តុលាការ​កោះហៅ​មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា

មេដឹកនាំសហជីព លោក​ ប៉ាវ ស៊ីណា

ប្រ​ធាន​សហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ត្រូវ​តុលាការសាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃអង្គារ​ស្អែកនេះ​ ក្នុង​សំណុំ​រឿង​ក្លែងលិខិតនិង​ផ្តល់ព័ត៌មាន​មិន​ពិត។

ដីកា​កោះ​ចុះ​ថ្ងៃទី​៤​ខែមីនាហើយ​វីអូឌី​ទើ​បតែ​ទទួលបាន​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូងរាជធានីភ្នំពេញ ខាំ សុផារី កោះអញ្ជើញ​លោក ប៉ាវ ស៊ីណា ចូល​តុលាការនៅ​ថ្ងៃទី​២២ខែមីនា វេលាម៉ោង​៤និង​៣០នាទី ដើម្បីសាកសួរ​ពី​សំណុំរឿង​ក្លែង​លិខិត​និងផ្តល់​ព័ត៌មាន​មិនពិត តាម​បណ្តឹង​របស់​ឈ្មោះ គង់ សុភ័ក្រ្ត។​

លោក ប៉ាវ ស៊ីណា ប្រាប់​វីអូឌី(VOD)​តាម​ទូរស័ព្ទនៅ​រសៀលនេះ​ថាលោក​បាន​ទទួល​ដីកាកោះ​នេះ​នៅព្រឹក​ថ្ងៃចន្ទនេះ។ លោក​ថាលោក​មិន​បាន​ដឹង​ថា​​លោកបាន​​ប្រព្រឹត្ត​ករណីនេះ​នៅពេលណានោះទេ។ លោកឲ្យ​ដឹងថាលោកក៏​មិនដែលស្គាល់​បុគ្គល​ដើមបណ្តឹង​ឈ្នោះ គង់ សុភ័ក្រ្ក នោះដែរ។

លោក​បន្ថែមថា៖ “ខ្ញុំ​កំពុង​តែ​ឆ្ងល់ ហើយ​ខ្ញុំ​អត់​ដឹងខ្លួនថាតើ​ខ្ញុំ​ក្លែងបន្លំលិខិត​អ្វី ហើយ​ផ្តល់ព័ត៌មាន​មិនពិតអីខ្ញុំ​អត់ដឹង…ប៉ុន្តែ​ខ្ញុំគ្រាន់​តែអាច​គិតថាប្រហែលអាចពាក់ព័ន្ធនឹង​នីតីវិធីនៃការចុះបញ្ជិកាអីផ្សេងៗដែលជាលេសរបស់និយោជកក្រុមហ៊ុនណាមួយដែលគាត់មាន​បំណងទប់ស្កាត់មិន​ឲ្យចុះ​បញ្ជិកានៅ​ក្រុម​ហ៊ុន​របស់​គាត់​ ដែលជា​ហេតុ​នាំឲ្យគាត់ប្តឹងទប់​ស្កាត់រឿងទាំងអស់ហ្នឹងដែរបាទ”

ទោះ​យ៉ាងណា លោក ប៉ាវ ស៊ីណា បញ្ជាក់ថាលោក​នឹង​ស្នើ​ទៅកាន់​តុលាការពន្យាពេល​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺនេះ ដោយ​លោក​ថា លោក​ត្រូវការ​ពេល​វេលា និង​ពិភាក្សា​ជាមួយមេធាវីជាមុន​សិន។ ​

បើតាម​លោក​ ប៉ាវ ស៊ីណា សព្វថ្ងៃ​លោក​កំពុង​ជាប់បណ្តឹង​ចំនួន​២ ដោយលោកថា​មួយ​ជាប់ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ហិង្សា​​នៅ​ផ្លូវ​វេងស្រ៊េងកាលដើមឆ្នាំ២០១៤និង​បណ្តឹង​មួយ​ទៀត​ទាក់ទងនឹង​បទញុះញង់ឲ្យ​មាន​​អំពើហិង្សានៅ​មុខ​រោង​ចក្រAgile Sweater ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ខែមករា ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ