អគ្គនាយកក្រុមហ៊ុន ASX លាលែងពីតំណែងក្រោយរងការចោទថាបានសូកប៉ាន់ប្រាក់ទៅគ្រួសារលោក ហ៊ុន សែន

លោក Elmer Funke Kupper អគ្គនាយកប្រតិបត្តិនៃផ្សារមូលបត្រ ASX ដែល​ទើប​លាលែង​ពីតំណែង (រូបពី The Sydney Morning Herald)

អគ្គនាយកប្រតិបត្តិនៃផ្សារមូលបត្រដ៏ធំមួយនៅអូស្រ្តាលី ASX (Australia Securities Exchange) បានលាលែងពីតំណែងភ្លាមៗ ខណៈលោកកំពុងរងការស៊ើបអង្កេតពីបទសូកប៉ាន់ទឹកប្រាក់២០ម៉ឺនដុល្លារអូស្ត្រាលី (ប្រមាណ១៥២០០០ដុល្លារអាមេរិក) ទៅគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលលោកធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនល្បែងមួយឈ្មោះTabcorp។ នេះបើតាមសារព័ត៌មានអន្តរជាតិជាច្រើនដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា។

សារព័ត៌មាន ABC អន្តរជាតិ និង​សារព័ត៌មាន​មួយ​ចំនួន​ទៀត​បានផ្សាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុន ASX លោក Elmer Funke Kupper បានលាលែងពីក្រុមហ៊ុនភ្លាមៗនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកត្រូវបានគេស៊ើបអង្កេតទៅលើករណីថា លោកបានដឹងច្បាស់ពីការសូកប៉ាន់ប្រាក់ចំនួន២០ម៉ឺនដុល្លារដុល្លារអូស្ត្រាលីរបស់ក្រុមហ៊ុន Tabcorp ទៅឲ្យ​ក្រុមគ្រួសារ​លោក ហ៊ុន សែន។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC អន្តរជាតិបានឲ្យដឹងថា ការលាលែងពីតំណែងនេះគឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ឲ្យនគរបាលសហព័ន្ធអូស្រ្តាលីធ្វើការស៊ើបអង្កេត ហើយតំណែងរបស់លោកនឹងជំនួសដោយប្រធានក្រុមហ៊ុនគឺលោក Rick Holliday-Smith។

វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផានបាននៅឡើយទេ។ ទោះបីជាយ៉ាងណា លោកបានធ្វើការច្រានចោលការ​ចោទ​ប្រកាន់​ពី​ការពាក់ព័ន្ធ​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី​ទៅ​នឹង​ការ​សូកប៉ាន់ នៅពេលសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ពីការចោទប្រកាន់លើក្រុមហ៊ុនTabcorpកាលពីសប្ដាហ៍មុន ដោយលោកចាត់ទុកថា ព័ត៌មាននោះគ្មានមូលដ្ឋាន។

បើតាមសារព័ត៌មានអន្តរជាតិជាច្រើន ក្នុងឆ្នាំ២០១០ ពេលលោក Funke Kupper ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គេម Tabcorp ក្រុមហ៊ុននេះបានចំណាយប្រាក់២០ម៉ឺនដុល្លារអូស្ត្រាលីទៅឲ្យគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីទទួលបានអាជ្ញាប័ណ្ណបើកការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ