សមាជិកសភារបស់ម៉ាល់ឌីវ កាលពីថ្ងៃអង្គារម្សិលមិញ បានអនុម័តដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នជាថ្មីទៀត រយៈពេល១ខែតាមរយៈការស្នើរបស់ប្រធានាធិបតី Abdulla Yameen ក្រោមហេតុផលដើម្បីពង្រឹងសន្តិសុខ និងដោះស្រាយវិបត្តិរដ្ឋធម្មនុញ្ញ។
ប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិក ឥណ្ឌា និងកាណាដា ផងបានជំរុញឲ្យដកបំរាមដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះចេញ ហើយស្តារប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសម៉ាល់ឌីវ ជាប្រទេសដីកោះស្ថិតនៅមហាមុទ្រឥណ្ឌា ដែលសេដ្ឋកិច្ចមួយផ្នែកធំពឹងផ្អែកលើវិស័យទេសចរណ៍។ ប៉ុន្តែចាប់តាំងពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទី១ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៥ខែកុម្ភៈ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសនេះ ប៉ះពាល់យ៉ាងខ្លាំង។ ចំណែកការដាក់ប្រទេសក្នុងសភាពអាសន្នជាលើកទី២នេះ កាន់តែធ្វើឲ្យមានការប៉ះពាល់ខ្លាំងមួយកម្រិតទៀត។
ការដាក់ប្រទេសក្នុងសភាពប្រកាសអាសន្នលើកទី១ បន្ទាប់ពី តុលាការកំពូលសម្រេចលើកលែងការចោទប្រកាន់លើថ្នាក់ដឹកនាំគណបក្សប្រឆាំង៩រូប ហើយបញ្ជាឲ្យរដ្ឋាភិបាលដោះលែង ប៉ុន្តែរដ្ឋាភិបាលជំទាស់ ហើយក៏ប្រើប្រាស់កម្លាំងទ័ពឡោមព័ទ្ធតុលាការកំពូល៕