែលជិត២ពាក់នាក់។

ក្រៅពីរោងចក្រទាំង៤នេះ គឺមានរោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យក៏ថៅកែរត់ចោលអត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែរ ខណៈរោងចក្រហ្គាវ័ន្តនៅក្រុងតាខ្មៅនិង សង្កាត់ចាក់អង្រែលើ ត្រូវកម្មករដេករោងចក្រដោយសារឃើញថៅកែលួចដឹកឥវ៉ានចេញ ហើយកម្មកររោងចក្រទាំង២នេះ បាននាំគ្នាដេកយាមមុខរោងចក្រជាង២ខែហើយដើម្បីរងចាំដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ