លោក ហ៊ុន សែន ការពារការរុះរើគណៈរដ្ឋមន្រ្តី ខណៈមានការរិះគន់

លោកនាយករដ្ឋមន្រ្តីថ្លែង​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី នៅថ្ងៃទី​១៦ខែមីនា ឆ្នាំ​២០១៦

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានការពារចំពោះការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ខណៈដែលមានការរិះគន់ថាកំណែទម្រង់នេះធ្វើឡើងមិនទាន់ចំគោលដៅដែលពលរដ្ឋចង់បាន។

ក្នុងពិធីប្រកាសដាក់អោយអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៅព្រឹកថ្ងៃទី២១ខែមិនានេះ លោក ហ៊ុន សែន បានឆ្លើយតបចំៗទៅលើមេដឹកនាំគណបក្សប្រឆាំងនិងអ្នកវិភាគដែលបានរិះគន់ការរុះរើគណៈរដ្ឋមន្រ្តីដែលដាក់មនុស្សដដែលនោះ។  

លោក ហ៊ុន សែន បានលើកឡើងថា៖ ការរើរុះគណៈរដ្ឋមន្រ្តីគេទៅធ្វើអត្ថាធិប្បាយថាមុខដដែលៗ ខ្ញុំគ្រាន់តែផ្ដាំទៅអ្នក អ្នកមុខដដែលៗហ្នឹងហើយបានអ្នកជំនាញអាអ្នកនិយាយ អាបក្សប្រឆាំង មេបក្សប្រឆាំងស្អីហ្នឹងវាមុខដដែល វានិយាយហ្នឹងក៏ដដែលៗ។អញ្ចឹងកត្តាធនធានមនុស្សនៅតែជាកត្តាសំខាន់ ខ្ញុំសុំផ្ដាំអស់លោក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី អាហ្នឹងហើយការផ្លាស់ប្តូរ

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពី​ថ្ងៃ​អាទិត្យម្សិលមិញបានថ្លែងការធ្វើ​កំណែទម្រង់របស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា​នោះមាន​រូបភាព​សើៗមិន​អាច​ឆ្លើយតប​នឹង​តម្រូវការរបស់​ពលរដ្ឋ​បានទេ​។

យ៉ាងណា​ក៏​ដោយ​មេដឹកនាំ​បក្សប្រឆាំង​អះអាងថាការធ្វើ​កែទម្រង់​ស្ថាប័នរដ្ឋរបស់​រដ្ឋាភិបាលនាពេល​បច្ចុប្បន្ន​នេះលោក​ថាជា​ការជំរុញ​មួយផ្នែកធំ​ពី​បក្ស​ប្រឆាំងក្នុង​​ប្រកួតប្រជែង​បែប​ប្រជាធិបតេយ្យ។​

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយ​ចំនួនសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយលោកថាក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នានិងមិនមានតួនាទីច្បាស់លាស់។

គួរបញ្ជាក់ថាថ្មីនេះរដ្ឋាភិបាលការផ្លាស់ប្តូរតួនាទីមន្ត្រីរបស់ខ្លួន២៤នាក់ក្នុងក្រសួងយ៉ាងតិចចំនួន៨និងបញ្ចប់មុខងាររដ្ឋមន្ត្រីចាស់ៗមួយចំនួនដូចជាបញ្ចប់តួនាទីលោក ហោ ណាំហុង ពីរដ្ឋមន្ត្រីក្រសួងការបរទេស បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងបញ្ចប់មុខងារលោក គាត ឈន់ ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។ប៉ុន្តែរដ្ឋមន្រ្តីពីររូបទៀត រួមមានលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលនាយករដ្ឋមន្រ្តី ចាត់ទុកថាអសកម្មជាងគេនោះគឺប្តូរឲ្យទៅកាន់ផ្សេងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ