លោក ស ខេង អំពាវនាវឲ្យវិស័យឯកជនចូលរួមសាងសង់ពន្ធនាគារបន្ថែម​

ពន្ធនាគារ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អំពាវនាវទៅវិស័យឯកជនឲ្យចូលរួមជួយសាងសង់ពន្ធនាគារ ដោយថា ចំនួនអ្នកជាប់ឃុំកាន់តែច្រើនឡើង ចំណែកកន្លែងឃុំឃាំងតូចចង្អៀតនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកជាប់ពន្ធនាគារ។

ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៨របស់អគ្គនាយកដ្ឋានពន្ឋនាគារ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លៃងថា លោកមានការបារម្ភចំពោះសុខភាពអ្នកទោស ដោយសារតែកន្លែងដាក់តូចចង្អៀត ខណៈចំនួនអ្នកទោសបានកើនឡើងកាន់តែខ្លាំង ជាពិសេសកំណើនអ្នកទោសជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀនតែម្តង។ លោកណែនាំឲ្យមន្ត្រីជំនាញសិក្សា ដើម្បីរកវិធីសាស្ត្រងាយឲ្យវិស័យឯកជនចូលរួមសាងសង់អគារសម្រាប់ឃុំឃាំង។​​

អ្នកនាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក សន កែវ មានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនវិស័យឯកជនតែមួយទេ ដែលបានចូលរួមសាងសង់ពន្ធនាគារព្រៃស ហើយអគារថ្មីដែលទើបសង់នេះអាចដាក់អ្នកទោសបានប្រហែលជា៤០០នាក់។

លោកថា៖ «បើតាមគម្រោងហើយនៅចុងឆ្នាំនេះ ប៉ុន្តែជាក់ស្ដែងយ៉ាងម៉េចទៀត ខ្ញុំអត់ដឹងទេ​ តាមរយៈគម្រោងគឺគម្រោងនឹងសាងសងឲ្យហើយរួចរាល់នៅចុងឆ្នាំនេះ»។

លោកបន្តថា ពន្ធនាគារដែលទើបសង់ថ្មីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃដដែល​ ប៉ុន្តែអ្នកទោសដែលចង់ចូលស្នាក់នៅក្នុងពន្ធនាគារនោះត្រូវបង់ប្រាក់ ដោយសារ ពន្ធនាគារនោះក្រុមហ៊ុនឯកជនជាអ្នកវិនិយោគ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុកលោក ស៊ឹង សែនករុណា សាទរចំពោះការអំពាវនាវនោះ ប៉ុន្តែលោកថា ក្រសួងគួរតែពិនិត្យមើលការអនុវត្តច្បាប់ ដោយអ្នកទោសណាដែលមិនប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ គឺអាចអនុញ្ញាតឲ្យពួកគេនៅក្រៅឃុំវិញ។

លោកថា៖ «មុននឹងធ្វើការឃុំខ្លួន ទៅលើជនណាម្នាក់ ត្រូវពិចារណារសិទ្ធិសេរីភាពរបស់ពួកគេជាមុនសិន ហើយពិចារណាទៅបទល្មើសហ្នឹង តើវាធ្ងន់ធ្ងរតម្រូវឲ្យពួកគាត់តែនៅក្នុងពន្ធនាគារដែរឬទេ! អញ្ចឹងយើងគួរតែពិចារណាទៅចំណុចទាំងអស់ពីព្រោះច្បាប់មានតម្រូវថា បើសិនជាអ្នកទាំងអស់ហ្នឹងគាត់មិនមានអ្វីដែលខុសទាស់ជាមួយនឹងគោលការណ៍ក្រៅឃុំទេ គួរតែឲ្យគេនៅក្រៅឃុំ»។

បើតាមរបាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចំនួនអ្នកជាប់​ឃុំ​កាលពីឆ្នាំ២០​១៧ មានចំនួនជាង​២៨០០០នាក់ ក្នុង​នោះមាន​ស្ត្រី៤៥០នាក់​ ខណៈឆ្នំា២០១៦ មាន​ប្រមាណ​១៦០០០នាក់  ពោលមានការកើនឡើងជាង១២០០០នាក់ (កើន៧៥%) ហើយអ្នក​ជាប់ឃុំ​ទំាងនោះ ​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿង​​ញៀន​ជាប់​លំដាប់​ថ្នាក់​លេខ១ ​និង​​បទ​ល្មើសឆក់ប្លន់់ជាប់លំដាប់ថ្នាក់លេខ២​។ របាយការណ៍​ថា ការកើនចំនួនអ្នកទោសនេះ នឹងធ្វើឲ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ ប៉ះពាល់​ដល់​អនាម័យ​សុខភាព និង​ការ​បង្ការ​ជំងឺ​ឆ្លងផងដែរ​។ របាយការណ៍បញ្ជាក់ដែរថា ឆ្នាំ២០១៧ អ្នកជាប់ឃុំ​ជាង១០០នាក់បានស្លាប់ដោយសារជំងឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ